បារ៉ាក់ អូបាម៉ា ចំអកស្ងួតឲ្យ ដូណាល់ ត្រាំ
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៣ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 08, 2016
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើមានពេលណាខ្លះ ដែលលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) យកពេលវេលារបស់លោក ទៅលូកមាត់លូកក ជាមួយបេក្ខជនប្រធានាធិបីថ្មី ដែលកំពុងធ្វើការប្រឡងប្រណាំងគ្នា ពាសពេញសហរដ្ឋអាមេរិកនោះ? ពេលចុងក្រោយគេបំផុត គឺនៅក្នុងការជួបជុំទទួលទានពេលល្ងាច ជាមួយក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន (ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦) ហើយលោក បារ៉ាក់ អូបាម៉ា បានឆ្លៀតឱកាសនេះ ដើម្បីបង្ហាញទេពកោសល្យរបស់លោក ដោយធ្វើការចំអន់លេងសប្បាយ ជាមួយលោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ។
តាមពិតទៅ លោក ដូណាល់ ត្រាំ ដែលជាមហាសេដ្ឋីមួយរូបនោះទេ តែងត្រូវបានអញ្ជើញ និងតែងមានវត្តមានជានិច្ច នៅក្នុងការជួបជុំទទួលអាហារបែបនេះ កាលពីឆ្នាំមុនៗ។ តែឆ្នាំនេះ អវត្តមានរបស់លោក ត្រាំ បានបង្កើតជាប្រធានបទកំប្លែង របស់លោក អូបាម៉ា ទៅវិញ។ លោកប្រធានាធិបតី បានសួរនៅក្នុងការថ្លែងរបស់លោក ទៅកាន់ហ្វូងមនុស្សថា៖ «ប៉ុន្តែ... ហេតុអ្វីក៏ ដូណាល់ ត្រាំ មិនមានវត្តមាននៅថ្ងៃនេះ?»
លោកបានបន្តសំដីលេងសើចរបស់លោកទៀតថា៖ «តើការជួបជុំទទួលអាហារពេលល្ងាចនេះ មានសភាពគ្រោតគ្រាតខ្លាំងជ្រុល សម្រាប់គាត់ឬ?» អ្នកសារព័ត៌មានបារាំងមួយរូប ដែលមានវត្តមាននៅទីនោះ ដែរបានស្រង់សំដីរបស់លោក អូបាម៉ា មកសរសេរបន្តកាត់ៗខ្លីថា៖ «តើ ដូណាល់ ត្រាំ កំពុងដេកនៅផ្ទះឬ? តើគាត់ចេះបរិភោគ សាច់ស្តេក (Steak) ឬទេ? ឬមួយក៏គាត់កំពុងលេង ទ្វីសធើរ (Twitter)?»
ប្រធានាធិបតីអាមេរិក នៅបានបន្ថែមសាំង ដាក់ទៅលើអណ្ដាតភ្លើង ដែលកំពុងឆេះរួចហើយថា៖ «សមាជិកគណបក្សសាធារណរដ្ឋ បាននិយាយថា ដូណាល់ ត្រាំ មិនមានបទពិសោធន៍ ខាងនយោបាយការបរទេស ដើម្បីអាចក្លាយជាប្រធានាធិបតីបាននោះទេ។ តែយើងត្រូវនិយាយឲ្យយុត្តិធម៌ ព្រោះគាត់បានឆ្លងកាត់រយៈពេលជាច្រើនសិបឆ្នាំ ដើម្បីនៅជាមួយមេដឹកនាំ នៃពិភពលោកទាំងមូល ដូចជា៖ ជាមួយបវរកញ្ញា ស៊ុយអែដ បវរកញ្ញា អាហ្សង់ទីន បវរកញ្ញា អាំហ្សែរប៊ៃហ្សង់។»
ការលើកឡើងរបស់លោក អូបាម៉ា មិនមែនគ្មានហេតុផលនោះទេ ព្រោះក្នុងពេលកន្លងមក លោក ដូណាល់ ត្រាំ ធ្លាប់ជាសមាជិកមួយរូប នៃអ្នករៀបចំប្រឡងបវរកញ្ញា ចក្រវាឡ ដែលជាកម្មវិធីមួយ ផលិតឡើងជារៀងរាល់ឆ្នាំ ដោយក្រុមហ៊ុនអាមេរិកដ៏ធំមួយ។
នៅចុងបញ្ចប់ លោក បារ៉ាក់ អូបាម៉ា បានឧទានដោយពាក្យពីរម៉ាត់ «Obama out» មានន័យថា «អូបាម៉ា! ចប់ហើយ... ចេញ!» ជាមួយនឹងកាយវិការ ទម្លាក់មេក្រូចុះ (រូបខាងក្រោម)។