«រនាតស្នេហ៍»​សែន​ក្រុង​ពាលី​៣​ដង ព្រោះ​មាន​ខ្មោច​ចូល​សណ្ឋិត​ក្នុង​តួ

រឿង «រនាតស្នេហ៍» បានដំណើរការថតបន្តទៅទៀតជាធម្មតា បន្ទាប់ពីខ្សែភាពយន្តភាគមួយនេះ បានធ្វើពិធីសែន​ក្រុង​ពាលី​លើកទី៣ រួចរាល់។ ធ្វើពិធីសែនដល់ទៅ៣ដង ព្រោះកន្លងមក នៅក្នុងដំណើរការថតខ្សែភាពយន្ដភាគនេះ មានវិញ្ញាណខ្មោច ចូលសណ្ឋិតក្នុងតួសម្តែង។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 17, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រឿង «រនាតស្នេហ៍» បានដំណើរការថតបន្តទៅទៀតជាធម្មតា បន្ទាប់ពីខ្សែភាពយន្តភាគមួយនេះ បានធ្វើពិធីសែន​ក្រុង​ពាលី​លើកទី៣ រួចរាល់។ ធ្វើពិធីសែនដល់ទៅ៣ដង ព្រោះកន្លងមក នៅក្នុងដំណើរការថតខ្សែភាពយន្ដភាគនេះ មានវិញ្ញាណខ្មោច ចូលសណ្ឋិតក្នុងតួសម្តែង។


ឈុតឆាកមួយ នៅក្នុងរឿង «រនាតស្នេហ៍» ក្នុងពេលកំពុងថត។ (រូបថត ហ្វេសប៊ុក)

ភាពយន្ត - «រនាតស្នេហ៍»ជាខ្សែ ភាពយន្តភាគថ្មីមួយទៀតរបស់ផលិតកម្ម រ៉ុក ដែលនិយាយពី កំណើតស្នេហា​របស់សង្សាមួយគូនៅខេត្តសៀមរាប។ ខ្សែភាពយន្តថ្មីនេះ មាន៦០ភាគ ត្រៀមសម្រាប់ដាក់បញ្ចាំងនៅកញ្ចក់​ទូរទស្សន៍ស៊ីធីអ៊ិន។ រីឯសាច់រឿងវិញ មានពីររសជាតិក្នុងរឿងតែមួយ គឺសម័យ និងបុរាណ ដែលឆ្លុះបញ្ចាំងពី​សុបិន្ដ​ដែលលើលោកនេះ គ្មាននរណាអាចបង្គាប់បញ្ជាបាន។ តួឯកប្រុសស្រី ដែលសម្ដែងក្នុងភាពយន្ដនេះ គឺកញ្ញា ម៉ម ស្រីពៅ និងលោក សុធា ពិសិដ្ឋ។

អ្វីដែលគួរឲ្យខ្លាច និងនឹកស្មានមិនដល់នោះ រឿង «រនាតស្នេហ៍»នេះ នៅក្នុងពេលកំពុងដំណើរការថតលើទឹកដី ខេត្តសៀមរាប ដែលថតបានបានជិត ១០ ភាគហើយ មានហេតុការណ៍ចម្លែកបានកើតឡើង នោះគែអ្នកដឹកនាំ​ក៏​ដូចជាតារាសម្ដែងមួយចំនួន ត្រូវបានវិញ្ញាណ​ខ្មោចចូលសណ្ឋិតស្ទើរគ្រប់ៗគ្នា។

តាមរយៈទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Ctn Cheysur បានឱ្យដឹងថា រឿងនេះបានដំណើរ​ថតជាធម្មតា​វិញ​ហើយ ក្រោយពីធ្វើពិធីក្រុងពាលីលើកទី៣រួច។ ប្លែកពីខ្សែភាពយន្តដទៃទៀត រឿងនេះត្រូវបានធ្វើពិធីក្រុងពាលី រហូត​ដល់ទៅ៣ដង ដោយនៅក្នុងនោះ បានធ្វើឡើងនៅ កៀនស្វាយម្ដង និង ក្នុងខេត្តសៀមរាប២ដង ព្រោះមាន​វិញ្ញាណ​ខ្មោចចូលសណ្ឋិតក្នុងតួរសម្តែងស្ទើរគ្រប់ៗគ្នា។

តាមការរៀបរាប់របស់លោក ផាត់ យុទ្ធ ជាជំនួយការផលិត ដែលដកស្រង់សម្តីដោយគេហទំព័រក្នុងស្រុកមួយ បាន​រៀបរាប់ ពីមូលហេតុ និងហេតុការដែលបានធ្វើពិធីក្រុងពាលីនៅ ស្រុកកៀនស្វាយថា ពេលក្រុងពាលីនោះ ព្រះសង្ឃ​បានឃើញ ខ្មោចចេញមកអង្គុយ ក្រុងពាលីជាមួយគ្នា ហើយបាននិយាយជាមួយតួឯកស្រី និងអ្នកផ្សេងទៀត ប៉ុន្តែ​ព្រះសង្ឃមិនបានប្រាប់ ហេតុការណ៍ទាំងអស់នោះ ឱ្យមនុស្សគ្រប់គ្នាបានដឹងឡើយ។

ជំនួយការផលិតរូបនេះបាន បញ្ជាក់បន្ថែមថា ពេលមកដល់ កុដិវិញ ព្រះសង្ឃអង្គនោះ បានទស្សន៍ទាយហើយ ឃើញថារឿងដែលកំពុងតែថតនោះ គឺជារឿងពិតរបស់ស្ដេចពីដើម ហើយការធ្វើពិធីក្រុងពាលី នៅ ស្រុក​កៀនស្វាយ​នោះ មិនត្រឹមត្រូវតាមក្បួនខ្នាតឡើយ ដាច់ខាតត្រូវតែធ្វើពិធីក្រុងពាលី សាជាថ្មី បើមិនដូច្នោះទេ អ្នកដឹកនាំ ក៏ដូចជា តួសម្ដែងមួយចំនួន នឹងត្រូវស្លាប់។

បើតាមលោក សាន វិសាល ជាអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងផ្ទាល់ បានសង្ខេបពីដំណើររឿងថា ដើមឡើយមាន​លោកតាបីនាក់ជាសម្លាញ់នឹងគ្នា។ លោកតាទី១ឈ្មោះ រិទ្ធីពោ នៅខេត្តពោធិសាត់ តាទី២ឈ្មោះ ភូមិន្ទ នៅសៀមរាប ទាំងពីរនាក់ ជារនាតឯកញីឈ្មោល។ លោក តាទី៣ឈ្មោះ សុគន្ធ ជាអ្នកនិពន្ធបទចម្រៀង “រនាតដួងចិត្ត” ឲ្យលោក​តា រិទ្ធីពោ និងតាភូមិន្ទច្រៀង។

ក្រោយមកលោកតាទាំង៣ បានព្រាត់គ្នាស្លាប់ ក្នុងនោះលោកតា រិទ្ធីពោ បានចងកធ្វើអត្តឃាត ក្រោយមកភរិយាដ៏​ស្រស់ស្អាតរបស់ខ្លួនត្រូវបានអ្នកមានអំណាចចាប់យក និងក្រោយពេលដែលខ្លួនឯង បានជួបគ្រោះពិការដៃ​មិន​អាច​លេងរនាត ដែលខ្លួនស្រឡាញ់ទៀតបាន។ ឯលោកតា ភូមិន្ទ បានស្លាប់តាមក្រោយដឹងថាតា រិទ្ធីពោ សម្លាញ់របស់​ខ្លួនស្លាប់។

រនាតញីឈ្មោលរបស់ពួកគាត់ ទាំងពីរត្រូវបានយកទៅតម្កល់នៅខេត្តសៀម។ ចំណេរក្រោយមក កូនប្រុសរបស់​លោកតា រិទ្ធីពោ ឈ្មោះ «បាកាន» ដែលបានទៅនៅវត្តជាមួយលោកក្រោយឪពុកស្លាប់នោះ បានចម្រើនវ័យដល់​វ័យកំលោះ ហើយចេះតែសុបិនឃើញនារីម្នាក់លេងរនាតប្រគំបទ «រនាតដួងចិត្ត» ឯនារីជាតួឯកឈ្មោះ «និរតី» ក៏ចេះសុបិនឃើញតួប្រុសដែរ រហូតស្រឡាញ់គ្នាក្នុងសុបិន។

ទីបំផុតសុបិន ដែលគ្មាននរណាបង្គាប់បញ្ជានោះ ក៏បានរសាត់បាត់ពីពួកគេទាំងពីរ ធ្វើឱ្យពួកគេអន្ទះសាចង់ជួបគ្នា តែមិនដឹងជួបនៅឯណា។ ប៉ុន្តែដោយសារឧបនិស្ស័យ ពួកគេបានជួបគ្នាលើទឹកដីខេត្តសៀមទាំងនឹកស្មានមិនដល់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...