ស ខេង បញ្ជាឲ្យទប់ស្កាត់ការធ្វើបាតុកម្មទូទាំងប្រទេស
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 17, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ផ្អែកលើមូលដ្ឋានការពារកុំមានសកម្មភាពញុះញង់ អុចអាលបង្កឲ្យមានអំពើហិង្សា ក្រោមរូបភាពនៃការធ្វើបាតុកម្ម កូដកម្ម និងការទាមទារតវ៉ានានា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកស ខេង បានដាក់កំហិត ដល់បណ្តាខេត្តទាំងអស់ ត្រូវទប់ស្កាត់ សកម្មភាពទាំងនោះ។ ការចេញបទបញ្ជារបស់ក្រសួងមហាផ្ទៃ ធ្វើឡើងភ្លាមៗ បន្ទាប់ពីការចាប់ឃាត់ខ្លួនបេក្ខជនតំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិ ដែលនាំឲ្យមានប្រតិកម្មទាមទារឲ្យដោះលែងជាបន្ទាន់។
លោក សរ ខេង ថ្លែងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
សិទ្ធិ - ក្នុងលិខិតមួយច្បាប់ ចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង នៅគ្រាចុងក្រោយនេះ បានបញ្ជាក់ថា៖ «ក្រសួងមហាផ្ទៃស្នើឧត្តមអភិបាលរាជធានីខេត្ត ណែនាំដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ឲ្យស្រាវជ្រាវ និងចាត់វិធានការណ៍ស្របច្បាប់ ក្នុងករណីមានសកម្មភាពញុះញង់ អុចអាលបង្កឲ្យមានអំពើហិង្សា ក្នុងសង្គម តាមគ្រប់រូបភាព»។
បទបញ្ជានេះ បានធ្វើឡើងបន្ទាប់ពីការប៉ះទង្គិចដ៏ហិង្សាមួយ បានកើតឡើងនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ម្សិលម៉ិញនេះ រវាងក្រុមបាតុករដឹកនាំដោយក្រុមបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ និងក្រុមសន្តិសុខឯកជន ដែលជួលដោយសាលាខណ្ឌ និងសាលារាជធានី។ ការប៉ះទង្គិចនោះ បានធ្វើមនុស្សមិនតិចជាង៤០នាក់ បានរងរបួសទាំងសងខាង។ ប៉ុន្តែមកទល់នឹងថ្ងៃទី១៦ ខែកក្កដានេះ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត គណបក្សសង្គ្រោះជាតិចំនួនប្រាំរូប និងយុវជនជាសកម្មជនមួយរូប ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារព្រៃសរ។
ដោយមិនបញ្ជាក់ចំឈ្មោះ លិខិតដដែលរបស់លោក ស ខេង នោះបានពន្យល់ថា កន្លងមកក្រុមអនាធិបតេយ្យនានា បានដើរធ្វើសកម្មភាពញុះញង់ អុចអាលប្រឌិតបញ្ហានានាក្នុងសង្គម បំផុសប្រជាពលរដ្ឋឲ្យប្រើអំពើហិង្សា និងសកម្មភាពរំលោភច្បាប់ក្រោមរូបភាព នៃការប្រមូលផ្តុំធ្វើបាតុកម្ម កូដកម្ម និងការទាមទារតវ៉ានានា ប៉ុនប៉ងឲ្យមានអស្ថិរភាពនយោបាយ និងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម។
ផ្ទុយពីបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃខាងលើ លោក ស៊ូរិយ៉ា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានស្នើដល់រដ្ឋាភិបាលកម្ពុជា គម្បីទម្លាក់ចោលភ្លាមនូវការរឹតបន្តឹង ដែលកំពុងដាក់ទៅលើការជួបប្រជុំគ្នារបស់ពលរដ្ឋកម្ពុជា។
ក្នុងសេចក្ដីអំពាវនាវមួយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានកាលពីថ្ងៃទី១៦ ខែកក្កដាម្សិលម៉ិញនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា៖ «ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាល ឲ្យធានានូវសិទ្ធិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ស្ដីពីការជួបប្រជុំដោយសន្តិវិធី សម្រាប់ប្រជាជនកម្ពុជាទាំងអស់។»
លោក ស៊ូរិយ៉ា ស៊ូប៊ែឌី ក្នុងអំឡុងពេលមកបំពេញបេសកម្មនៅកម្ពុជា នៅប៉ុន្មានខែមុននេះ បានព្រមានថាប្រទេសកម្ពុជាអាចនឹងជួបវិបត្តិជ្រាលជ្រៅមួយ ដែលនាំឲ្យមានផលលំបាកក្នុងការដោះស្រាយ ប្រសិនបើរដ្ឋាភិបាលប្រទេសកម្ពុជា គ្មានឆន្ទៈពិតប្រាកដក្នុងការធ្វើកំណែទម្រង់។
ប្រធានស្តីទីរបស់គណបក្សសង្រ្គោះជាតិលោក កឹម សុខា ក្នុងសន្និសីទការសែតនៅថ្ងៃម្សិលមិញបានពន្យល់ថា ការប៉ះទង្គិចគ្នា ក្នុងការធ្វើបាតុកម្មកន្លងមក ភាគច្រើនផ្តើមចេញពីសមត្ថកិច្ចរដ្ឋាភិបាល ហើយថាការការចាប់ខ្លួន បេក្ខជនតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ បានធ្វើឲ្យប៉ពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពបញ្ចេញមតិ និងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកកឹម សុខា ក៏បានបង្ហើបពីលទ្ធភាពនៃការធ្វើបាតុកម្មអហិង្សាដែលផ្តើមចេញពីពលរដ្ឋស្នេហាយុត្តិធម៌ និងមធ្យោបាយស្របច្បាប់ផ្សេងទៀត ជាចំណាត់ការរបស់គណបក្សសង្រ្គោះជាតិ ប្រសិនបើមិនមានការដោះលែងបេក្ខជនតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ៕