កំចាត់​ប្រមុខ ISIS ស្មើ​នឹង​រំលាយ​អង្គការ​ភេរនិយម​បានឬ?

ប្រាំឆ្នាំក្រោយការស្លាប់របស់ អូសាម៉ា ប៊េនឡាដេន (Oussama ben Laden) មេដឹកនាំ​របស់​អង្គការ​ភេរវនិយម អាល់ កៃដា (Al-Qaïda) នាយកស្ថាប័នចារកម្មរបស់អាមេរិក ដែលហៅកាត់ជាភាសាអង់គ្លេស «CIA» លោក ចន ប្រ៊ឺណន់ (John Brennan) បាន​ប្រកាស​នៅ​ពេលនេះ ថាការកំចាត់ចោល​នូវមេដឹកនាំក្រុម រដ្ឋអ៊ីស្លាម ដែល​មាន​ឈ្មោះថា អាប៊ូ បាក្រ៍ អាល-បាដាឌី (Abou Bakr al-Bagdadi) នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​សំខាន់ ចំពោះក្រុមអង្គការភេរវនិយម ដែលបានចូល​មក​ផ្លាស់​អង្គការ អាល់ កៃដា។
កំចាត់​ប្រមុខ ISIS ស្មើ​នឹង​រំលាយ​អង្គការ​ភេរនិយម​បានឬ?
អាប៊ូ បាក្រ៍ អាល-បាដាឌី ប្រមុខដឹកនាំរបស់ក្រុមរដ្ឋអ៊ីស្លាម។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៤ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 26, 2016
  • ប្រធានបទ: ភេរវនិយម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខែឧសភា ជាខែដ៏អាក្រក់ សម្រាប់បណ្ដាញភេរវនិយម អាល់កៃដា (Al-Qaïda) បន្ទាប់ពី​មេដឹកនាំ​ដ៏​ល្បី​ឈ្មោះ​ របស់​អង្គការ​អ៊ីស្លាម​និយមជ្រុលមួយនេះ ត្រូវបានកងកម្លាំងពិសេសរបស់អាមេរិក ចូលទៅបាញ់សម្លាប់ កាល​ពី​យប់​ថ្ងៃ​ទី១ ចូលមកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១១កន្លងមក។ លោក អូសាម៉ា ប៊េនឡាដេន (Oussama ben Laden) អាយុ​៥៤ឆ្នាំ ត្រូវបានសម្លាប់ នៅក្នុងគេហដ្ឋានដ៏អាថ៌កំបាំងរបស់ខ្លួន ដែលស្ថិតក្នុងក្រុង​តូច​មួយ ឈ្មោះ «Abbottabad» ភាគ​ខាង​ជើង​ប្រទេសប៉ាគីស្ដង់។

ប៉ុន្តែសម្រាប់នាយកផ្នែកចារកម្ម​របស់សហរដ្ឋអាមេរិក (CIA) នៅមានគម្រោងកំចាត់ មេដឹកនាំ​ចលនា​ភេរវនិយម​ផ្សេង​ទៀត ជា​ពិសេស​ក្រុម​រដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​​ហៅ ISIS) ដែលកំពុងតម្លើងឥទ្ធិពលរបស់ខ្លួន នៅក្នុងពិភពលោក ក្នុងពេលបច្ចុប្បន្ន។ លោក ចន ប្រ៊ឺណន់ (John Brennan) នាយក«CIA» បាន​ថ្លែងទៅកាន់បណ្ដាញទូរទស្សន៍អាមេរិក «NBC» ថា៖ «យើងបានកំទេច​មួយ​ផ្នែក​ធំ​នៃ​បណ្ដាញ អាល់កៃដា។ វាមិនត្រូវបានកំចាត់ចោល ទាំងស្រុងនោះទេ (...) ហើយពេលនេះ ហើយ​យើង​ត្រូវ​​ប្រឈម សម្រាប់​​រយៈពេល​​ច្រើន​ឆ្នាំ​ទៅ​មុខ ចំពោះសំនុំរឿងថ្មីមួយទៀត របស់​ក្រុម​រដ្ឋ​អ៊ីស្លាម។»

នៅចំពោះសំណួររបស់អ្នកសារព័ត៌មាន របស់ទូរទស្សន៍ «NBC» ដែលចង់ដឹងថា តើមេដឹកនាំរបស់ក្រុម​រដ្ឋ​អ៊ីស្លាម បាន​ក្លាយ​ជាមនុស្សដ៏សំខាន់ ដែលសហរដ្ឋអាមេរិក ចាំបាច់ដាក់ចូលក្នុងបញ្ជីខ្មៅនោះ លោក​នាយក​បណ្ដាញ​ចារកម្ម​អាមេរិក បានថ្លែងពន្យល់ថា៖ «ប្រាកដហើយ។ វាពិតជាសំខាន់ ហើយខ្ញុំមិនបាន​សង្ស័យ​សូម្បី​បន្តិច​ឡើយ ថា​យើង​នឹង​កំទេចក្រុមរដ្ឋអ៊ីស្លាមចោល។ (...) ប្រសិនបើយើងចាប់​បាន អាប៊ូ បាក្រ៍ អាល-បាដាឌី (Abou Bakr al-Bagdadi - ប្រមុខដឹកនាំរបស់ក្រុមរដ្ឋអ៊ីស្លាម) នោះវានឹងផ្ដល់ នូវផលប៉ះពាល់​យ៉ាង​ខ្លាំង សម្រាប់​អង្គការ​ភេរវកម្ម​មួយនេះ។»

លោក ប្រ៊ឺណន់ បានបញ្ជាក់ទៀតថា៖ «ក្រុមរដ្ឋអ៊ីស្លាម មិនគ្រាន់តែជា​អង្គការ​ចាត់តាំងដ៏ធំប៉ុណ្ណោះទេ តែ​វា​ជា​បាតុភូត​មួយ។ យើងមិនបានមើលឃើញវា នៅក្នុងតែប្រទេសស៊ីរី ឬនៅក្នុងប្រទេស​អៀរ៉ាក់​នោះ​ឡើយ តែ​យើង​ក៏​បាន​មើល​ឃើញ​វា នៅក្នុងប្រទេសលីប៊ី នីហ្សេរីយ៉ា និងនៅក្នុងប្រទេសជាច្រើនផ្សេង​ទៀត​ដែរ។» លោក​បាន​ឲ្យ​ដឹង​ថា បណ្ដាញដ៏ប្រទាក់ក្រឡា និងសាខាជាច្រើនទៀត របស់ក្រុមយុទ្ធជន ប្រយុទ្ធ​ដើម្បី​ព្រះអាឡាហ៍​ (Djihad) ទាំង​នេះ មាន​នៅ​ក្រៅ​មូលដ្ឋានធំរបស់ខ្លួន ដែលស្ថិតក្នុងប្រទេសស៊ីរី និងអៀរ៉ាក់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...