មាស សុខសោភា ត្រូវបានចាត់ទុកជាតារាគម្រូ ព្រោះការពារព្រៃឈើ

ទឹកចិត្តនៃការស្រលាញ់ និងការពារពីការកាប់បំផ្លាញព្រៃឈើ របស់តារាចម្រៀងស្រី កញ្ញា មាស សុខសោភា ត្រូវ​ទស្សនិកជន និងអ្នកគាំទ្ររូបនាង ចាត់ទុកនាងជាតារាមួយរូប ដែលហ៊ានចេញមុខ ប្រឆាំងនឹងការកាប់​បំផ្លាញ​ព្រៃឈើ ដោយមិនខ្លាចការគម្រាមកំហែង។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 07, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទឹកចិត្តនៃការស្រលាញ់ និងការពារពីការកាប់បំផ្លាញព្រៃឈើ របស់តារាចម្រៀងស្រី កញ្ញា មាស សុខសោភា ត្រូវ​ទស្សនិកជន និងអ្នកគាំទ្ររូបនាង ចាត់ទុកនាងជាតារាមួយរូប ដែលហ៊ានចេញមុខ ប្រឆាំងនឹងការកាប់​បំផ្លាញ​ព្រៃឈើ ដោយមិនខ្លាចការគម្រាមកំហែង។


កញ្ញា មាស សុខសោភា នុងការបំបួសដើមឈើ កុំឱ្យឈ្មួញកាប់។ (រូបថត ហ្វេសប៊ុក)

តារា - វាជារឿងមួយគួរភ្ញាក់ផ្អើលណាស់ នៅពេលដែលកំពូលតារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា មាស សុខសោភា បានចេញមុខដោយផ្ទាល់ ក្នុងការចាប់ដៃគ្នាជាមួយប្រជាពលរដ្ឋ និងព្រះសង្ឃការពារព្រៃឈើ យ៉ាងស្វាហាប់​នៅ​ក្នុងតំបន់មួយនៅ ភ្នំឱរ៉ាល់ ស្ថិតនៅ ស្រុកត្រពាំងជោរ ខេត្តកំពង់ស្ពឺ ដែលកំពុងរងការកាប់បំផ្លាញ យ៉ាង​អនាធិបតេយ្យ​ពីសំណាក់អ្នកមានអំណាច។

ការចាប់ដៃគ្នាជាមួយប្រជាជនក្នុងតំបន់ ភ្នំឱរ៉ាល់ ការពារព្រៃឈើនោះ ត្រូវអ្នកគាំទ្រដ៏ច្រើនលើសលុប​របស់នាង​លើកឡើងថា នាងជាតារាគម្រូមួយ ដែលមិនខ្លាចការគម្រាមកំហែង និងបាត់បង់អាជីព ខណៈពេលដែលប្រជាពរដ្ឋ អង្គការសង្គមស៊ីវិល ព្រះសង្ឃ ដែលចេញមុខចេញមាត់ខ្លាំងទាក់ទងនឹងការពារព្រៃឈើនេះ ជាញឹកញាប់ត្រូវបានគេ គម្រាមកំហែង ជាងនោះទៀតសោត សកម្មជនការពារព្រៃឈើដ៏ល្បីឈ្មោះ លោក ឈុត វុទ្ធី ក៏ត្រូវបានគេបាញ់សម្លាប់ផងដែរ។

ធុល វិសាល ជាអ្នកប្រើប្រាស់បណ្តាញសង្គមមួយរូប និងជាអ្នកឈឺឆ្អាលក្នុងរឿងសង្គម ដាច់មិនសរសើមិនបាន​ចំពោះសកម្មភាពរបស់តារារូបនេះ នៅលើទំព័រហ្វេសខ្លួនថា៖ «សូមគោរព កោតសរសើរ កញ្ញា មាស សុខសោភា ដែលហ៊ានចេញមុខ ការពារព្រៃឈើកម្ពុជា។ សកម្មភាពនេះជាសកម្មភាពគំរូ មួយសំរាប់តារា សិល្បៈទាំងឡាយ ដែលបានគិតគូរនិងស្រលាញ់ជាតិ ទឹកដី ព្រៃព្រឹក្សា។ សូមអោយសកម្មភាពនេះនឹងបន្ត ទៅគ្រប់មជ្ឈដ្ឋាន ដោយ​មិនមានការប្រកាន់រើសអើងនយោបាយ។ សូមចូលរួមថែរក្សាសម្បត្តិធម្មជាតិ និងវប្បធម៌ជាតិយើងទាំងអស់គ្នា។»

ការចេញមុខការពារព្រៃឈើនៅក្នុងតំបន់ ភ្នំឱរ៉ាល់ តារាចម្រៀង នាង មាស សុខសោភា ត្រូវបានធ្វើឡើង​នៅក្នុង​គម្រោងផ្ទាល់ខ្លួនមួយឈ្មោះថា «ដើមឈើ ១០០០០ ដើម»។ គម្រោងនេះ បានចាប់ផ្តើមឡើង កាលពីដើមឆ្នាំ​២០១៣ ដោយរូបនាងបានចាប់ផ្តើមបណ្តុះកូនឈើនានា ដែលមានព្រះសង្ឃ និងអ្នកភូមិជួយថែរក្សា ក្រោម​ការ​គាំទ្រពីក្រសួងបរិស្ថាន និងសហគមន៍ក្នុងតំបន់។ ក្នុងគម្រោងនោះ ក្រៅពីដាំដើមឈើ មាស សុខសោភា ក៏ចេញ​មុខរួមគ្នាជាមួយនឹងប្រជាជន តវ៉ាប្រឆាំងនឹងក្រុមហ៊ុនដ៏មានអំណាចមួយ ដែលមានបំណងបំផ្លាញព្រៃឈើ​នៅ​ក្នុងតំបន់មួយនៅ ភ្នំឱរ៉ាល់ ហើយរូបនាងក៏បានចូលរួមជាមួយព្រះសង្ឃគង់នៅ វត្តមេត្តាធម្មជាតិ ហៅវត្ត ផ្កាឈូក ភ្នំបូមៀរ ក្នុងការបំបួសដើមឈើ កុំឱ្យឈ្មួញកាប់បំផ្លាញផងដែរ។

ការចេញមុខជាសាធារណៈដាំដើមឈើ និងប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើនេះ មាស សុខសោភា ក្នុងបទ​សម្ភាសជាមួយសារព័ត៌មានក្នុងស្រុកមួយ បានឱ្យដឹងថា គម្រោង«ដើមឈើ ១០០០០ ដើម» គឺរូបនាងមានបំណង​ចង់បូជាពេលវេលាក្នុងជីវិតរបស់នាង ដាំដើមឈើឱ្យបាន ១០០០០ ដើមទោះបីជានាងត្រូវប្រើពេល​ប៉ុន្មានឆ្នាំក៏​ដោយ។ ទាក់ទងនឹងការគម្រាមកំហែងនានា តារាចម្រៀងស្រីប្រចាំផលិតកម្មថោន ដែលមានចិត្តចង់ការពារ​ព្រៃឈើ​រូបនេះ បញ្ជាក់យ៉ាងដូច្នេះថា រូបនាងមិនខ្លាចនឹងការគំរាមកំហែង ពីសំណាក់ជនមានអំណាច ឬក៏ឈ្មួញ រកស៊ីខុសច្បាប់ណាម្នាក់ឡើយ ដោយនាងលើកឡើងនូវហេតុផលថា នាងធ្វើរឿងណាដែលត្រឹមត្រូវតាមធម៌ព្រះ និងមិនធ្វើឱ្យជនណាម្នាក់ឈឺចាប់ ដោយសារតែរូបនាងនោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...