អាមេរិកប្រតិកម្មនឹងការចាប់ខ្លួន កឹម សុខា ថានឹងប៉ះពាល់ដល់ការបោះឆ្នោត
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៣ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 03, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រតិកម្មទល់នឹងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ទាំងកណ្ដាលអាធ្រាត ពីសំណាក់អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន បានធ្លាប់ចុះមកជាបន្តបន្ទាប់។ ហើយប្រតិកម្មរបស់សហរដ្ឋអាមេរិក ដែលគេទន្ទឹងរង់ចាំនោះ ក៏បានធ្លាក់មកដល់ដែរ។
ខាងក្រោមនេះនេះ សេចក្ដីថ្លែងការណ៍របស់អ្នកស្រី «Heather Nauert» អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដែលទើបនឹងចេញផ្សាយ នៅមុននេះបន្តិច លើគេហទំព័ររបស់ក្រសួង និងនៅតាមបណ្ដាញសង្គម៖
«យើងកត់សម្គាល់ ជាមួយនឹងការព្រួយបារម្ភក្រៃលែង ចំពោះការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំនយោបាយប្រឆាំង ដ៏គួរឲ្យគោរពម្នាក់ ធ្វើឡើងដោយរដ្ឋាភិបាលកម្ពុជា ក្រោយការចោទប្រកាន់មួយចំនួន ដែលហាក់ដូចជា មានហេតុផលនយោបាយ នៅពីក្រោយ។ លោក កឹម សុខា មានការប្តេជ្ញាចិត្ត ដ៏យូរអង្វែងមួយ និងមានការទទួលស្គាល់ជាអន្តរជាតិ អំពីនិន្នាការរបស់លោក ផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យអហិង្សា។»
សេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា ហេតុការណ៍នៃការចាប់ខ្លួន រួមនឹងចំណាត់ការផ្សេងទៀត ក្នុងពេលថ្មីៗនេះ ពីសំណាក់រដ្ឋាភិបាល នឹងបង្កមន្ទិលយ៉ាងធ្ងន់ធ្ងរ ទៅការរៀបចំការបោះឆ្នោតថ្នាក់ជាតិ ក្នុងឆ្នាំខាងមុខ និងពីលទ្ធផលស្របច្បាប់មួយ តាមបែបប្រជាធិបតេយ្យ។
«យុទ្ធនាការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងករណីមួយនេះ បានបន្តបោះជំហាន តាមយុទ្ធនាការដែលកំពុងមានបញ្ហាជាច្រើនទៀត កាលពីពេលថ្មីៗនេះ រួមមានទាំងការដាក់កំហិត ទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងទៅលើអង្គការសង្គមស៊ីវិល។ ចំណាត់ការទាំងនេះ បានកាត់បន្ថយ ដល់ដំណើរស្ទុះទៅមុខ នៅក្នុងប៉ុន្មានទសវត្សន៍ចុងក្រោយនេះ របស់កម្ពុជា និងបានបង្កឲ្យមានចំណោទធ្ងន់ធ្ងរ ចំពោះសមត្ថភាពរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ដែលអាចទទួលយកបាន ហើយដែលអាចផ្ដល់ នូវលទ្ធផលស្របច្បាប់មួយ តាមបែបប្រជាធិបតេយ្យ។»
លោក កឹម សុខា ប្រធានគណបក្សប្រឆាំងធំ តែមួយគត់នៅកម្ពុជា ត្រូវបានកងកម្លាំងនគរបាល ចូលទៅចាប់ខ្លួន នៅវេលាម៉ោង ០០ និង៣៥នាទី យប់រំលងអាធ្រាត ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដល់ក្នុងគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ ធ្វើឡើងក្រោយការបង្ហោះនៅលើបណ្ដាញសង្គម ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ នូវវីដេអូមួយ ដែលបង្ហាញពីការថ្លែង កាលពីចុងឆ្នាំ២០១៣ របស់លោក កឹម សុខា នៅឯប្រទេសអូស្ត្រាលី។ នៅក្នុងវីដេអូនោះ គេបានស្ដាប់ឮលោក កឹម សុខា និយាយរៀបរាប់ ពីល្បិចកិច្ចកល ឬគម្រោងការមួយចំនួន រវាងលោក និងជនមួយចំនួន ដោយមានជាប់ពាក់ព័ន្ធ ជាមួយអាមេរិកផង ដើម្បី«រំលំជនផ្ដាច់ការ នៅកម្ពុជា»។
នៅក្រោយការចាប់ខ្លួនមេដឹកនាំប្រឆាំង រដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ បញ្ជាក់ថា៖ «តាមរយៈវិដេអូក្លីប ដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញ CBN (Cambodia Broadcasting Network) ដែលមានទីតាំងនៅអូស្រ្តាលី និងភស្តុតាងដទៃទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូលបាន គឺបានបង្ហាញឲ្យឃើញច្បាស់ អំពីផែនការសម្ងាត់នៃ ការឃុបឃិតគ្នារវាងឈ្មោះ កឹម សុខា និងបក្សពួក ជាមួយបរទេស ដែលធ្វើឲ្យប៉ះពាល់ ដល់ព្រះរាជាណាចក្រកម្ពុជា»។
សេចក្ដីថ្លែងការណ៍ដដែល របស់រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា៖ «អំពីនៃការឃុបឃិតគ្នា ជាសម្ងាត់ខាងលើនេះ គឺជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ធិដ្ឋិភាព ជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា»។
កាលពីព្រឹកម៉ិញនេះ នៅចំពោះក្រុមកម្មករ កម្មការិនី រោងចក្រកាត់ដេរ ជិត៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ លោក ហ៊ុន សែន បានធ្វើប្រតិកម្មខ្លាំងៗ ពីករណីលោក កឹម សុខា នេះ ដោយបានចោទមេបក្សប្រឆាំងរូបនេះ ពីរឿងរ៉ាវ«ទូទាត់បញ្ជី» ក្នុងផែនការក្បត់ជាតិ ឃុបឃិតជាមួយសហរដ្ឋអាមេរិក។ លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «រឿងនេះ ជារឿងក្បត់ជាតិ ដែលមានចែង ក្នុងក្រមព្រហ្មទណ្ឌត្រឹមត្រូវ តម្រូវឲ្យចាប់ខ្លួន ហើយមិនត្រូវបរទេសណាលូកលាន់ កិច្ចការរបស់កម្ពុជាទេ ជាពិសេសអ្នកដែលជាបាតដៃទី៣! អ្នកបាតដៃ ដែលធ្លាប់ប្រើ លន់ ណុល ធ្វើរដ្ឋប្រហារ ឥឡូវរឿងដដែលបានកើតទៀត»។
នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានថ្លែងបន្តថា៖ «ដូចព្រឹត្តិការណ៍ស្លាប់មនុស្ស នៅតាមផ្លូវវេងស្រេង។ អ្វីៗទាំងអស់ មនុស្សនេះអ្នកកសាងដូច្នេះ។ ការចាប់ខ្លូននៅពេលនេះ គឺជាការទូទាត់បញ្ជី ពីដើមដល់ចប់ ហើយបាតដៃពីក្រោយ វានៅតែដដែល គឺអាមេរិកាំង។ អំពើក្បត់ជាតិ ឃុបឃិតជាមួយបរទេស ក្បត់ជាតិខ្លួនឯង គឺតម្រូវឲ្យមានការចាប់ខ្លួនភ្លាម»៕