អ្នក​ទោស​ហែក​គុក ដើម្បី​ជួយ​សង្គ្រោះ​អ្នក​យាម​ខ្លួន

ជនជាប់ឃុំចំនួន៨នាក់ ដែលមានដៃជាប់ខ្នោះ និងជើងជាប់ច្រវាក់ទាំងអស់ បានរុញទ្វាចំរឹងដែក នៃបន្ទប់​ឃុំឃាំង​របស់​ពួកគេ រហូតទាល់តែរបើក​ ដើម្បីចេញ​ទៅជួយ​សង្ក្រោះ​អ្នកយាមគុក​មួយ​រូប ដែលបានរងគ្រោះ​យ៉ាងទាន់ហន់ នូវ​អាការៈ​គាំង​បេះ​ដូង។
អ្នក​ទោស​ហែក​គុក ដើម្បី​ជួយ​សង្គ្រោះ​អ្នក​យាម​ខ្លួន
ទិដ្ឋភាពនៃជនជាប់ឃុំទាំង៨នាក់ ដែលបាន​គាស់ទ្វា​នៃបន្តប់ដាក់ឃុំ រហូតទាល់តែរបើក បានដើរចេញ មកជួយ​សង្គ្រោះអ្នក​យាមរបស់ខ្លួន។ (រូបផ្តិតពីវីដេអូ)
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១២ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 12, 2016
  • ប្រធានបទ: វីរៈភាព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទោះខ្លួនជាជនល្មើស ក៏អាចក្លាយជាវីរៈជនបានដែរ នៅថ្ងៃណាមួយ។ ដូចជាក្រុមអ្នកជាប់ឃុំ​នេះជាដើម ដែល​ខ្លួនសុទ្ធតែជាប់ខ្នោះដៃ ជាប់ច្រវាក់ជើង តែបានបង្ខំហែកគុកដែល​ដាក់ពួកគេ ដើម្បីចេញទៅជួយសង្គ្រោះ អ្នក​យាម​គុក​ម្នាក់ ដែលរងគ្រោះនឹងអាការៈគាំងបេះដូង។ ហេតុការណ៍បានកើតឡើង នៅក្នុងតុលាការក្រុង «Parker» នៃ​រដ្ឋ​តិចសាស់ ភាគខាត្បូងសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែមិថុនាកន្លងទៅ ហើយត្រូវ​បាន​ទូរទស្សន៍ «ABC» របស់អាមេរិក ​យកមករាយការណ៍​នៅចុងសប្ដាហ៍មុន។

អ្នកយាមគុក​ម្នាក់នេះ បានរងនូវអាការៈ​ដែលអាចអស់ជីវិត និងបានដួលពីលើកៅអី ដូចដែលបានបង្ហាញ​នៅក្នុង​រូបភាពនៃវីដេអូសុវត្ថិភាព របស់បន្ទប់ក្នុងតុលាការ។ នៅចំពោះហេតុការណ៍នេះ អ្នកជាប់ឃុំទាំង៨នាក់ ដែល​មាន​ដៃ​ជាប់​ខ្នោះ និងជើងជាប់ច្រវាក់ បានស្ទុះងើបឡើង ហើយស្រែករកជំនួយ។ តែដោយមិនឃើញ​កិច្ច​អន្តរាគមន៍​ភ្លាមៗ​​ពី​​សំណាក់មន្ត្រីអាជ្ញាធរផ្សេងទៀតនោះ ពួកគេទាំងនេះបានរុញទ្វាចំរឹង នៃបន្ទប់ឃុំឃាំង (ជាបន្ទប់​ឃុំ​ឃាំង​បណ្ដោះ​អាសន្ន នៅក្នុងតុលាការ) រហូតទ្វានេះរបើកឡើង។

អ្នកយាមគុករូបនោះ មានកាំភ្លើង និងសោរគុក (រួមទាំងសោរខ្នោះ) នៅជាប់នឹងខ្លួន...

ក្រុមអ្នកជាប់ឃុំ បានបន្តដាល់តប់ខ្លាំងៗ ទៅលើទ្វាមួយទៀត ដើម្បីបង្ខំឲ្យអ្នកដែលនៅខាងក្រៅ អាចឮ​ការស្រែក​រក​ការ​​សង្គ្រោះ​​របស់ពួក​​ខ្លួន។ អ្នកជាប់ឃុំម្នាក់ បានពន្យល់ប្រាប់ស្ថានីយទូរទស្សន៍ថា ពួកគេបានដឹង​ពីទំហំ​គ្រោះ​ថ្នាក់ ដែល​​អាច​កើតមាន ទៅលើអ្នកយាមគុកម្នាក់នោះ និងមានការភ័យភិតយ៉ាងខ្លាំង នៅពេលដែលឃើញ​កង​កម្លាំង​​​​យាម​គុក​ផ្សេង​ទៀត បានចូលមកក្នុងបន្ទប់នោះ ដោយតម្រង់ចុងកាំភ្លើង ដាក់ពួកគេ។

ចំណែកភ្នាក់ងារម្នាក់ ពីក្នុងចំណោមភ្នាក់ងារយាមគុកផ្សេងទៀត ដែលបានចូលទៅដល់ក្នុងបន្ទប់នោះ ក៏​បាន​ថ្លែង​ដែរ ពីការភ្ញាក់ផ្អើលដ៏ខ្លាំងរបស់ខ្លួន បន្ទាប់ពីបានចូលទៅក្នុងបន្ទប់ ហើយឃើញអ្នកជាប់ឃុំ​ទាំងអស់​នេះ នៅក្រៅចម្រឹងដែក និងអ្នកយាមម្នាក់ នៅដេកដួលផ្ទាល់ដី។ ជាពិសេសទៅទៀតនោះ គឺអ្នកយាម​គុក​ដែល​​រង​គ្រោះ​​នោះ មានកាំភ្លើង និងសោរគុក (រួមទាំងសោរខ្នោះ) នៅជាប់នឹងខ្លួនផង។ ផ្ទុយទៅវិញ ពីក្នុង​ចំណោម​​អ្នក​ជាប់​ឃុំទាំងនេះ មិនមាននរណាម្នាក់ មានគម្រោង ឬបំណងដើម្បីរត់គេចខ្លួនឡើយ តែបាន​ត្រឡប់​​ចូល​​ទៅ​​ក្នុង​​បន្ទប់​ចំរឹង​ដែកវិញ យ៉ាងស្ងៀមស្ងាត់។

» រឿងរ៉ាវលំអិត សូមទស្សនាវីដេអូខាងក្រោម (ជាភាសាអង់គ្លេស)៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...