លួចយកកាបូបលុយរួច ចោរស្រីបានប្ដឹងបកទៅជនរងគ្រោះវិញ

- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២២ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 23, 2016
- ប្រធានបទ: កម្រជួប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីនេះបានកើតឡើង កាលពីដើមខែឧសភានេះ នៅក្នុងក្រុង ណង់ស៊ី (Nancy) ភាគខាងកើតនៃប្រទេសបារាំង ហើយតុលាការនឹងយកករណីទីមួយ មកជំនុំជម្រះ នៅចុងខែឧសភាខាងមុខនេះ។ ដោយសារខឹងសម្បារ ក្ដៅក្រហាយនឹងចោរស្រីវ័យចំណាស់ម្នាក់ ដែលបានចូលមកគ្លីនិកធ្វើធ្មេញ ហើយបានលួចកាបូបលុយរបស់ខ្លួន ទុកនៅក្រោយតុនោះ លោកគ្រូពេទ្យធ្មេញម្នាក់ បានធ្វើការសងសឹក ត្រឡប់ទៅចោរស្រីវិញ ដោយយកវីដេអូ ដែលថតដោយកាម៉េរ៉ាសុវត្ថិភាព យកទៅបង្ហោះនៅតាមបណ្ដាញសង្គម។ នៅក្នុងកាបូបនោះ មានប្រាក់ប្រមាណជា ១០០០អ៊ឺរ៉ូ និងក្រដាសស្នាមជាច្រើនទៀត។
នៅអមនឹងវីដេអូនោះ ពេទ្យធ្មេញរងគ្រោះ បានសរសេរថា៖ «បើនរណាម្នាក់ស្គាល់ (ចោរស្រីម្នាក់នេះ) ខ្ញុំសូមអរគុណទុកជាមុន ដែលបានប្រាប់ព័ត៌មាន (ពីចោរស្រី) មកខ្ញុំវិញ។ វីដេអូនេះ សម្រាប់ធ្វើការចែករំលែក ឲ្យបានច្រើនបំផុត។»
សម្រាប់លោក «Paul Kéré» មេធាវីរបស់ស្ត្រីជាប់សង្ស័យជាចោរ បានលើកឡើង ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា វីដេអូនេះបានបង្កការប៉ះទង្គិចផ្លូវចិត្ត របស់កូនក្ដីរបស់លោកយ៉ាងខ្លាំង និងបានចាត់ទុកការផ្សាយវីដេអូនេះ ជាការសងសឹកបែបទារុណ ដ៏ខ្លាំងបំផុតមួយ ធ្វើឲ្យប៉ះពាល់ដល់ជីវិតឯកជន របស់បុគ្គលអសាធារណៈ។ លោកមេធាវីបានថ្លែងឡើងថា៖ «កូនក្ដីរបស់ខ្ញុំរងការខូចចិត្តធ្ងន់ធ្ងរណាស់ ហើយគាត់នឹងទាមទារ ឲ្យមានសំណងជំងឺចិត្តមួយ»។
បន្ទាប់ពីការផ្សាយរបស់វីដេអូនេះ ស្ត្រីជាប់សង្ស័យបានទទួលនូវសារជាច្រើន ដែលប្រាប់ឲ្យដឹង ពីវត្តមាននៃរូបភាពរបស់ខ្លួន នៅក្នុងវីដេអូ ហើយកំពុងរីករាលដាល ពាសពេញបណ្ដាញអ៊ិនធើណែត។ ស្ត្រីរូបនោះ បានថ្លែងថា៖ «បើសូម្បីតែចៅស្រីខ្ញុំ ដែលមានអាយុទើបតែ៤ឆ្នាំ ក៏បានស្ដាប់ឭរឿងនេះ ពីសាលារៀនមកដែរ»។
ស្ត្រីជាប់ឈ្មោះជាចោរលួច បានចូលទៅបង្ហាញខ្លួន នៅប៉ុស្ដ៍នគរបាល តែដំបូងឡើយបាននិយាយថា ខ្លួនរកឃើញកាបូបនោះ នៅតាមចិញ្ចើមថ្នល់ មុននឹងសារភាពថាខ្លួន ពិតជាបានលួចមែន នៅពេលក្រោយមក។ ករណីទីមួយនេះ នឹងត្រូវតុលាការយកមកជំនុំជម្រះ នៅថ្ងៃទី៣១ ខែឧសភាខាងមុខ។
កូនស្រីរបស់ស្ត្រីជាប់ចោទ បានថ្លែងដែរថា៖ «យើងយល់ហើយ ថានរណាក៏ដោយ ចង់រកយុត្តិធម៌ឲ្យបានដូចចិត្ត។ តែអ្វីដែលយើងមិនយល់ព្រម គឺបែបផែនដែលចង់បានយុត្តិធម៌នោះ។ (...) ម្ចាស់វីដេអូគួរយកវីដេអូ ទៅប្រគល់ឲ្យនគរបាល តែមិនគួរណាយកទៅចែកចាយ នៅតាមបណ្ដាញអ៊ិនធើណែត។ រឿងនេះ វាទៅជាការជម្រះបញ្ជីផ្ទាល់ខ្លួនទៅវិញ។ ម្ចាស់វីដេអូ មិនបានគិតដល់ ពីផលប៉ះពាល់ដែលវិលត្រឡប់ មកដល់គ្រួសារទាំងមូលនោះផងទេ។»
ចំណែកឯលោកគ្រូពេទ្យធ្មេញវិញ បានពន្យល់ប្រាប់សារព័ត៌មានតំបន់ «Est républicain» បន្ទាប់ពីបានលុបវីដេអនោះ ចេញពីគណនីហ្វេសប៊ុករបស់ខ្លួនចេញវិញថា៖ «ខ្ញុំមិនបានគិតថា រឿងនេះវាបានរីកធំ ដល់ថ្នាក់ណ្នឹងនោះទេ»។ យ៉ាងណាក៏ដោយ លោកបានសម្ដែងការសោកស្ដាយ ពីកាយវិការ«សងសឹក»របស់លោក តែបានរីករាយក្នុងចិត្ត ដោយសារយកបាន នូវកាបូបនិងក្រដាសស្នាមមកវិញ តែចំពោះប្រាក់១០០០អ៊ឺរ៉ូ វិញ បានបាត់ឈឹងរហូត។ ប្រាក់១០០០អ៊ឺរ៉ូនេះ ត្រូវបានភាគីស្ត្រីជាប់ចោទបដិសេធ ថាមិនបានរកឃើញអ្វី នៅក្នុងកាបូបនោះ សូម្បីតែមួយសេនឡើយ៕