ការ​បាត់​យន្ដហោះ MH370 ធ្វើ​ឲ្យ​ផែនទី​បាត​សមុទ្រ​ថ្មី​មួយ ចាប់​បដិសន្ធិ

ដោយសារតែការបាត់យន្ដហោះ ម៉ាឡេស៊ីអ៊ែរឡាញ MH 370 ទើប​ក្រុមអ្នកវិទ្យាសាស្ត្រ សម្រេច​បាន​នូវ​ការបង្កើត​ផែនទី​សណ្ឋាន​ដី​បាត​សមុទ្រ​ថ្មី​មួយ ជាមួយនឹងរង្វាស់ខ្នាតលំអិត វាស់ដោយប្រព័ន្ធផ្កាយរណប។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៤ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 05, 2014
  • ប្រធានបទ: វិទ្សាសាស្ត្រ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាមួយ​នឹង​ការ​សិក្សា​ថ្មី​មួយ ដែល​បាន​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ ក្រុម​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ បាន​សម្រេច​បាន​នូវ​ផែនទី​សណ្ឋាន​ដី​ថ្មី​មួយ ដែល​នឹង​លាត​សន្ធឹង​ប្រមាណ​ជា​៨០% នៃ​បាត​សមុទ្រ​របស់​ផែនដី។

លោក​សាស្ត្រាចារ្យ ដៀតម៉ា មីល័រ (Dietmar Muller) មក​ពី​សកល​វិទ្យាល័យ ស៊ីដនី (ប្រទេស​អូស្ត្រាលី) បាន​ថ្លែង​ពន្យល់​ថា៖ «ការ​បាត់​យន្ដហោះ MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា កាល​ពី​ជាង​៦ខែ​មុន បាន​ធ្វើ​ឲ្យ​យើង​ដឹង​ខ្លួន ពី​ការ​ស្គាល់​មិន​ច្បាស់ ជុំ​វិញ​សណ្ឋាន​ដី និង​ជម្រៅ​បាត​សមុទ្រ។ យើង​បាន​ស្គាល់​ពី​ស្ថានភាព​ដី របស់​ភព​ព្រះ​អង្គារ បាន​ច្បាស់​ជាង​សណ្ឋាន​ដី នៅ​បាត​សមុទ្រ​របស់​ផែនដី។»

ផែនទីថ្មីនេះ ត្រូវបានសម្រេចជារូបរាង ជាមួយនឹងការវាស់វែងដែលមានច្បាស់លាស់ខ្លាំងបំផុត នៃប្រព័ន្ធ​ផ្កាយរណប CryoSat 2 របស់ភ្នាក់ងារអវកាសអ៊ឺរ៉ុប និងផ្កាយរណប Jason 1 របស់ភ្នាក់ងារអវកាសណាហ្សា (NASA) របស់អាមេរិក។ ដូច្នេះផែនទីថ្មី ស្ដីពីសណ្ឋានដីបាតសមុទ្រ នឹងមានភាពលំអិតរបស់វា យ៉ាងហោច ១០ដងច្រើនជាង ផែនទីដែលបានផ្សាយ កាលពីជាង២០ឆ្នាំមុន។

ពីមុន សណ្ឋានដី និងជម្រៅនៃបាតមហាសមុទ្រ ត្រូវបានស្រង់ដោយឧបរកណ៍ស្ទង់មួយ ដែលត្រូវបានបញ្ជា​ពីលើនាវាមួយទៅ។ ប៉ុន្តែបច្ចេកទេសនេះ មិនត្រឹមតែស្រង់មិនបានច្បាស់ ទៅលើសណ្ឋានដី និងជម្រៅ​សមុទ្រ​ប៉ុណ្ណោះទេ តែថែមទាំងចំណាយថវិការយ៉ាងច្រើនសន្ធឹកសន្ទាប់ ហើយត្រូវប្រើរយៈពេល​យូរនោះ​ថែម​ទៀត។ លោកសាស្ត្រាចារ្យ មីល័រ បានបញ្ជាក់ថា៖ «គេត្រូវប្រើពេលប្រមាណជា២០០ឆ្នាំ ដើម្បីធ្វើផែនទី​បាត​សមុទ្រ​នេះ ដោយប្រើបច្ចេកទេសបញ្ជាពីលើនាវា ហើយត្រូវចំណាយអស់ច្រើនពាន់លានដុល្លារ»។

គេបានរកឃើញយ៉ាងច្បាស់បន្ថែមទៀត នូវភ្នំនៅបាតសមុទ្រច្រើនរាប់ពាន់ ដែលភ្នំខ្លះ មានកំពស់ដល់ទៅ​ជាង​១០០០​ម៉ែត្រ។ អ្នកវិទ្យាសាស្ត្រម្នាក់ ដែលធ្វើផែនទីនេះ បានពន្យល់ថា៖ «ឥឡូវនេះ អ្នកអាចមើលដឹង​យ៉ាង​ច្បាស់ ពីភ្នំលាក់ខ្លួនទាំងឡាយ ដែលជាទេសភាពរួមគ្នា នៅលើផែនដីយើងនេះ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...