ហ៊ីឡារី គ្លីនតុន នៅ​មាន​សំណាង​ ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី

នៅមាន​«សេណារីយូ (Scénario)»មួយទៀត ដែលអ្នកស្រី ហ៊ីឡារី គ្លីនតុន អាចក្លាយទៅជាម្ចាស់​សេតវិមានបាន។ ប៉ុន្តែ​សំណាង​មួយ​នេះ មាន​កម្រិត​តូច​ចង្អៀត​ជា​ទី​បំផុត។ តើសេណារីយ៉ូ បែប​ណា​ទៅ? សុំអានការពន្យល់ ដូច​ខាង​ក្រោម។
ហ៊ីឡារី គ្លីនតុន នៅ​មាន​សំណាង​ ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី
អ្នកស្រី ហ៊ីឡារី គ្លីនតុន ចូលខ្លួនទៅឆ្លើយ នៅចំពោះព្រឹទ្ធសភាអាមេរិក បន្ទាប់ពីលាលែង ចេញពីតំណែងជារដ្ឋមន្ត្រីការបរទេស។ (រូបថត Reuters)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី១០ វិច្ឆិកា ២០១៦
  • កែប្រែចុងក្រោយ: November 12, 2016
  • ប្រធានបទ: ឆ្ពោះទៅសេតវិមាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រសិនជាប្រព័ន្ធបោះឆ្នោតអាមេរិក ឈរនៅលើមូលដ្ឋានសកល បានន័យថា ឈរលើសម្លេង ដែលទទួល​បាន​ដោយ​ផ្ទាល់ ពី​ពលរដ្ឋ​ម្ចាស់ឆ្នោតនោះ អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) នឹងក្លាយជា​ប្រធានាធិបតី​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ ព្រោះអ្នកស្រី​ទទួលបាន​សន្លឹកឆ្នោតសរុប នៅទូទាំងប្រទេស ច្រើនជាងលោក ដូណាល់ ត្រាំ (Donald Trump) រហូតដល់ទៅជាង ៥០០ ០០០សម្លេង។

ផ្ទុយទៅវិញ នៅក្នុងលទ្ធផលជាផ្លូវការ លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ ទទួលសម្លេងឆ្នោត ដែលគិតជា តំណាង​ម្ចាស់​ឆ្នោត (ឬហៅម្យ៉ាងទៀត តំណាងរាស្ត្រប្រចាំមណ្ឌល) បាន២៩០តំណាងម្ចាស់ឆ្នោត  ទល់នឹងអ្នកស្រី ហ៊ីឡារី គ្លីនតុន ដែល​ទទួល​បាន​ត្រឹមតែ ២២៨តំណាងម្ចាស់ឆ្នោតប៉ុណ្ណោះ។ នោះ ព្រោះ​តែ​ប្រព័ន្ធ​បោះឆ្នោត ជ្រើសតាំងប្រធានាធិបតី របស់ប្រទេសមហាអំណាច ធ្វើឡើង​តាម​មូលដ្ឋាន «អសកល» ឬ​«ដោយ​មិន​ផ្ទាល់»។

យ៉ាងណា បេក្ខនារីមកពីគណបក្សប្រជាធិបតេយ្យ អាចនៅមានសំណាង ដ៏«តូចចង្អៀត»មួយទៀត ដែល​អាច​ធ្វើ​ឲ្យ​អ្នកស្រី ក្លាយ​ជាប្រធានាធិបតី​អាមេរិក​បាន។ នោះ គឺដោយសារតែក្រុមអ្នកតំណាងម្ចាស់ឆ្នោត ដែលទើបនឹង​ទទួល​​សម្លេង​​ឆ្នោត កាល​ពីថ្ងៃទី៨ ខែវិច្ឆិកាមុននេះ នឹង​ត្រូវ​ធ្វើការ​បោះឆ្នោត​ដោយ​ផ្ទាល់ ដើម្បីជ្រើសតាំង​ជា​ផ្លូវ​ការ នូវ​​ប្រធានាធិបតី និងអនុប្រធានាធិបតី នៃសហរដ្ឋអាមេរិក នៅថ្ងៃទី១៩ ខែធ្នូ​ខាង​មុខ។

តំណាងម្ចាស់ឆ្នោតប្ដូរឆន្ទះ...

អ្វីៗអាចនឹង«ក្រឡាប់ចាក់» ព្រោះថា វាគ្មានអ្វីអាចមករារាំង ក្រុមអ្នកតំណាងម្ចាស់ឆ្នោត ថាមិនឲ្យផ្លាស់ប្ដូរចិត្ត ក្នុង​​ការបោះឆ្នោត ផ្ដល់ការទុកចិត្ត​ទៅលើបេក្ខជនមួយទៀត ផ្សេងពីលោក ដូណាល់ ត្រាំ នោះឡើយ។ អ្នក​តំណាង​ម្ចាស់​ឆ្នោត​ទាំងនោះ មានទាំងសិទ្ធិ ក្នុងការបោះឆ្នោត«អនុប្បវាត»នោះទៀត។

ប៉ុន្តែ វាជារឿងកម្រជាទីបំផុត ដែលតំណាងម្ចាស់ឆ្នោតមួយរូប បាន«ក្បត់ឆន្ទះ»របស់ពលរដ្ឋម្ចាស់ឆ្នោត ដែល​បាន​បោះឆ្នោត​ទុកចិត្ត​បេក្ខជន​ម្នាក់ ឲ្យក្លាយជាប្រធានាធិបតី បែរជាតំណាងរបស់ខ្លួន ប្ដូរចិត្តទៅគាំទ្រ​បេក្ខជន​ផ្សេង​ទៅ​វិញ​នោះ។ នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក ក្រុមអ្នកតំណាងម្ចាស់ឆ្នោត ច្រើនជាង ៩៩% បាន​បោះឆ្នោត​គ្រាំទ្រ​​បេក្ខជន​ប្រធានាធិបតី ដែលទទួលសម្លេងឈ្នះ នៅក្នុងការបោះឆ្នោតលើកទីមួយ។

ករណីនេះ ធ្លាប់កើតមាន...

ករណី«ប្ដូរឆន្ទះ»ចុងក្រោយគេបំផុត របស់អ្នកតំណាងម្ចាស់ឆ្នោត ដូចគ្នានឹងការពន្យល់ខាងលើនេះ បានកើត​ឡើង​នៅឆ្នាំ២០០៤៖ អ្នកតំណាងម្ចាស់ឆ្នោតម្នាក់ នៅក្នុងរដ្ឋ«Minnesota» បានបដិសេធ មិនបោះឆ្នោត​ឲ្យ​លោក «John Kerry» តែបែរជាផ្ដល់​សម្លេង​របស់​ខ្លួន ទៅគាំទ្រលោក «John Edwards» ទៅវិញ។ នៅ​ពេល​នោះ លោក «Bush» ដែល​បាន​ឈ្នះ​ឆ្នោត នៅតែក្លាយជា​ប្រធានាធិបតី ដូច​លទ្ធផល​នៃ​ការ​បោះឆ្នោត​លើក​ដំបូង​ដដែល។

ដូច្នេះ បើមើលតាមបទពិសោធន៍ខាងលើ អ្នកស្រី ហ៊ីឡារី គ្លីនតុន ពិតជាអាចមានសំណាងមែនហើយ តែពិបាក​នឹង​រក​សម្លេង​គាំទ្រ ពីសំណាក់ក្រុមអ្នកតំណាងទាំងនោះ ឲ្យបានគ្រប់គ្រាន់ណាស់ (ត្រូវរកឲ្យបានយ៉ាង​តិច ២៧០​​សម្លេង)។ តែនរណាអាចដឹងបាន ថា​តើ​ក្រុម​សមាជិក របស់គណបក្សប្រជាធិបតេយ្យ អាច​នឹង​ធ្វើការ​ជា​«សម្ងាត់» ដើម្បីបញ្ចុះបញ្ចូលក្រុមអ្នកតំណាងម្ចាស់ឆ្នោត ដែល​មាន​និន្នាការ ស្និតនឹងគណបក្សសាធារណរដ្ឋ និង​មិន​ចូលចិត្ត​លោក ដូណាល់ ត្រាំ ឲ្យផ្លាស់ប្ដូរចិត្តនោះ?

បើសិនជា​មាន​រឿង​ក្រឡាប់​ចាក់ដូច្នេះ​កើត​ឡើង​មែន នោះវាជាព្រឹត្តិការណ៍ដំបូងមួយហើយ នៅក្នុង​ប្រវត្តិ​សាស្ត្រ​​រាប់​រយ​​ឆ្នាំ​​កន្លង​មក របស់សហរដ្ឋអាមេរិក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...