បន្ត​រក​ចាប់​ខ្លួន​តំណាង​រាស្រ្ត​ប្រឆាំង ដោយ​តុលាការ​រាជធានី​ភ្នំពេញ

តំណាងរាស្រ្ត៥រូប និងយុវជនម្នាក់ មកពីគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេច​ចោទ​ប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃសរកាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤។ ឯតំណាងរាស្រ្ត និងក្រុមយុវជនមួយចំនួនទៀត មកពីគណបក្សសង្គ្រោះជាតិ ក៏នឹងត្រូវតុលាការមួយនេះចេញដីកា ចោទប្រកាន់ និង​បន្តឃុំខ្លួនជាបន្តបន្ទាប់ នាពេលខាងមុខនេះដែរ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៧ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 17, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តំណាងរាស្រ្ត៥រូប និងយុវជនម្នាក់ មកពីគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេច​ចោទ​ប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃសរកាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤។ ឯតំណាងរាស្រ្ត និងក្រុមយុវជនមួយចំនួនទៀត មកពីគណបក្សសង្គ្រោះជាតិ ក៏នឹងត្រូវតុលាការមួយនេះចេញដីកា ចោទប្រកាន់ និង​បន្តឃុំខ្លួនជាបន្តបន្ទាប់ នាពេលខាងមុខនេះដែរ។


លោកស្រី មូរ សុខហួរ និងបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិពីររូបទៀត នៅមុខទីលាន ប្រជាធិបតេយ្យ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)

ប្រព័ន្ធយុត្តិធម៌ - តំណាងរាស្រ្តជាប់ឆ្នោត ខេត្តបន្ទាយមានជ័យមកពីគណបក្សសង្រ្គោះជាតិ លោក ឡុង រី ក្នុងវិទ្យុ​អាស៊ីសេរីកាលពីយប់ថ្ងៃទី១៦ ខែកក្កដា បានថ្លែងថាបន្ទាប់ពីឃុំខ្លួនមន្រ្តី និងបេក្ខជនតំណាងរាស្រ្ត ទាំង៦នាក់របស់​គណបក្សសង្គ្រោះជាតិ លោកបានទទួលព័ត៌មានថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់រូបលោក និងលោក នុត រំដួល ជាបន្ត។ តែនៅពុំទាន់ទទួលបានដីកានោះនៅឡើយទេ លោកបានសន្និដ្ឋានថា ដីកានេះអាច​ពាក់ព័ន្ធនឹងការប្រើហិង្សា នៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដានេះ។

យ៉ាងណាក៏ដោយ លោក ឡុង រី និងលោក នុត រំដួល បានស្វាគមន៍ដីកាណាមួយរបស់តុលាការ ហើយថាលោកនឹង​មិន​រត់​ទៅណាឡើយ។

លោក ព្រំ សុខា ក្រុមចរចាមកពីគណបក្សប្រជាជនកម្ពុជា ក្នុងសន្និសីទកាសែតកាលថ្ងៃទី១៦ ខែកក្កដា នៅទីស្តីការ​ក្រសួងយុត្តិធម៌​ បានលើកឡើងចំពោះមុខបណ្តាអង្គទូតនានា និងតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា  ដែលមន្រ្តីរាជរដ្ឋាភិបាលបានអញ្ជើញមកនោះថា ការចាប់ខ្លួនតំណាងរាស្រ្ត និងក្រុមយុវជនមកពី​គណបក្សសង្គ្រោះ​ជាតិនោះរឿង«បទល្មើស»ប៉ុណ្ណោះ មិនមានពាក់ព័ន្ធ នឹងរឿងចចារផ្នែកនយោបាយ ឬការចាប់បង្ខំឲ្យគណបក្ស​សង្គ្រោះជាតិចូលមកចចារនោះឡើយ។ លោកថ្លែងថា៖ «ខ្ញុំថាមិនមែនទេ មកដល់​ម៉ោង​នេះ ប្រហែលគ្មានអ្នកណា​បង្ខំគាត់បានទេ។ មួយឆ្នាំហើយ ទោះបីជាអង្វរសុំឲ្យគាត់យោគយល់ ដល់ស្មារតី​បង្រួប​បង្រួមជាតិ ដើម្បីជៀសវាង​ការបែកបាក់ជាតិ។ (…) យើងខំធ្វើគ្រប់លទ្ធភាពរង់ចាំ ដើម្បីឲ្យគាត់អញ្ជើញទៅធ្វើការ​ក្នុងសភា។ (…) មិនមាន​ន័យ​ថា ការចាប់កាលពីម្សិលមិញនោះ បង្ខំពួកគាត់ មិនមែនទេ»។

ក្នុងសំនួរដេញដោលជាច្រើននៃអង្គស្ថានទូត និងតំណាងអង្គការសហប្រជាជាតិ ក្នុងកិច្ចជំនួបនោះ​ត្រូវបានសរុប​មកវិញ ដោយលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងថាការធ្វើបាតុកម្មរបស់មន្រ្តី នៃគណបក្ស​សង្រ្គោះជាតិ ធ្វើឡើងក្នុងរូបភាពនយោបាយ ដែលមានថ្នាក់ដឹកនាំនៅពីក្រោយ ជាមួយនិងការញុះញង់ឲ្យមាន​ការរើសអើងនានា។

សម្រាប់អង្គការសង្គមស៊ីវិលប្រមាណ៨អង្គការកាលពីថ្ងៃទី១៦ ខែកក្កដា ក៏បានរួមគ្នាចេញញ្ញតិសម្តែងការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ចំពោះព្រឹត្តិការណ៍ប៉ះទង្គិចគ្នាកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដានេះ។ ក្រុមអង្គការ​សង្គម​ស៊ីវិលទាំងនោះ ស្នើឲ្យមាន​ការ​ស៊ើបអង្កេតមួយ ឲ្យបានហ្មតចត់ ដោយឯករាជ្យ មានតម្លាភាព និងយុត្តិធម៌ទៅ​លើ​ជនដែលបានបង្កនូវ​ហេតុការណ៍​នៃ«ហិង្សា»នោះ ជាពិសេសត្រូវគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់បាតុកម្ម​ដោយសន្តិវិធី។

ការសាកសួរចោទប្រកាន់ប្រឆាំងតំណាងរាស្ត្រទាំង៥រូប និងយុវជនម្នាក់នោះ ត្រូវបានសាលាដំបូងរាជធានី​ភ្នំពេញ​​ចំណាយពេលស្ទើពេញមួយថ្ងៃ មុននិងសម្រេចបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារព្រៃស រង់ចាំសវនាការ​ជម្រះនា​ពេល​ក្រោយ។ មន្រ្តីសិទ្ធិមនុស្ស ដែលចាំឃ្លាំមើលដំណើរការនីតិវិធី នៃការសាកសួរនេះ បានបញ្ជាក់ថា​ ជនទាំង៦រូប ត្រូវ​បានចោទប្រកាន់ពី​បទ​ធ្វើ«កុបកម្ម» តាមមាត្រា ៤៥៩ និងពីបទផ្តើមគំនិតបង្កហិង្សា ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ មានស្ថានទម្ងន់ទោស តាមមាត្រា២៨ មាត្រា២១៨ និង មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌថ្មី។ ឯទោសជាប់ពន្ធនាគារ​ ដែលជនជាប់ឃុំ​នឹងត្រូវទទួល អាចមានរយៈពេលរវាងពី២០ឆ្នាំ ទៅ៣០ឆ្នាំ។

ការប្រកាសចោទប្រកាន់ដោយតុលាការនេះ ត្រូវបានសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅមុខតុលាការប្រតិកម្មភ្លាមៗ ដោយចោទប្រកាន់ថា ការសម្រេចនេះ កំពុងបំពានទៅលើសេរីភាពនៃការបញ្ចេញមតិ និងបុព្វសិទ្ធនៃតំណាងរាស្ត្រ ព្រមទាំងស្នើសុំឲ្យមានការទម្លាក់ចោល នូវបទចោទទាំងនោះ។

សូមបញ្ជាក់ថា លោកស្រី មូរ សុខហួរ ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែ «ម២» ដែលជាកន្លែង​អ្នកទោសជាស្ត្រី និងអនីតិជន។ ឯលោក ហូរ វ៉ាន់ លោក មែន សុថាវរិន្ទ្រ រៀល ខេមរិន្ទ្រលោក កែវ ភីរម្យ និងយុវជន អឿ ណារិត ត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែ «ម១»។

ការចោទប្រកាន់ និងការចាប់ខ្លួនភ្លាមៗ នៃបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត មកពីគណបក្សសង្គ្រោះជាតិ ត្រូវបាន​ធ្វើឡើង បន្ទាប់ពីហិង្សាមួយបានផ្ទុះឡើងនៅក្បែរទីលានប្រជាធិបតេយ្យកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា។ ហិង្សានេះ​បង្កឲ្យក្រុមសន្តិសុខខណ្ឌជាង៣០នាក់ និងបាតុករជាង១០នាក់រងរបួស ស្របពេលដែល គណបក្សសង្គ្រោះជាតិ​ទាមទារ ដោះលែងទីលានប្រជាធិបតេយ្យឲ្យមានសេរីភាពឡើងវិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...