The Voice Cambodia៖ ណុប បាយ៉ារិទ្ធ មាន​សមត្ថភាព​ខ្ពស់​ជាង​គ្រូ​ឯ​ទៀត?

លោក ណុប បាយ៉ារិទ្ធ ជាតារាចម្រៀង ប្រចាំផលិតកម្ម ហង្សមាស និងជាតារា ដែលមានភាពចាស់ទុំជាងគេ ក្នុង​ចំណោម​គ្រូបង្វឹក​ទាំងបួន របស់កម្មវិធីឌឹវយស្សន៍។ បទពិសោធ៍យ៉ាងក្រាស់ក្រែល របស់តារាចម្រៀងរូបនេះ ត្រូវបានទស្សនិកជន​កោត​សរសើរ​ថា មានជំនាញក្នុងការពិន្ទុឱ្យបេក្ខជន និងរៀបចំកូនក្រុមបានល្អជាងគេ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ចាន់នីតា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២៧ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: October 03, 2014
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុង​ចំណោម​គណៈកម្មការ​ទាំង​៤រូប របស់​កម្មវិធី​ប្រលង​ចម្រៀង លំដាប់​ថ្នាក់​ពិភពលោក ឌឹវយ្ស៍ ដែល​សុទ្ធ​ជា​តារា​ចម្រៀង​ល្បី របស់​ផលិតកម្ម​ហង្សមាសនោះ ទស្សនិកជន​ជា​ច្រើន បាន​សរសើរ​លោក ណុប បាយ៉ារិទ្ធ ថា​លោក​មាន​សមត្ថភាព និង​មាន​ភាព​ចាស់ទុំ​ជាង​គេ ព្រម​ជាមួយ​នឹង​ការ​ណែនាំ​កែ​លម្អ និង​ការ​ផ្តល់​គន្លឹះ​ល្អៗ ទៅ​ដល់​បេក្ខជន ដើម្បី​បំពេញ​ចំណុច​ខ្វះខាត​ផ្សេងៗ ព្រម​ទាំង​ការ​ដាក់​ពិន្ទុ​នោះ​ផង។

ទស្សនិកជន​ទាំង​នោះ​បាន​លើក​ឡើង​ថា ប្រៀបធៀប​ជា​មួយ​កូន​ក្រុម​របស់​គ្រូ​បង្វឹក​ដ៏ទៃ​ទៀត កូន​ក្រុម​របស់​លោក ណុប បាយ៉ារិទ្ធ បើមើល​ពី​របៀប​រៀបចំ​ការ​ស្លៀកពាក់ ការ​តុបតែង​ខ្លួន​មើល​ទៅ ស្អាត​បាត និង​សម​ជា​អ្នក​ចម្រៀង​អាជីព ដែលធ្វើឲ្យគេអត់ទ្រាំមិនសរសើរមិនបាន។ ពួក​គេ​សរសើរថា ការដែលកូនក្រុមល្អ​ឥត​ខ្ចោះដូច្នេះ ក៏ព្រោះតែគ្រូបង្វឹកដែរ។ រីឯការដាក់ពិន្ទុឱ្យបេក្ខជន​នីមួយៗ​វិញ ទាំងកូនក្រុមរបស់លោក ក៏ដូច​ជា​កូនក្រុមរបស់គ្រូបង្វឹកដ៏ទៃទៀត លោកដាក់ពិន្ទុដោយផ្អែក​តាម​បច្ចេកទេស នៃការប្រើប្រាស់សម្លេង និងត្រូវ​តាមចង្វាក់ភ្លេង។

កម្មវិធី ដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស ២សប្ដាហ៍កន្លងមកនេះ បង្ហាញថា កូនក្រុម ណុប បាយ៉ារិទ្ធ ហាក់មានសមត្ថភាព គួរឲ្យកោតសរសើជាងគេ ដែលធ្វើឱ្យទស្សនិកជនទ្រាំមិន​សរសើរមិន​បាន។ កាលពីសប្តាហ៍ទីមួយ នៃវគ្គ The battle ជាវគ្គតានតឹងបំផុត សម្រាប់គ្រូបង្វឹកទាំងបួន ត្រូវសម្រេច ចិត្ត​ភ្លាមៗ លើវេទិកាដើម្បីរើស យកកូនក្រុមតែម្នាក់ ទៅកាន់វគ្គផ្សាយផ្ទាល់ ក្រុមទាំងបីរបស់លោករួម​មាន​កញ្ញ សាមុត ស្រីកា កញ្ញ សុភី និងកញ្ញា ពេជ្រ ស៊ីកា បានធ្វើឱ្យគ្រូបង្វឹកពីរនាក់អង្គុយនៅនឹងកៅអីមិនជាប់ ព្រោះ​តែសមត្ថភាពនៃការសម្តែង និងច្រៀងរបស់ពួកគេ។ រីឯនៅសប្តាហ៍ទី២វិញ កូនក្រុមរបស់លោក​ទាំង​អស់​បាន​បង្ហាញសមត្ថភាពមិនធម្មតាផងដែរ ធ្វើឱ្យរង្គើឆាកតែម្តង។

«ខ្ញុំចាប់អារម្មណ៍កូនក្រុមរបស់ ណុប បាយ៉ារិទ្ធ ជាងគេ ព្រោះកូនក្រុមរបស់គាត់ ឡើងច្រៀងម្តងៗ ធ្វើឱ្យរង្គើរ​ឆាកតែម្តង។ ជាពិសេសកាលពីសប្តាហ៍មុន ពេលដែលក្រុមរបស់គាត់ពីរនាក់ គឺកញ្ញា ចម្រើន សុភក្តិ និង​លោក សុវណ្ណ ចន្នី ឡើងច្រៀងធ្វើឱ្យខ្ញុំព្រឺរោមតែម្តង» នេះបើតាមការរៀបរាប់របស់ កញ្ញា ដាវីន ដែល​តែង​តាមដានជានិច្ច នូវកម្មវិធីប្រលងចម្រៀងដ៏ល្បីនេះ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស។

និស្សិតនៅសកលវិទ្យាល័យជាតិគ្រប់គ្រងរូបនេះ បានសរសើរទៀតថា ចំពោះការដាក់ពិន្ទុវិញ គឺលោក​ផ្តល់​ឱ្យសុក្រិតជាងគេ។

នេះមិនមែនជាលើកដំបូងទេ ដែលលោក ណុប បាយ៉ារិទ្ធ ទទួលបានការកោតសរសើរពីទស្សនិកជន កាល ពី Blind លោកក៏ធ្លាប់ធ្វើឱ្យទស្សនិកជនជាច្រើន ភ្ញាក់ផ្អើល ជាមួយការឱ្យដំបូន្មាន និងវិធីសាស្ត្រ ក្នុងការ​អូស​ទាញ អ្នកប្រឡងចម្រៀង ដែលមានសមត្ថភាព ពិតប្រាកដ ឲ្យក្លាយជាកូនក្រុម របស់លោក ដោយសារ​សម្ដី​ថ្វីមាត់ពូកែ របស់លោកផងដែរ។ តើនៅសប្តាហ៍៣នេះ កូនក្រុមរបស់លោក​ នឹងធ្វើឱ្យរង្គើឆាកទៀត​ដែរ​ឬទេ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...