ស្ត្រីច្រើននាក់និយាយពី«ដៃមឹក» របស់បេក្ខជន ត្រាំ
- ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៣ តុលា ២០១៦
- កែប្រែចុងក្រោយ: October 13, 2016
- ប្រធានបទ: ឆ្ពោះទៅសេតវិមាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ត្រីជាច្រើននាក់ បាននាំគ្នាបន្ថែមរសជាតិ ឲ្យកាន់តែ«ជូរចត់»ឡើង សម្រាប់យុទ្ធនាការឃោសនា របស់បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ដែលកំពុងស្ថិតក្នុងសភាព«លំបាក»ស្រាប់ តាំងពីវីដេអូដ៏អាស្រូវមួយ ត្រូវបានបែកធ្លាយ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ នៅថ្ងៃពុធម្សិលម៉ិញនេះ ស្ត្រីយ៉ាងហោចពីរនាក់ បានចេញមុខតាមសារព័ត៌មាន «New York Times» ដើម្បីបរិហារបន្ថែមទៀត ពីការប៉ះពាល់ផ្លូវភេទ ដែលស្ត្រីទាំងនោះអះអាងថា ខ្លួនបានរងគ្រោះពីសំណាក់លោក ដូណាល់ ត្រាំ តាំងពីច្រើនសិបឆ្នាំមកហើយ។
លោក ដូណាល់ ត្រាំ បានលាងសម្អាតខ្លួន នៅចំពោះវីដេអូខាងលើថា ការជជែកគ្នា ដែលត្រូវបានថតជាប់នោះ ជាការជជែកបែបឯកជន ហើយលោកមិនដែលមានឫកពាររបៀបនេះ ជាមួយស្ត្រីនោះឡើយ។ ប៉ុន្តែការថ្លែងបែបនេះ បានបង្ខំឲ្យស្ត្រីពីរនាក់ គឺអ្នកស្រី «Jessica Leeds» និង «Rachel Crooks» ចេញមុខបដិសេធ ដោយបកស្រាយថា ការជជែកនៅក្នុងវីដេអូនោះ គឺជាអ្វី ដែលលោក ត្រាំ បានអនុវត្តន៍ នៅក្នុងជីវិតជាក់ស្ដែងដ៏ពិតៗ។
ថ្លែងតាមសារព័ត៌មាន «New York Times» ដោយមានថតជាវីដេអូផង អ្នកស្រី «Jessica Leeds» បាននិយាយថា លោក ដូណាល់ ត្រាំ បានរាវស្ទាបខ្លួនប្រាណអ្នកស្រី នៅពេលដែលអ្នកស្រីអង្គុយនៅជិតលោក នៅក្នុងយន្ដហោះមួយ តាំងពីជាងបីទសវត្សន៍មុន។ ចំណែកអ្នកស្រី «Rachel Crooks» បានអះអាងថា លោក ត្រាំ បានអោបថើបអ្នកស្រី នៅក្នុងឆ្នាំ២០០៥ នៅពេលដែលអ្នកស្រី បានបម្រើការ ជាអ្នកទទួលភ្ញៀវ នៅក្នុងអាគារ «Trump Tower» ដែលជាអាគាររបស់លោក ត្រាំ។ ប៉ុន្តែការអោបថើបនេះ បានទទួលការយល់ព្រម ពីអ្នកស្រី នៅពេលនោះ។
អ្នកស្រី «Jessica Leeds» បានថ្លែងឡើងថា៖ «គាត់ (លោក ត្រាំ) ដូចជាសត្វមឹកមួយក្បាលដូច្នេះ (...) ដៃរបស់គាត់ រាវសព្វទីកន្លែងទាំងអស់»។ អ្នកស្រីបានបន្តទៀតថា បន្ទាប់ពីការរាវស្ទាបនោះមក អ្នកស្រីបានផ្លាស់ប្ដូរកៅអីអង្គុយ នៅក្នុងយន្ដហោះ និងបានសម្រេចចិត្ត មិននិយាយអ្វីទាំងអស់ រហូតលុះត្រា មកដល់យុទ្ធនាការបោះឆ្នោតនៅពេលនេះ ជាពិសេសរហូតដល់ពេល ដែលអ្នកស្រីបានស្ដាប់ឭលោក ត្រាំ បានថ្លែងកាលពីថ្ងៃអាទិត្យនេះ ច្រានចោលនូវការប្រកាន់ឫកពាររបស់លោក បៀតបៀនទៅលើស្ត្រី។
រីឯអ្នកស្រី «Rachel Crooks» បានរំលឹកហេតុការណ៍ នៃការអោបថើបអ្នកស្រី ពីសំណាក់លោក ត្រាំ មកវិញថា នៅពេលនោះ អ្នកស្រីមានអាយុ២២ឆ្នាំ ហើយអ្នកស្រីបានជួប«មេធំ»របស់ខ្លួន ជាលើកដំបូង នៅមុនពេលចូល ទោងយន្ដ (Ascenseur)។ អ្នកស្រីបានថ្លែងទៀតថា បន្ទាប់ពីបានជជែក ចាប់ដៃគ្នា ហើយបានស្គាល់ថា ជាលោក ត្រាំ ហើយនោះ «ស្រាប់តែគាត់ បានចាប់ខ្ញុំអោប និងថើបមាត់ខ្ញុំ»។ អ្នកស្រីថា៖ «ខ្ញុំពិតជាហួសចិត្តណាស់ ដែលគាត់គិតមកខ្ញុំ ជាមនុស្សសំខាន់ រហូតដល់ថ្នាក់ធ្វើបែបនេះ»។
ការអះអាងរបស់ស្ត្រីទាំងពីរនាក់ មិនត្រូវបានស្វាគមន៍ ដោយភរិយាសព្វថ្ងៃរបស់បេក្ខជនប្រធានាធិបតីនោះទេ។ ភរិយាលោក ដូណាល់ ត្រាំ បាននិយាយថា ការលើកឡើងទាំងនោះ មានលក្ខណៈជាការបរិហារកេរ្តិ៍ ជាពិសេសនៅពេល ដែលយុទ្ធនាការបោះឆ្នោត កំពុងស្ថិតក្នុងសភាព ដ៏ក្ដៅគគុកនេះ៕
» វីដេអូ កិច្ចសម្ភាសនៃស្ត្រីទាំងពីរនាក់ ទៅឲ្យសារព័ត៌មាន «New York Times»៖