អំណាចឆន្ទានុសិទ្ធិរបស់ចៅក្រមកម្ពុជា ក្នុងអង្គសវនាការ

អត្ថបទដ៏តូចមួយ ដើម្បីជាទស្សនទាន ដល់អ្នកអានទាំងឡាយ អោយបានយល់ និងពិចារណា ថាតើចៅក្រមមានអំណាចឆន្ទានុសិទ្ធិអ្វីខ្លះនៅពេលជុំនំជំរះក្តី? តើអ្វីខ្លះជាឆន្ទានុសិទ្ធិរបស់ចៅក្រម? និងយល់ថាតើចៅក្រមជានណា?
Loading...
  • ដោយ: ភ្នំធំ
  • កែប្រែចុងក្រោយ: September 18, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយមានប្រតិកម្មពីគ្រប់មជ្ឈដ្ឋាន ជាពិសេសមកពីប្រជាពលរដ្ឋ និងអ្នករងគ្រោះភាគច្រើន ដែលនិយាយរិះគន់ នឹងប្រព័ន្ធតុលាការបច្ចុប្បន្នក្នុងប្រទេសកម្ពុជា ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមលើកយកអត្ថបទដ៏តូចមួយ មកផ្សាយ គ្រាន់ដើម្បីជាទស្សនទាន ដល់អ្នកអានទាំងឡាយ អោយបានយល់ និងពិចារណា ថាតើចៅក្រមមានអំណាចឆន្ទានុសិទ្ធិ អ្វីខ្លះ នៅពេលជុំនំជំរះក្តី? តើឆន្ទានុសិទ្ធិរបស់ចៅក្រម មានន័យយ៉ាងណា? និងយល់ថា តើចៅក្រមជានណា?

  • ចៅក្រម គឺជាមន្ត្រីរបស់តុលាការ ជាមន្រ្តីជំរះក្តី ។ មានន័យថា ជាអ្នកស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ដែលរងនូវការ រំលោភបំពាន ពីសំណាក់ភាគីល្មើស ដែលក្នុងនោះ អាចមានអ្នកអាងអំណាច មាសប្រាក់ជាដើម នៅសាលាជុំរះក្តី (តុលាការ)។
  • អំណាចឆន្ទានុសិទ្ធិ គឺជាការសំរេចដោយឯករាជ្យរបស់ចៅក្រមជំនុំជំរះក្នុងអង្គសវនាការ ។ មានន័យថា ទោះបីជា មានការការគំរាម កំហែង ឬការជ្រៀតជ្រែកពីបុគ្គលណាម្នាក់ ឬអ្នកមានអំណាចណាមួយ ដោយផ្ទាល់ក្តី ឬដោយ ប្រយោលក្តី គឺនៅតែរក្សា នូវគោលការណ៍ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ដោយធ្វើការសំរេចសេចក្តី ដែលប្រកប ដោយវិចារណញ្ញាណ និងភាពឆ្លាតវៃ ។

តាមក្រមសីសធម៌របស់ចៅក្រម ចៅក្រមត្រូវប្រកាន់យកនូវការបំពេញការងារប្រកបដោយវិរិយភាព (សេចក្តីព្យាយាមឬ ប្រឹងប្រែង) ភាពទាងទាត់ និង យុត្តិធម៌ ការប្រតិបត្តិច្បាប់ឲ្យបានម៉ត់ចត់ មានសមភាពនៃទណ្ឌកម្ម ទៅលើជនដែលប្រព្រឹត្ត ល្មើសដូចគ្នា និង ជាមួយគ្នានេះផងដែរ ចៅក្រមត្រូវជៀសឲ្យផុតនូវភាពលំអៀងដោយការស្រលាញ់ លំអៀងដោយការ ស្អប់ ឬទោសៈ លំអៀងដោយការ ភ័យខ្លាច និងលំអៀងដោយការល្ងង់ អវិជ្ជា ។

មានន័យថា ចៅក្រមត្រូវបំពេញភារកិច្ចរបស់ខ្លួនដោយឯករាជ្យ ដោយឈរលើមូលដ្ឋាន នៃការវាយតម្លៃលើអង្គហេតុ និង ផ្អែកលើ ចំណេះដឹងផ្នែកច្បាប់ ដោយមិនទទួលរងនូវការអូសទាញ ការគៀប សង្កត់ ការគំរាមកំហែង ឬការជ្រៀតជ្រែក ពីជនណាម្នាក់ ឬច្រើន នាក់ ឬហេតុផលអ្វីមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី ដើម្បីបង្ហាញឲ្យឃើញថា ជាបុគ្គល មានចរិតយុត្តិធម៌ និងមូលគតិយុត្តិច្បាស់លាស់ក្នុងការវិនិច្ឆ័យសេចក្តី ។ ចៅក្រមត្រូវ ច្រានចោលនូវការប៉ុនប៉ងទាំងឡាយ ណា ដែលធ្វើឲ្យមានឥទ្ធិពល ដល់ការវិនិច្ឆ័យសេចក្តីរបស់ខ្លួន ។

ស្ថានភាពនៅកម្ពុជា

បច្ចុប្បន្ននៅកម្ពុជា ចៅក្រមភាគច្រើន ត្រូវបានគេមើលឃើញ ថាបានយកអំណាច ឆន្ទានុសិទ្ធិនេះ មកធ្វើជាឈ្នាន់ សំរាប់ ទាញយក លាភសការៈទៅវិញ ។ ក្នុងពេលជំរះសេចក្តី គាត់មិនធ្វើការវែកញែក ទាញរកហេតុផលជូនគូភាគី ព្រមទាំង ប្រមូលភស្តុតាង និងសាក្សី ដើម្បីពិនិត្យ និងសំរេចទេ ។ គាត់បែរជាទោទន់ទៅរកបក្ខពួកនិយម ទោទន់ដោយភាព លោភលន់ ទោទន់ដោយឋានៈ និងអំណាច សំរេចសេចក្តីពី ស ឲ្យក្លាយជាខ្មៅ សម្រេចសេចក្តីដោយមិនសំអាង ច្បាប់ មិនសំអាងហេតុផល មិនសំអាងភស្តុតាង និងឯកសារ ក្លែងបន្លំធ្វើឲ្យអ្នកខុស ទៅជាត្រូវ តាមដែលចិត្តខ្លួនចង់បាន។

កន្លងមក នៅសាលាដំបូងរាជធានី ក៏ដូចជានៅតុលាការខេត្ត-ក្រុងនានា អ្នកតាមដានប្រព័ន្ធតុលាការខ្មែរជាច្រើន បាន សង្កេតឃើញ ករណីចៅក្រមដែលបានប្រើនូវអំណាច ឆន្ទានុសិទ្ធិនេះ ដោយទំលាក់កំហុស ទៅលើជនស្លូតត្រង់ជាច្រើន សំនុំរឿង ហើយពុំមានការអើពើពីមជ្ឈដ្ឋានណាមួយឡើយ ជាពិសេសពីសំណាក់ក្រសួងយុត្តិធម៌ ឬឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម បើទោះជាមានការអំពាវនាវ ឬស្នើសុំពីសំណាក់ជនរងគ្រោះក៏ដោយ ។ មានករណីខ្លះ ដែលក្រសួងយុត្តិធម៌ ឬឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានទទួលដឹងលឺ តែមិនបានធ្វើអន្តរាគមអ្វីឡើយ ជាហេតុធ្វើឲ្យកំណើននៃជនរងគ្រោះ មានកាន់តែច្រើនឡើងៗ ។ រីឯបុគ្គលចៅក្រមទាំងនោះ នៅតែបន្តប្រព្រឹត្តិកំហុសនេះ ជាសុខសាន្តដរាបរាងមក។

ជាគោលការណ៍ច្បាប់

រាល់ការសំរេចដោយអំណាចឆន្ទានុសិទ្ធិ ដែលបំពានច្បាប់ មានន័យថា បុគ្គលទាំងនោះគឺបានធ្វើល្មើសទៅនឹងច្បាប់ ហើយ ត្រូវមានការដាក់ទណ្ឌកម្ម ពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។ តែមកទល់ពេលនេះ ពុំទាន់មានចៅក្រមណាម្នាក់ ត្រូវបាន ទទួលទោសវិន័យ ពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងករណីការប្រើអំណាចឆន្ទានុសិទ្ធិបំពានច្បាប់នេះឡើយ ។

ទោះបីជាពុំទាន់មានច្បាប់សហលក្ខន្តិកៈចៅក្រមក៏ដោយ តែយើងមានក្រមនីតិវិធីព្រហ្មទណ្ឌ មានក្រមព្រហ្មទណ្ឌ សំរាប់ ដាក់ទោសទៅលើចៅក្រមដែលបានប្រព្រឹត្តខុសច្បាប់ដែរ ។ ការប្រព្រឹត្តិ ខុសច្បាប់របស់ចៅក្រម ទោះជាទ្រង់ទ្រាយតូច ក៏ដោយ ក័ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។

ជនរងគ្រោះភាគច្រើន បាននិយាយជាលក្ខណៈទូទៅថា យុត្តិធម៌គ្មានទេនៅកម្ពុជា បើអ្នកគ្មានប្រាក់ គ្មានអំណាច ហើយ ទៅតតាំងក្ដីនឹងអ្នកដែលមានប្រាក់ មានអំណាចនោះ។ គេបានចោទជាសំនួរបន្តទៅទៀតថា តើគេត្រូវស្វែងរកអ្នកណា ផ្សេងទៀត ដែលអាចផ្តល់នូវភាពយុត្តិធម៌ពិតបាន ចំពោះអ្នកដែលគ្មានប្រាក់ គ្មានអំណាច? តើអ្នកអនុវត្តច្បាប់ពិត នៅ ឯណា? តើវប្បធម៌នៃនិ​ទណ្ឌ​ភាព​ នឹងមានរយះពេលដល់ពេលណា? រហូតជំនាន់កូនអ្នក? ចៅអ្នក? ចៅទួត? ឬចៅលួត របស់អ្នក?

តើវាជារឿងទទួលយកបានទេ ដែលអំណាចឆន្ទានុសិទ្ធិនេះ ក្លាយជាមធ្យោបាយ «ខ្លាញ់» សំរាប់បុគ្គលចៅក្រមខ្លួនឯង ដើរស្វែងរកលាភសការៈនោះ?

---------------------------------------------
ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី ១២ កញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...