សម រង្ស៊ី ចេញមុខការពារ កឹម សុខា ដោយលើកពី«លេស»រដ្ឋាភិបាល
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៣ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 03, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចេញមុខមកការពារលោក កឹម សុខា ប្រធានសព្វថ្ងៃ របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួន កាលពីយប់រំលងអាធ្រាត ឈានចូលមកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោមការប្រកាន់ ពីបទ«ក្បត់ជាតិ និងឃុបឃិត ជាមួយបរទេស»។
សម្រាប់ មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងប្រទេសបារាំងរូបនេះ បានហៅការចោទប្រកាន់ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ដោយយោងលើវីដេអូ នៃការថ្លែងជាសាធារណៈ របស់លោក កឹម សុខា ទៅកាន់អ្នកគាំទ្រ នៅក្នុងប្រទេសអូស្ត្រាលី កាលពីចុងឆ្នាំ២០១៣នោះ គ្រាន់តែជា«លេស» ដើម្បីកម្ចាត់ក្បាលម៉ាស៊ីនដឹកនាំ របស់គណបក្សសង្គ្រោះជាតិ នៅមុនការបោះឆ្នោតជាតិ មកដល់ប៉ុណ្ណោះ។
លោក សម រង្ស៊ី បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ខ្ញុំបានស្គាល់លោក កឹម សុខា ហើយបានតាមដានសកម្មភាពនយោបាយរបស់លោក អស់រយៈពេល ២៥ ឆ្នាំមកហើយ។ ខ្ញុំអាចបញ្ជាក់ថា ការដែលរដ្ឋអំណាចប្រើប្រាស់សេចក្តីថ្លែងការណ៍ របស់លោក កឹម សុខា នៅចំពោះមុខអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មួយក្រុម នៅប្រទេសអូស្ត្រាលី ក្នុងខែវិច្ឆិកា ២០១៣ ដើម្បីចោទប្រកាន់លោកពីបទក្បត់ជាតិ និងឃុបឃិតជាមួយបរទេស គឺជាលេស ដើម្បីកម្ចាត់ក្បាលម៉ាស៊ីន គណបក្សប្រឆាំង មិនដល់មួយឆ្នាំផង មុនការបោះឆ្នោតជាតិ ដែលគ្រោងរៀបចំឡើង នៅខែកក្កដា ២០១៨។»។
លោកបានពន្យល់ថា៖ «ខ្ញុំអាចនិយាយបានថា ការចោទប្រកាន់ពីបទ “ក្បត់ជាតិ និងឃុបឃិតជាមួយបរទេស ដើម្បីបង្កើតឲ្យមានប្រទូស្តរ៉ាយ និងផ្តួលរំលំរដ្ឋាភិបាល” (...)បែបនេះ គ្មានមូលដ្ឋានទាល់តែសោះ។ ពីព្រោះខ្ញុំបានធ្វើ ជាប្រធានគណបក្សសង្គ្រោះជាតិ តាំងពីថ្ងៃបង្កើតគណបក្សនេះ ក្នុងខែមេសា ២០១៣ រហូតដល់ថ្ងៃលាលែងរបស់ខ្ញុំ ក្នុងខែកុម្ភៈ ២០១៧ ខ្ញុំអាចបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់ខ្ញុំ មិនដែលនឹកឃើញ ហើយមិនដែលធ្វើសកម្មភាពអ្វីមួយ ដែលអាចយកជាមូលដ្ឋាន ដើម្បីធ្វើការចោទប្រកាន់ខាងលើនេះ។»។
អតីតប្រធានគណបក្សសង្គ្រោះជាតិ បានចោទឡើង ជាសំណួរជាច្រើន ដូចខាងក្រោមថា៖
«តើជា“អំពើក្បត់ជាតិ”ឬ ការដែលយើងគ្រាន់តែចង់ ឲ្យមានការផ្លាស់ប្តូរ តាមបែបបទប្រជាធិបតេយ្យ ហើយព្យាយាមសម្រេចគោលដៅនេះ ដោយអហិង្សា និងសន្តិវិធី តាមរូបភាព ការដួលរលំជញ្ជាំងទីក្រុង ប៊ែរឡាំង នៅឆ្នាំ ១៩៨៩ និងការដួលរលំអំណាចផ្តាច់ការជាច្រើន ក្នុងពិភពលោក ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ និងឆ្នាំ ២០០០?»
«តើជា“ការឃុបឃិតជាមួយបរទេស”ឬ ការដែលយើងស្វែងរកសាមគ្គីភាព ពីអ្នកប្រជាធិបតេយ្យទាំងអស់ ក្នុងពិភពលោក ដែលមានជំនឿលើគុណតម្លៃជាសកល ចំពោះលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស?»
«តើជា“អំពើក្បត់ជាតិ និងការឃុបឃិតជាមួយបរទេស”ឬ ការដែលខ្ញុំបានទទួល នៅគេហដ្ឋានរបស់ខ្ញុំ នៅទីក្រុងភ្នំពេញ ក្នុងខែធ្នូ ២០១៤ លោក "Rajmohan Gandhi" ដែលជាចៅបង្កើតរបស់លោក "Mahatma Gandhi" អមដំណើរដោយលោក "Dinesh Patnaik" ដែលជាឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌា ប្រចាំប្រទេសកម្ពុជា ដើម្បីស្នើសុំដំបូន្មាន ស្តីពីរបៀបដោះស្រាយវិវាទ ដោយសន្តិវិធី តាមការប្រៀនប្រដៅរបស់លោក "Mahatma Gandhi"?»
«តើជា“អំពើក្បត់ជាតិ និងការឃុបឃិតជាមួយបរទេស”ឬ ការដែលគណបក្សសង្គ្រោះជាតិ បានរៀបចំនៅទីស្នាក់ការរបស់ខ្លួន នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ ២០១៣-២០១៤ សិក្ខាសាលាលំហាត់ ស្តីពីរបៀបតស៊ូដោយសន្តិវិធី ដែលមានអ្នកជំនាញឥណ្ឌាម្នាក់ ឈ្មោះ "Raju Bhagwat" ពីអង្គការក្រៅរដ្ឋាភិបាលមួយ ជាគ្រូបង្ហាត់?»
លោក កឹម សុខា ប្រធានគណបក្សប្រឆាំងធំ តែមួយគត់នៅកម្ពុជា ត្រូវបានកងកម្លាំងនគរបាល ចូលទៅចាប់ខ្លួន នៅវេលាម៉ោង ០០ និង៣៥នាទី យប់រំលងអាធ្រាត ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដល់ក្នុងគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕