ត្រាំ៖ «ក្នុង១០ឆ្នាំទៅមុខ ខ្ញុំនឹងយកនាងជាគូកំណាន់»
- ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៣ តុលា ២០១៦
- កែប្រែចុងក្រោយ: October 13, 2016
- ប្រធានបទ: ឆ្ពោះទៅសេតវិមាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រឿងរ៉ាវអាស្រូវ ទាក់ទងនឹងចរិយាឫកពារ របស់លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ នៅបន្តភាគវែងឆ្ងាយណាស់។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ម្ដងហើយម្ដងទៀត បានឆ្កឹះកកាយយករឿងរ៉ាវចាស់ៗ របស់លោក យកមកលាតត្រដាង ជាពិសេសនៅពេលដែលសាធារណមតិ កាន់តែគិតថា ចរិយាឫកពាររបស់លោក នឹងបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល ប្រសិនជាលោកបានជាប់ឆ្នោត ជាប្រធានាធិបតី នៃប្រទេសមហាអំណាចមួយនេះ។
បន្ទាប់ពីការបើកកកាយ ពីសំណាក់ស្ត្រីពីរនាក់ តាមរយៈសារព័ត៌មាន «New York Times» ជុំវិញការប៉ះពាល់បៀតបៀនខ្លួនប្រាណ ទៅលើពួកគាត់ ដោយលោក ដូណាល់ ត្រាំ នោះ នៅយប់ថ្ងៃពុធនេះ បណ្ដាទូរទស្សន៍ «CBS News» បានផ្សាយវីដេអូមួយទៀត ដែលជ្រមុជស្ថានភាពរបស់លោក ត្រាំ ឲ្យធ្លាក់ក្នុងអន្លង់ កាន់តែជ្រៅទៅ។
វីដេអូនោះ ត្រូវបានរៀបចំឡើង ក្នុងកម្មវិធីលើកដំបូងមួយឈ្មោះ «Entertainment Tonight» ដែលជាកម្មវិធីទូរទស្សន៍ សម្រាប់ពិធីបុណ្យ ណូអែល ដែលធ្វើឡើង តាំងពីឆ្នាំ១៩៩២។ តាមរយៈរូបភាព ដ៏ចំណាស់ទាំងនោះ គេឃើញលោក ដូណាល់ ត្រាំ ដែលកាលនោះ មានអាយុ៤២ឆ្នាំ បានជួបជាមួយកុមារីជំទង់ៗមួយក្រុម នៅនឹងជើងជណ្ដើរយន្ដ នៃអាគារ «Trump Tower» ដ៏ខ្ពស់ស្កឹមស្កៃរបស់លោក។ បើតាមសម្លេង ដែលគេស្ដាប់ឮ តាមរយៈវីដេអូទាំងនោះ កុមារីម្នាក់ដែលលោក ត្រាំ ជជែកជាមួយ មានអាយុ ទើបតែជាង១០ឆ្នាំប៉ុណ្ណោះ។
លោក ត្រាំ បានសួរទៅនាងតូចនោះថា៖ «អ្នកឯង ចង់ឡើងជណ្ដើរយន្ដឬ?» កុមារីម្នាក់នោះ បានឆ្លើយមកវិញ ថាត្រឹមត្រូវហើយ នាងចង់ឡើងជណ្ដើរយន្ដ។ បន្ទាប់ពីសួរនាងតូចរួច លោក ដូណាល់ ត្រាំ បានងាកមករកកាម៉េរ៉ា ដែលកំពុងថតរូបលោក ហើយបានថ្លែងឡើងថា៖ «ក្នុងរវាង១០ឆ្នាំ ទៅមុខទៀត ខ្ញុំនឹងយកនាងម្នាក់នេះ ជាគូកំណាន់។ អ្នកឯងយល់ឬទេ?»។
រឿងរ៉ាវរអិលមាត់ជ្រុល របស់លោក ត្រាំ មិនមែនទើបនឹងកើតមាន ជាលើកទីមួយនោះទេ ជាពិសេសជាមួយបណ្ដាស្ត្រី ដែលមានរូបសម្ផស្សស្អាតៗ។ កាលពីឆ្នាំ២០០៦ នៅលើកម្មវិធីទូរទស្សន៍មួយ អនាគតបេក្ខជនប្រធានាធិបតីអាមេរិករូបនេះ បានថ្លែងនៅចំពោះ មុខកូនស្រីរបស់លោក ឈ្មោះ អាយវេនកា ត្រាំ (Ivanka Trump) ដែលមានវត្តមាន ក្នុងកម្មវិធីនោះដែរថា៖ «ខ្ញុំសូមនិយាយឲ្យច្បាស់ ថាប្រសិនជានាង មិនមែនជាកូនស្រីខ្ញុំទេ ខ្ញុំប្រហែលជាយកនាង ជាគូកំណាន់ហើយ»៕