ភេវរកម្ម​នៅប៉ារីស៖ រក​ឃើញ​ជន​សង្ស័យ​បី​នាក់ ​​ម្នាក់​​ប្រគល់​ខ្លួន

តាមព័ត៌មានចុងក្រោយ បានឲ្យដឹងថា ក្រុមជនសង្ស័យដែលប្រព្រឹត្តិភេវរកម្ម បាញ់សម្លាប់ទៅលើក្រុមបុគ្គលិក និង​អ្នក​សារព័ត៌មាន​របស់​ទស្សនាវដ្ដី ឆារលីអេបដូ (Charlie Hebdo) ត្រូវបានក្រុមអ្នកស៊ើបអង្កេតបារាំង កំណត់​អត្ត​សញ្ញាណ​បាន​ហើយ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី០៨ មករា ២០១៥
  • កែប្រែចុងក្រោយ: January 08, 2015
  • ប្រធានបទ: បាញ់សម្លាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឈ្មោះ​ពូជ​ពង្ស​វង្ស​ត្រកូល​របស់​ជន​សង្ស័យ ត្រូវ​បាន​អាជ្ញាធរ​ស្គាល់​រួច​ហើយ បន្ទាប់​ពី​ព្រឹត្តិការណ៍​បាញ់​សម្លាប់ ទៅ​លើ​ទស្សនាវដ្ដី​ឆារលី​អេបដូ កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០១៥ ម្សិល​ម៉ិញ​នេះ។ ការ​កំណត់​អត្ត​សញ្ញាណ​នេះ បាន​ធ្វើ​នៅ​ក្នុង​យប់​ថ្ងៃ​ពុធ​ដដែល​នេះ ហើយ​សង្កាត់​ដែល​ជន​សង្ស័យ​រស់​នៅ ក្នុង​ក្រុង​រ៉ាំង (Reims ភាគ​ខាង​កើត​នៃ​ប្រទេស​បារាំង) ត្រូវ​បាន​ឡោម​ព័ទ្ធ។ លំនៅ​ដ្ឋាន​របស់​ជន​សង្ស័យ ត្រូវ​បាន​គាស់​ដើម្បី​ឲ្យ​កម្លាំង​នគរបាល​ពិសេស​បារាំង ចូល​ទៅ​ស្វែង​រក​ចាប់​ខ្លួន។

ជនទីមួយ មាន​អាយុ​១៨​ឆ្នាំ ឈ្មោះ ហាមីដ (Hamyd M.) មិន​ស្គាល់​សញ្ជាតិ និង​គ្មាន​ទី​លំនៅ​ពិត​ប្រាកដ។ រីឯ​ជន​ពីរ​នាក់​ទៀត អាយុ​៣២​ឆ្នាំ និង​៣៤​ឆ្នាំ សញ្ជាតិ​បារាំង មាន​ឈ្មោះ សាអ៊ីដ គូអាឈី (Saïd Kouachi) និង​ឆេរីហ្វ គូអាឈី (Chérif Kouachi) មិន​មាន​វត្តមាន​នៅ​ក្នុង​គេហ​ដ្ឋាន​ទេ។ ជន​ទាំង​ពីរ​នេះ ជា​បង​ប្អូន​បង្កើត​នឹង​គ្នា និង​មាន​ដើម​កំណើត​ក្នុង​សង្កាត់​ទី​១០ នៃ​រដ្ឋធានី​ប៉ារីស ប្រទេស​បារាំង។

សូមបញ្ជាក់នូវព័ត៌មានចុងក្រោយមួយ ដែលបានបញ្ជាក់ថា នៅវេលាម៉ោង២៣ជិតពាក់កណ្ដាលអាធ្រាត ជន​សង្ស័យ​ដែលមានវ័យក្មេងជាងគេ បានប្រគល់ខ្លួនឲ្យអាជ្ញាធររួចហើយ ហើយត្រូវបានដាក់ក្នុងការការពារ របស់​កងកម្លាំង​នគរបាល។ យុវជននេះបានធ្វើដូច្នេះ ដោយសារខ្លួនបានឃើញឈ្មោះរបស់ខ្លួន ត្រូវបានបណ្ដាញ​សង្គម​យក​​មកនិយាយ ទាក់ទងនឹងភេវរកម្មលើទស្សនាវដ្ដី ឆារលីអេបដូ។ សាក្សីជាច្រើនបាននិយាយថា យុវជន​​នេះ​កំពុង​អង្គុយរៀន ក្នុងសាលា ជាមួយមិត្តភ័ក្រច្រើននាក់ នៅពេលហេតុការណ៍កើតឡើង។

ការឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យ នៅកំពុងធ្វើនៅឡើយ។ កងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងមានឯកទេសប្រឆាំងភេវរកម្ម ប្រដាប់ដោយអាវុធធុនធ្ងន់ ត្រូវបានបញ្ជូនទៅកាន់ក្រុងរ៉ាំង។ ឧទ្ធភាគចក្រ​ជាច្រើនគ្រឿង បានហោះហើរនៅក្នុងតំបន់នោះ ដើម្បីស្វែងរកជនសង្ស័យពីរនាក់ទៀត ដែលទំនងជាកំពុង​រត់គេចខ្លួន។

ជនសង្ស័យ ឆេរីហ្វ ធ្លាប់ត្រូវបាននគរបាលស្គាល់រួចហើយ នៅក្នុងសំនុំរឿងជាច្រើន។ នៅឆ្នាំ២០០៥ ជននេះ​ត្រូវបានតុលាការកាត់ទោស ពីបទបានចូលរួមជាសមាជិក និងបានធ្វើទំនាក់ទំនង ជាមួយក្រុមជីហាដ (djihad ក្រុមស្ម័គ្រប្រយុទ្ធរបស់ពួកអ៊ីស្លាមនិយមជ្រុល) នៅក្នុងប្រទេសអៀរ៉ាក់។ នៅក្នុងសំនុំរឿងនេះ នគរបាល​បាន​ហៅជននេះថា ជា«មេបណ្ដាញអៀរ៉ាក់ នៅប៉ារីស»។

ជននេះទំនងជាបានដើរប្រមូលយុវជនដប់នាក់ផ្សេងទៀត ឲ្យចេញទៅធ្វើការប្រយុទ្ធ នៅអៀរ៉ាក់ រវាងពីឆ្នាំ​២០០៣ និងឆ្នា២០០៥។ ហើយនៅឆ្នាំ២០០៥នេះ ជននេះបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចេញទៅប្រយុទ្ធ​នៅក្នុងប្រទេសអៀរ៉ាក់។ នៅចំពោះមុខតុលាការ ជននេះបានឆ្លើយថា៖ «នៅពេលការចាកចេញទៅអៀរ៉ាក់ កាន់តែជិតមកដល់ វាកាន់តែធ្វើឲ្យខ្ញុំលែងចង់ទៅវិញ។ ប៉ុន្តែបើខ្ញុំធ្វើបែបនេះ ខ្ញុំនឹងក្លាយជាជនកំសាក។» តុលាការបានកាត់ទោសឲ្យ ឆេរីហ្វ ជាប់ពន្ធនាគារបីឆ្នាំ និងបានព្យួរទោស នៅ១៨ខែចុងក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...