សព​ទារក​ម្នាក់ ខ្ចប់​ក្រដាស​ទុក​ចោល​នៅ​ក្នុង​បង្គន់​យន្ដហោះ

សាកសពរបស់ទារកដ៏តូចមួយរូប ត្រូវបានរកឃើញ កាលពីយប់​ថ្ងៃអាទិត្យ​កន្លងមកនេះ នៅក្នុងបង្គន់​របស់​យន្ដហោះ នៃ​ក្រុមហ៊ុន​​អាកាសចរណ៍ «Qatar Airways»។ នៅក្នុង​ជើងហោះហើរតែមួយនេះ នគរបាល​ឥណ្ឌូនេស៊ី បាន​ឲ្យ​ដឹង​ថា ស្ត្រីអ្នកដំណើរ​ម្នាក់ទៀត ត្រូវបានឃាត់ខ្លួន។
សព​ទារក​ម្នាក់ ខ្ចប់​ក្រដាស​ទុក​ចោល​នៅ​ក្នុង​បង្គន់​យន្ដហោះ
ក្បាលយន្ដហោះ អ៊ែរប៊ូស (Airbus A330-302) របស់ក្រុមហ៊ុនអាកាសចរណ៍ «Qatar Airways»។ (រូបថតក្រុមហ៊ុន)
Loading...
  • ដោយ: ដារី
  • កែប្រែចុងក្រោយ: October 12, 2016
  • ប្រធានបទ: បទល្មើស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សាកសពរបស់ទារកដ៏តូចម្នាក់ ត្រូវបានរកឃើញ ខ្ចប់នៅក្នុងកញ្ចប់ក្រដាស់អនាម័យ នៅក្នុង​បន្ទប់​បង្គន់​របស់​យន្ដហោះ នៃក្រុមហ៊ុនអាកាសចរណ៍ «Qatar Airways» ដែលបានមកចុះចត នៅព្រលាន​យន្ដហោះ​អន្តរជាតិ «Soekarno-Hatta» ក្បែររដ្ឋធានីចាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃអាទិត្យ។ ការរកឃើញ​ដ៏​អាណោច​អាធមនេះ បានផ្ទុះឡើង បន្ទាប់ពីបុគ្គលិក ខាងបោសសំអាតយន្ដហោះ បានចូលទៅលាង​ជូត​បង្គន់ របស់​យន្ដហោះ​ខាង​លើ ដែលបានហោះចេញ ពីរាជធានី ដូហា (Doha) នៃប្រទេសកាតា (ក្នុង​តំបន់​ឈូង​សមុទ្រ​ពែរ្យ៍)។

អ្នកនាំពាក្យរបស់ព្រលានយន្ដហោះ លោក «Endang Sutrisna» បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា ទារករូបនោះ មានអាយុប្រមាណជា ៥ទៅ៧ខែ ហើយត្រូវបានខ្ចប់ ដោយក្រដាសអនាម័យ និង​ទុក​ចោល នៅក្នុងបន្ទប់បង្គន់។

នៅក្នុងជើងហោះហើរនេះដដែល ស្ត្រីអ្នកដំណើរម្នាក់ ដែលជាពលករជាតិឥណ្ឌូនេស៊ី (ចេញទៅធ្វើការ​នៅ​ក្រៅ​ប្រទេស) ត្រូវបានអាជ្ញាធរ ចាប់បង្ខំ​ឲ្យត្រួតពិនិត្យ​សុខភាព មុននឹងត្រូវបញ្ជូនឲ្យទៅពិនិត្យបន្ថែម នៅឯ​មន្ទីរ​ពេទ្យ ដោយ​​មាន​ភ្នាក់ងារ​នគរបាល អមទៅជាមួយផង។ អាជ្ញាធរឥណ្ឌូនេស៊ី មិនបានបញ្ជាក់ថា ស្ត្រី​រូប​នេះ​​មាន​អ្វី​​ទាក់​ទង ជា​មួយ​​សាកសពទារក ដែលត្រូវបានរកឃើញ នៅក្នុងបង្គន់យន្ដហោះ ឬយ៉ាងណាទេ។

អ្នកនាំពាក្យដដែល គ្រាន់តែបានពន្យល់ថា៖ «ប្រសិនជាលទ្ធផល នៃការត្រួតពិនិត្យ បង្ហាញថាគាត់ (ស្ត្រី​អ្នក​ដំណើរ) មានចំណុចគួរឲ្យសង្ស័យនោះ គាត់នឹងត្រូវបញ្ជូន ទៅឲ្យនគរបាលព្រលានយន្ដហោះ ដើម្បីឲ្យ​អ្នក​ស៊ើប​អង្កេត ធ្វើការសាកសួរ និងស្វែងរកហេតុផល នៃទង្វើរបស់គាត់»។

ប្រទេសមួយចំនួន នៅក្នុងតំបន់មជ្ឈឹមបូព៌ា ដូចជាប្រទេសកាតា អារ៉ាប៊ីសាអូឌីត និងប្រទេសបារ៉ែនជាដើម គឺ​ជា​ទិសដៅដ៏សំខាន់ សម្រាប់ពលករឥណ្ឌូនេស៊ី ក្នុងការចេញទៅរកការងារធ្វើ។ ស្ត្រីឥណ្ឌូនេស៊ីជាច្រើន បាន​ចាក​ចេញ ទៅធ្វើការងារបោសជូត ដាំស្ល ឬថែរក្សាកុមារ ដើម្បីរកប្រាកផ្ញើរត្រឡប់មកគ្រួសារ នៅក្នុង​ប្រទេស​របស់​ខ្លួន​វិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...