កូន​របស់ អ៊ូសាម៉ា ប៊េនឡាដេន ប្រកាស​វាយ​ប្រហារ​សងសឹក​ឲ្យ​ឪពុក

មេបណ្ដាញភេរវនិយម អាល់កៃដា (Al-Qaïda) លោក អ៊ូសាម៉ា ប៊េនឡាដេន (Oussama Ben Laden) ត្រូវបាន​កង​កម្លាំង​ពិសេស​អាមេរិក ចូលទៅ​សម្លាប់​ដល់​គេហដ្ឋាន តាំងពី៥ឆ្នាំកន្លង​ទៅ​ហើយ។ នៅពេលនេះ កូនរបស់លោក អ៊ូសាម៉ា ឈ្មោះ ហាមហ្សា ប៊េនឡាដេន (Hamza ben Laden) បានប្រកាស​ធ្វើការ​សងសឹក​ឲ្យ​ឪពុក​របស់ខ្លួន តាម​រយៈ​ខ្សែ​អាត់​សម្លេង​មួយ ដែលត្រូវ​បាន​យក​មក​បង្ហោះ នៅតាម​ប្រព័ន្ធ​អ៊ិនធើណែត។
កូន​របស់ អ៊ូសាម៉ា ប៊េនឡាដេន ប្រកាស​វាយ​ប្រហារ​សងសឹក​ឲ្យ​ឪពុក
អតីតមេដឹកនាំបណ្ដាញ អាល់កៃដា លោក អ៊ូសាម៉ា ប៊េន ឡាដេន នៅមុនការរកឃើញ របស់ភ្នាក់ងារសម្ងាត់អាមេរិក។ (រូបថតឯកសារ)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១១ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 13, 2016
  • ប្រធានបទ: ភេរវនិយម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសវ័យក្មេងឈ្មោះ ហាមហ្សា ប៊េនឡាដេន (Hamza ben Laden) ដែលត្រូវបានផ្នែកចារកម្មអាមេរិក ចាត់​​ទុក​​ជា​កូនប្រុស​​សំណប់​ចិត្ត របស់លោក អ៊ូសាម៉ា ប៊េនឡាដេន (Oussama Ben Laden) នោះ គឺជា«តោ»​ដ៏​ខ្លាំង​មួយ​រូប នៅ​ក្នុង​អង្គការ​ចាត់តាំង នៃបណ្ដាញភេរវនិយម អាល់កៃដា (Al-Qaïda)។

នៅក្នុងខ្សែអាត់ ដែលត្រូវបានយកមកផ្សាយ នៅតាមបណ្ដាញអ៊ិនធើណែត បុរស ហាមហ្សា បានប្ដេជ្ញា​យ៉ាង​ម៉ឺងម៉ាត់ ថាខ្លួននឹងធ្វើការ«សងសឹក»ឲ្យឪពុករបស់ខ្លួន ដែលបានស្លាប់ក្រោមប្រតិបត្តិការពិសេស របស់​កង​កម្លាំង​អាមេរិក នៅក្នុងគេហដ្ឋាន​ដ៏សម្ងាត់មួយ (ក្នុងប្រទេសប៉ាគីស្ថាន) កាលពីឆ្នាំ២០១១កន្លងទៅ។ នេះ​បើ​តាម​ការ​ផ្សាយឲ្យដឹង របស់ការិយាល័យ «SITE» ដែលមាន​ជំនាញ ខាងការតាមដាន​​បណ្ដាញ​ភេរវនិយម​នានា នៅ​ក្នុង​ពិភពលោក។

បន្តវាយប្រហារប្រឆាំងអាមេរិក...

លោក ហាមហ្សា ប៊េនឡាដេន បានអំពាវនាវឲ្យបន្តបុព្វហេតុ​នៃឪពុករបស់ខ្លួន ក្នុងការប្រយុទ្ធ​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក។ បុរសវ័យក្មេង បានថ្លែងឲ្យដឹងថា៖ «យើងនឹងបន្តវាយប្រហារលើអ្នកឯង ហើយនឹងកំណត់មុខព្រួញ នៅ​​ក្នុង​ប្រទេសអ្នកឯង ឬនៅក្រៅប្រទេស ដើម្បីជាការឆ្លើយតប ទៅនឹងការធ្វើទុក្ខបុកម្នេញ ទៅលើប្រជាជន​នៅ​តំបន់​​ប៉ាឡេស្ទីន នៅប្រទេសអាហ្វហ្គានីស្ដង់ ស៊ីរី អ៊ីរ៉ាក់ យ៉េមេន សូម៉ាលី និងទៅលើប្រជាជន ដែលកាន់​សាសនា​អ៊ីស្លាម នៅក្នុងទឹកដីផ្សេងទៀត ដែលសុទ្ធតែបានស្លាប់ទៅ ទាំងក្ដីឈឺចាប់ខ្លោចផ្សារ»។

កូនប្រុសសំណប់ចិត្ត របស់អតីតមេបណ្ដាញ អាល់កៃដា បានបន្តទៀតថា៖ «ហើយអ្វី ដែលជាការឆ្លើយតប របស់​ប្រជាជាតិអ៊ីស្លាម សម្រាប់មហាឧបជ្ឈា អ៊ូសាម៉ា (ហៅឪពុកខ្លួន ថាជាមហាឧបជ្ឈា) ដែលព្រះអាឡាហ៍ បាន​សម្ដែង​​សេចក្ដី​អាណិតចំពោះលោកនោះ វាមិនមែនជាការសងសឹក ឲ្យរូបលោកតែម្នាក់ឯងទេ តែវាជា​ការ​សង​សឹក​ឲ្យ​​បណ្ដា​​វីរៈបុរស​ទាំងឡាយ ដែលបានបូជាជីវិត ដើម្បីការពារសាសនាអ៊ីស្លាម»។

បុរសវ័យក្មេងម្នាក់នេះ ទើបតែមានអាយុប្រមាណជាងម្ភៃប៉ុណ្ណោះ ប៉ុន្តែបានចម្រើនវ័យ នៅក្នុងកុមារភាព​​របស់​ខ្លួន នៅតាមតំបន់ភ្នំនានា នៅក្នុងប្រទេសអាហ្វហ្គានីស្ដង់ ជាមួយនឹងឪពុករបស់ខ្លួន។ យុវជន ហាមហ្សា ទំនង​​ជា​បាន​ភៀសខ្លួន ចូលក្នុងទឹកដីប៉ាគីស្ដង់ បន្ទាប់ពីភេរវកម្មប្រឆាំងអាគារភ្លោះ នៅក្រុងញ៉ូយក សហរដ្ឋ​​អាមេរិក ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ២០០១ និងប្រតិបត្តិការសិករបស់កងទ័ពអាមេរិក ប្រឆាំងប្រទេស​អាហ្វហ្គានីស្ដង់​​នោះមក។

តោដ៏ខ្លាំងមួយរូប...

ប៉ុន្តែរហូតមកដល់ថ្ងៃនេះ គ្មាននរណាម្នាក់ដឹងថា បុរសវ័យក្មេងរូបនេះលាក់ខ្លួននៅទីណាឡើយ។ នៅក្នុង​ឯកសារ ដែលកងកម្លាំងអាមេរិកបានរកឃើញ នៅក្នុងគេហដ្ឋានសំងាត់ បានឲ្យដឹងថា លោក អ៊ូសាម៉ា ទំនង​ជា​បាន​​ទុក​ដាក់​​កូន​របស់​លោកម្នាក់នេះ ទៅឲ្យមេដឹកនាំផ្សេងទៀត នៅក្នុងអង្គការភេរវកម្ម អាល់កៃដា ដើម្បីជួយ​ទំនុក​​បំរុង និង​មើល​ការ​ខុសត្រូវ។

ក្រោយមកទៀត នៅក្នុងអាត់សម្លេងមួយ ដែលផ្សាយនៅខែសីហា ឆ្នាំ២០១៥ មេដឹកនាំថ្មីរបស់ក្រុម អាល់កៃដា ឈ្មោះ អៃម៉ាន អាល់-ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri) បានប្រកាសបង្ហាញយុវជននេះ ជា«តោ»​ដ៏​ខ្លាំង​មួយ​រូប របស់​បណ្ដាញភេរវនិយម។

បើនិយាយរំលឹកឡើងវិញ នេះ​មិនមែនជាលើកទីមួយទេ ដែលបុរសវ័យក្មេង ឈ្មោះ ហាមហ្សា ប៊េនឡាដេន បាន​បញ្ចេញឈ្មោះ បញ្ចេញសម្លេងរបស់ខ្លួន នៅតាមបណ្ដាញអ៊ីនធើណែត។ យ៉ាងហោចណាស់ កាលពី​ខែ​​ឧសភា ឆ្នាំកន្លងទៅ «តោ»ខ្លាំងឈ្មោះ ហាមហ្សា រូបនេះ បានបញ្ចេញសារជាសម្លេងដូច្នេះម្ដងដែរ ដើម្បី​បង្រួប​បង្រួម កង​កម្លាំងរំដោះដើម្បីសេរីភាព (Moudjahidine) នៅក្នុងប្រទេសស៊ីរី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...