ធ្លាក់យន្ដហោះដឹកកីឡាករបាល់ទាត់ប្រេស៊ីល៖ នៅរស់៦នាក់
- ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៩ វិច្ឆិកា ២០១៦
- កែប្រែចុងក្រោយ: November 29, 2016
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមកីឡាបាល់ទាត់មួយ របស់ប្រទេសប្រេស៊ីល បានជិះនៅក្នុងយន្ដហោះមួយគ្រឿង ដែលបានជួបគ្រោះអកុសល ធ្លាក់បោកខ្លួន នៅក្នុងប្រទេសកូឡំប៊ី ក្នុងយប់ថ្ងៃចន្ទនេះ។ ក្រុមកីឡាករនោះ មានឈ្មោះជាផ្លូវការថា «Associação Chapecoense de Futebol» ដែលត្រូវទៅប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌ«Copa Sud americana» ទល់នឹងក្រុម «Atletico Nacional» នៅក្នុងប្រទេសកូឡំប៊ី នៅថ្ងៃពុធស្អែកនេះ។ បើតាមទីភ្នាក់ងារព័ត៌មានបារាំង «AFP» បានរាយការណ៍ នូវដំណឹងបឋមថា មានមនុស្សនៅរស់រានមានជីវិត ៦នាក់។
យន្ដហោះបានធ្លាក់បោកខ្លួន នៅវេលាម៉ោង២២ជាង (ម៉ោងក្នុងស្រុក) នៅលើជ្រលងភ្នំ «Cerro Gordo» នៃខេត្ត«La Union» របស់ប្រទេសកូឡំបី ដែលជាតំបន់ភ្នំ ព័ទ្ធជុំជិតដោយព្រៃដ៏ក្រាស់។ យន្ដហោះ បានហោះចេញពីព្រលានយន្ដហោះ «Santa Cruz» នៃប្រទេសបូឡូវី ហើយត្រូវទៅចុះ នៅព្រលានយន្ដហោះអន្តរជាតិ នៃក្រុង «Medellin» ដែលស្ថិតនៅចំងាយប្រមាណជា ៥០គីឡូម៉ែត្រ ពីចំណុចដែលយន្ដហោះធ្លាក់។
អ្នកនាំពាក្យរបស់អកាសចរណ៍ស៊ីវិល នៃប្រទេសកូឡំប៊ី បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងថា៖ «បើតាមរបាយការណ៍ ដែលយើងទទួលបាន បានឲ្យដឹងថា យន្ដហោះ បានបាត់ខ្លួន ពីប្រព័ន្ធត្រួតពិនិត្យផ្លូវអាកាស នៅម៉ោង២១ និង៣០នាទី (ម៉ោងក្នុងស្រុក) ហើយគ្រោះថ្នាក់់ធ្លាក់យន្ដហោះ ត្រូវបានឲ្យដឹង នៅម៉ោង២២ និង៣៤នាទី»។ អ្នកនាំពាក្យដដែលបានបញ្ជាក់ថា គណៈកម្មការមួយ ត្រូវបានបង្កើតឡើង នៅព្រលានយន្ដហោះ «Medellin» ដើម្បីគ្រប់គ្រងស្ថានការណ៍ នៃគ្រោះធ្លាក់យន្ដហោះនេះ។
ខ្វះប្រេងឥន្ទនៈ?
ភ្លាមៗ ក្រោយការធ្លាក់យន្ដហោះ អាកាសចរណ៍ស៊ីវិលកូឡំប៊ី បានអះអាង នៅលើទំព័រទ្វីសធើររបស់ខ្លួនថា ដំណើរទៅកាន់តំបន់ ដែលយន្ដហោះបានធ្លាក់ អាចធ្វើទៅបាន តាមតែមធ្យោបាយផ្ទាល់ដីប៉ុណ្ណោះ ដោយហេតុបណ្ដាលមកពីស្ថានភាពឧត្តុនិយម ថាមានភាពអាក្រក់ខ្លាំង។
អភិបាលក្រុង «La Ceja» ដែលស្ថិតនៅក្បែរខេត្ត «La Union»បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន «AFP» ថា៖ «តាមទំនងមើលទៅ យន្ដហោះបានជួបបញ្ហាភ្លាមៗ បណ្ដាលមកពីខ្វះប្រេងឥន្ទនៈ»។ បើតាមអភិបាលរូបនេះដដែល បានបញ្ជាក់ទៀតថា ក្រុមអ្នកជួយសង្គ្រោះ បានទៅដល់កន្លែងកើតហេតុរួចរាល់ ហើយមជ្ឈមណ្ឌលសុខភាព ដែលនៅក្នុងតំបន់ក្បែរនោះ ក៏បានត្រៀមខ្លួនជាស្រេចដែរ ក្នុងការទទួលព្យបាលអ្នករងរបួស៕