បន្ទាប់​ពី​រងចាំ​អស់​៤៤​ឆ្នាំ ស៊ន សៀវម៉ី ហៅ​ព្រលឹង​កីឡា​ខ្មែរ​មក​វិញ​បាន​សម្រេច

បន្ទាប់​ពី​​រង់ចាំអស់រយៈពេល ៤៤ឆ្នាំ​ ​ក្រុមកីឡាករ​កម្ពុជា ​បានបើកទំព័រប្រវត្តិសាស្ត្ររបស់ខ្លួន ​ដោយ​បាន​ឈ្នះ​មេដាយ​មាស​ជាថ្មីឡើងវិញ ក្នុងល្បែងអាស៊ី​ហ្គេម​ លើក​ទី ១៧ នៅ​​ទីក្រុង អ៊ិនឆេអន (Incheon) ប្រទេសកូរ៉េខាងត្បូង។ កីឡាការិនី ដែល​បាន​ឈ្នះមេដៃមាសនោះ ឈ្មោះនាងកញ្ញា ស៊ន សៀវម៉ី សម្រាប់វិញ្ញាសារ តៃក្វាន់ដូ (Taekwondo)។
បន្ទាប់​ពី​រងចាំ​អស់​៤៤​ឆ្នាំ ស៊ន សៀវម៉ី ហៅ​ព្រលឹង​កីឡា​ខ្មែរ​មក​វិញ​បាន​សម្រេច
កីឡាការិនីកម្ពុជា កញ្ញា ស៊ន សៀវម៉ី នៅអាស៊ីហ្គេមលើកទី១៧។ (រូបថត Incheon Asian Games)
Loading...
  • ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៣ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 05, 2014
  • ប្រធានបទ: មេដាយមាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្រាប់​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​ទាំង​មូល ការ​ឈ្នះ​បាន​មេដាយ​មាស ពី​ការ​ប្រកួត​កីឡា​ធំៗ មាន​លក្ខណៈ​ជា​អន្តរជាតិ ដូច​កីឡា​អាស៊ី​ហ្គម​លើក​ទី១៧​នេះ ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ។

មាន​អាយុ ១៩ឆ្នាំ ​ម្ចាស់​​មេដាយ​មាស វិញ្ញាសារ​​តៃ​ក្វា​ន់​ដូ​​កម្ពុជា កញ្ញា ស៊ន សៀវម៉ី បាន​នាំ​កិត្តិយស​យ៉ាង​ធំធេង​មួយ ទៅ​ឲ្យ​ប្រទេស​របស់​នាង បន្ទាប់​ពី​នាង​បាន​ផ្ដួល​កីឡាការិនី ហ្វាតេម៉េដ រូហានី (Fatemeh Rouhani) មក​ពី​​ប្រទេស​​អ៊ីរ៉ង់ ​នៅ​ក្នុង​ការ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ ជា​មួយ​នឹង​ពិន្ទុ ៧-៤។ មុន​នឹង​មក​ជួប​កីឡាការិនី​ជាតិ​អ៊ីរ៉ង់​នេះ កីឡាការិនី​កម្ពុជា បាន​ផ្តួល​កីឡាការិនី​ជាតិ​ហ្វីលីពីន​ នាង អាឡូរ៉ា គីស្ទីរ អេឡេន (Alora Kirstie Elaine) រួច​ហើយ នៅក្នុង​ពិន្ទុ ៦-៥។

នៅថ្ងៃដែលនាង សៀវម៉ី បានទទួលជ័យជំនះនោះ គឺជាថ្ងៃចុងក្រោយបង្អស់ នៃការប្រកួតកីឡារ អាស៊ីហ្គេម លើកទី១៧នេះ ហើយក្រុមកីឡាករកម្ពុជាទាំងមូល ប្រហែលបានបាត់បង់ក្ដីសង្ឃឹមទៅហើយ ក្នុងការ​ដណ្ដើម​បានមេដាយមាស ពីក្នុងឱកាសជំនួបថ្នាក់តំបន់មួយនេះ។ ប៉ុន្តែបន្ទាប់ពីការជួបប្រកួតចុងក្រោយ រវាង ស៊ន សៀវម៉ី និង ហ្វាតេម៉េដ រូហានី សភាពការណ៍បានផ្លាស់ប្ដូរភ្លាមមួយរំពេច។ ប្រទេសកម្ពុជា ដែល​គេ​គិតថា ធ្លាប់​​តែ​មាន​ចំណាត់ថ្នាក់មិនសូវល្អ ខាងចំនួនមេដាយទទួលបាន នៅក្នុងរៀងរាល់ការប្រកួត​កន្លង​មកនោះ បាន​លោត​រំលង មកដណ្ដើមចំណាត់ថ្នាក់ទី២៨ ពីក្នុងចំណោមប្រទេសចូលរួមប្រកួតទាំងអស់ ៤៥ នៅ​ក្នុង​ការ​ប្រកួត​លើក​នេះ។

នេះជាមេដាយមាសថ្មី បន្ទាប់ពីមេដាយមាសលើកមុន ក្នុងឆ្នាំ១៩៧០ ដែលប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា បានកត់ត្រានៅក្នុងការប្រកួតកន្លងមក សម្រាប់វិញ្ញាសារប្រដាល់។ គួរឲ្យស្ដាយដែលពីឆ្នាំ១៩៧០ រហូតមក​ដល់ឆ្នាំ១៩៩៨ ប្រទេសកម្ពុជាបានជាប់ផុងទៅក្នុងសង្គ្រាមរាំងជល់ ហើយវិស័យកីឡា ក៏មិនដែលមាន​សភាព​ស្វាហាប់ ឲ្យបានរឹងមាំនោះដែរ។

ហ៊ុន សែន ដូរកាលវិភាគ ចាំជួបកីឡាការិនី

ប្រទេសកម្ពុជាទាំងមូល បានផ្ទុះអំណរសាទរ ពីការឈ្នះមេដាយមាសនេះ។ នៅតាមបណ្ដាញសង្គម រូបភាព​និង​ពាក្យពេជ្រអបអរសាទរជាច្រើន ត្រូវបានចុះផ្សាយ និងចែករំលែកតៗគ្នាព្រោងព្រាត។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្លាស់ប្ដូរកាលវិភាគរបស់លោកភ្លាមៗ ដើម្បីទទួលជួប កញ្ញា ស៊ន សៀវម៉ី និង​ក្រុម​កីឡាករកម្ពុជា ក្នុងវិមានរដ្ឋាភិបាល (វិមានសន្តិភាព) នៅយប់ថ្ងៃអាទិត្យទី៥ ខែតុលានេះ ដែលជាថ្ងៃ​មាតុភមិ​និវន្តន៍ របស់​ក្រុម​កីឡាករ​កម្ពុជា ពីប្រទេសកូរ៉េខាងត្បូង។

សូមរំលឹកដែរថា ក្រុមកីឡាករ​កម្ពុជា បានទៅចូល​រួម​ប្រកួត​ប្រជែង ​នៅ​ក្នុងវិញ្ញាសារ​ហែល​ទឹក​, វាយ​កូន​បាល់​, កីឡា​វាយ​កូន​បាល់​ទន់​, បាល់ទះ​ឆ្នេរ​ខ្សាច់​, អត្តពលកម្ម​, តៃក្វា​ន់​ដូ​និង​ចំបាប់​។ ទោះ​បី​ជា​ប្រទេស​កម្ពុជា​ មិន​អាច​រក​បាន​មេ​ដា​យ​ នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្សេង​ទៀត​ក៏ដោយ តែមេដាយមាសដ៏វិសេសវិសាល ដែលកញ្ញា ស៊ន សៀវម៉ី ទទួលបាន បានផ្ដល់សញ្ញាមួយថា នេះជាការចាប់ផ្ដើមសារជាថ្មីមួយហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...