មន្រ្តី​ខណ្ឌ​សែន​សុខ មិន​ភ្ញាក់​ផ្អើល​ចំពោះ​បណ្តឹង​របស់​យាយ​ក្រពើ

មន្រ្តីខណ្ឌសែនសុខ រាជធានីភ្នំពេញ បានអះអាងថា ពួកគេមិនចាប់អាម្មណ៍ និងមិនមានការភ្ញាក់ផ្អើលសោះឡើយ ចំពោះពាក្យបណ្តឹងរបស់លោកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡាយីម៉ិច ហូលឌីងគ្រុប ដាក់ទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងកាលពីថ្ងៃទី ១៨ ខែមេសាម្សិលមិញនេះ។ ពាក្យបណ្តឹង​របស់យាយក្រពើ ដែលប្តឹងមន្រ្តីជាន់ខ្ពស់ខណ្ឌសែនសុខចំនួន ៨រូប ពីបទធ្វើលិខិតក្លែងក្លាយ ដោយទាមទារជំងឺចិត្ត «១០០លាន»ដុល្លារអាមេរិក។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: April 19, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មន្រ្តីខណ្ឌសែនសុខ រាជធានីភ្នំពេញ បានអះអាងថា ពួកគេមិនចាប់អាម្មណ៍ និងមិនមានការភ្ញាក់ផ្អើលសោះឡើយ ចំពោះពាក្យបណ្តឹងរបស់លោកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡាយីម៉ិច ហូលឌីងគ្រុប ដាក់ទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងកាលពីថ្ងៃទី ១៨ ខែមេសាម្សិលមិញនេះ។ ពាក្យបណ្តឹង​របស់យាយក្រពើ ដែលប្តឹងមន្រ្តីជាន់ខ្ពស់ខណ្ឌសែនសុខចំនួន ៨រូប ពីបទធ្វើលិខិតក្លែងក្លាយ ដោយទាមទារជំងឺចិត្ត «១០០លាន»ដុល្លារអាមេរិក។


ដីធ្លីមួយ ដែលដាក់ផ្សាយលើហ្វេសប៊ុក ឡាយីម៉ិច ហូលឌីងគ្រុប និងអ្នកស្រី ឈិន សុគន្ធារី។ (រូបថត​ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - ក្រោយពីប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡាយីម៉ិច ហូលឌីងគ្រុប ( Layimex Holding Grop) អ្នកស្រី ឈិន សុគន្ធារី ហៅ យាយក្រពើ បានដាក់ពាក្យបណ្តឹងរបស់ខ្លួន ទៅកាន់ព្រះរាជអាជ្ញាអមតុលាការ​ដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រម្សិលមិញរួចមក នៅថ្ងៃនេះ មន្រ្តីជាន់ខ្ពស់ខណ្ឌសែនសុខ បានចេញមុខ បដិសេធ​ចោលចំពោះការចោទប្រកាន់ទាំងនោះ។ នៅក្នុងពេលបណ្ដឹងនោះ អ្នកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ បានប្ដឹង​ចោទប្រកាន់ចំពោះមន្រ្តីធំៗ សាលាខណ្ឌសែនសុខចំនួន ៨ រូបនោះថា បាន ក្លែងលិខិតបញ្ជាក់ និងប្រើប្រាស់​លិខិត​បញ្ជាក់មិនពិត ឬលិខិតបញ្ជាក់ក្លែងក្លាយ។

បើតាមពាក្យបណ្តឹងរបស់ដើមចោទ គឺអ្នកស្រី ឈិន សុគន្ធារី បានបញ្ជាក់ថា មន្រ្តីធំៗរបស់ខណ្ឌសែនសុខទាំង ៨ នាក់នោះ មានឈ្មោះដូចតទៅ ទី១គឺ លោក លី សាវេត អភិបាលខណ្ឌសែនសុខ ទី២ លោក ជា ខេមា អភិបាលរង​ខណ្ឌសែនសុខ ទី៣ លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ទី៤ លោក ម៉ូវ ម៉ានិត អភិបាលរងខណ្ឌ​សែនសុខ ទី៥ លោក គិត សុផល បញ្ជាការក្នុងរាជអាវុធហត្ថខណ្ឌសែនសុខ ទី៦ លោក ពៅ ណារិទ្ធ ប្រធាន​ការិយាល័យ ដនសភ. ខណ្ឌសែនសុខ ទី៧ លោក ហុក ស៊ីណារ៉ា មន្ត្រីការិយាល័យ ដនសភ. ខណ្ឌសែនសុខ និង ទី៨ លោក អ៊ុក សុភា អនុប្រធានការិយាល័យ អន្តរវិស័យ ខណ្ឌសែនសុខ។

លោក ជា ខេមា អភិបាលរងខណ្ឌសែនសុខ និងជាអ្នកត្រូវបានយាយក្រពើប្តឹងផងនោះ បានថ្លែងប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ថា លោកមិនមានការភ្ញាក់ផ្អើល ឬភ័យខ្លាចបន្តិចសោះឡើយ ចំពោះពាក្យបណ្តឹងរបស់​យាយ​ក្រពើ។ លោកបញ្ជាក់យ៉ាងដូច្នេះថា «ចង់ប្តឹងអី ប្តឹងទៅ ស្រេចតែគាត់ទេ។ ខ្ញុំមិនចាប់អារម្មណ៍ឡើយ ពីព្រោះ​ខ្ញុំមិន​បានធ្វើអ្វីខុសដូចការចោទប្រកាន់របស់គាត់ផង។ ខ្ញុំមិនដែលស្គាល់គាត់ផង មិនដឹងថា មុខអ្នកស្រី ឈិន សុគន្ធារី ដែលប្តឹងខ្ញុំនោះមុខយ៉ាងម៉េចផង។»

ទាក់ទងនឹងបញ្ហានេះ គេនៅចាំបានថា កាលពីខែមីនា ឆ្នាំ ២០១៣ កន្លងទៅ អ្នកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ បានដាក់ពាក្យបណ្តឹង ប្ដឹងអតីតអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា និងគូកន ទៅកាន់ព្រះរាជអាជ្ញាអម​តុលាការ​ដំបូងរាជធានីភ្នំពេញ ពីបទរំលោភអំណាច ការក្លែងបន្លំ ការធ្វើប័ណ្ណដោយបំពាន ជាពិសេសគឺការធ្វើ​របាយការណ៍ភូតកុហកជូនលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថា អ្នកស្រីបានកាន់កាប់ដី​សាធារណៈ​របស់​រដ្ឋ​ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទំហំជាង ៣៤ហិកតា ដែលមានតម្លៃជាង ១០០លានដុល្លារអាមេរិក ដើម្បីរឹប​អូស​ដីទាំងអស់នេះ ដែលយាយក្រពើអះអាងថាជាកម្មសិទ្ធិរបស់គាត់ ធ្វើជាសម្បត្តិរដ្ឋ កាលពីឆ្នាំ ២០១២ កន្លងទៅ។ ក៏ប៉ុន្តែក្រោយមក ដីទាំងនោះ ត្រូវគេលក់ទៅឲ្យក្រុមហ៊ុនឯកជន សង់វិឡា ឬ ផ្ទះល្វែង លក់ដូរយ៉ាងគគ្រឹកគគ្រេង​ទៅវិញ។

នៅក្នុងពាក្យបណ្តឹងប្តឹងលោក កែម ជុតិមា នោះផងដែរ អ្នកស្រី ឈិន សុគន្ធារី ក៏បានទាមទារឲ្យតុលាការផ្ដន្ទាទោស​លោក កែប ជុតិមា និងគូកនតាមច្បាប់ និងប្ដឹងទាមទារប្រាក់ជំងឺចិត្តចំនួន ១០០លានដុល្លារ ពិសេសស្នើសុំឲ្យរដ្ឋ​ប្រគល់ដីទំហំជាង ៣៤ហិកតារឲ្យអ្នកស្រីគ្រប់គ្រងវិញ។ ប៉ុន្តែក្រោយមក តុលាការដំបូងរាជធានីបានសម្រេច​តម្កល់​រឿងនេះទុកឥតចាត់ការ។

ជាមួយគ្នានេះផងដែរ កាលពីពេលថ្មីៗនេះ ពោលគឺកាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៤ កន្លងទៅ ក្រោយពី​អភិបាល​រាជធានីភ្នំពេញថ្មីគឺលោក ប៉ា សុជាតិវង្ស ឡើងកាន់ដំណែង  អ្នកស្រី ឈិន សុគន្ធារី បានសរសេរលិខិតទៅ​លោក​អភិបាលថ្មីរូបនេះ ចាត់វិធានការតាមផ្លូវច្បាប់ចំពោះលោក កែប ជុតិមា និងគូកន ពាក់ព័ន្ធទៅនឹងការធ្វើឲ្យប៉ះពាល់​កម្មសិទ្ធិសាធារណៈ ពោលគឺ ការរំលោភយកផ្ទៃអាងស្តុកទឹក បឹងពោងពាយ ចំនួន ១៩,១៩ ហិកតា ពីទំហំដែល​លោក​នាយករដ្ឋមន្ត្រី បានឯកភាពឲ្យរក្សាទុកផ្ទៃអាងស្តុកទឹកទំហំ ៥៣,៥១ហិកតា ដែលជាក់ស្តែងអាងស្តុក​ទឹកនា​ពេលបច្ចុបន្ននេះ បានរួមតូចនៅសល់ត្រឹមតែទំហំ ៣៤,៣២ ហិកតា ដោយសារ លោក កែប ជុតិមា និងគូកន បាន​យកទៅដោះដូរជាមួយ ឧកញ៉ា លី យ៉ុងផាត់ ដោយគ្មានតម្លាភាព។ តែលោក ប៉ា សុជាតិវង្ស មិនបានធ្វើតាមសំណើ​នោះឡើយ៕

-----------------------------------------------
ដោយ ជា ធីរិទ្ធ (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៩ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...