នៅកម្ពុជា ជេរប្រមាថ និងគម្រាមតាមហ្វេសប៊ូក ត្រូវ«មានទោស»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៨ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 16, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីត្រូវបានសាកសួរ ដោយព្រះរាជអាជ្ញា លោក សៀង សុខ រួច យុវជន ផង់ សីហា ត្រូវបានបញ្ជូន ទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស តាមអំណាចក្រមព្រហ្មទណ្ឌ មាត្រា២៣៣ ដែលត្រូវផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារចន្លោះ ពី៦ខែ ដល់ ២ឆ្នាំ ពីបទ «គំរាមថានឹងសម្លាប់» លោក សុខ ទូច ប្រធានក្រុមការងារស្រាវជ្រាវព្រំដែន នៃរាជបណ្ឌិតសភាកម្ពុជា តាមបណ្តាញសង្គម នាពេលកន្លងមក។
ចំណាត់ការយ៉ាងរហ័ស របស់សមត្ថកិច្ច ក្នុងការចាប់ខ្លួនយុវជនរូបនេះ ក៏ទទួលបានការគាំទ្រដែរ ពីបណ្តាមន្រ្តី នៃអង្គការសង្កមស៊ីវិលមួយចំនួន។ ប៉ុន្តែមន្រ្តីអង្គការសង្គមស៊ីវិលទាំងនោះ បានស្នើឲ្យសមត្ថកិច្ចជំនាញទាំងនោះ អនុវត្តដោយឈរលើគោរលការណ៍ច្បាប់ ឯករាជ្យ អព្យរាក្រិត្យ និងតម្លាភាព ក្នុងការបង្ហាញភស្តុតាង ចំពោះការចោទប្រកាន់ ដែលស៊ីចង្វាក់។
មន្រ្តីអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងច្បាប់ សិទ្ធិមនុស្ស បានស្នើឲ្យមានវិធានការដូចគ្នានេះ តាមផ្លូវច្បាប់ ទៅលើក្រុម ឬបុគ្គល ដែលបានធ្វើការគម្រាមសម្លាប់ លោក កឹម សុខា អនុប្រធានទីមួយនៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ នាពេលកន្លងមកនេះដែរ។
សូមរំលឹកថា ជនសង្ស័យ ដែលសមត្ថកិច្ចចាប់ខ្លួនបាននេះ ជាម្ចាស់គណនីហេ្វសប៊ុកឈ្មោះ សី ហុយ (Sey Hu) ដែលបានគម្រាមសម្លាប់ លោក សុខ ទូច កាលពីថ្ងៃទី២៩ ខែសីហាថ្មីៗនេះ។ អាយុ ២៧ឆ្នាំ មានស្រុកកំណើត ខេត្តព្រៃវែង យុវជនរូបនេះ ត្រូវបានសមត្ងកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៥ ខែកញ្ញា តាមច្រកព្រំដែនប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ និងបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ហើយបន្តឃុំខ្លួននៅព្រៃសតែម្តង បន្ទាប់ពីបញ្ចប់ការសាកសួរ ដោយព្រះរាជអាជ្ញា។
សំណេរគម្រាម ជាមួយនឹងរូបថតកាំភ្លើង និងរូបថតលោក សុខ ទូច ដែលបានបង្ហោះ នៅលើទំព័រហ្វេសប៊ុកនោះ មានន័យជាអាថ៌ថា៖ «ទុកបាញ់ក្បាល សុខ ទូច អាបណ្ឌិតខួរឆ្កែ អាបណ្ឌិត កែប្រែប្រវត្តិសាស្រ្ត អាបណ្ឌិតលក់ខួរឲ្យយួន»។
» សូមអានអត្ថបទបន្ថែម ដោយចុចនៅលើទីនេះ។
គេនៅមិនទាន់ដឹងថា តើករណីរបស់យុវជន សីហា នេះ ត្រូវបានអាជ្ញាធរស៊ើបអង្កេត ឃើញជាមួយនឹងវត្ថុតាងពិតប្រាកដ (មានកាំភ្លើងមែន ឬយុវជនបានប្រព្រឹត្ត ទៅទិញអាវុធ និងចាប់ផ្ដើមសកម្មភាព ដើម្បីឈានទៅអនុវត្តន៍ ដូចអ្វីដែលខ្លួនបានសរសេរ) ឬនៅត្រឹមតែជាការសង្ស័យ នោះឡើយ។
ប៉ុន្តែប្រសិននៅត្រឹមជាការសង្ស័យ នោះបើតាមច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល ត្រង់មាត្រា៣៨ បានបង្ហាញថា វិមតិសង្ស័យត្រូវបានជាប្រយោជន៍ ដល់ជនជាប់ចោទ។ ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការ មិនទាន់កាត់ទោសជាស្ថាពរ។ មាត្រាដដែលនេះ បានចែងបន្តថា៖ «ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយ នឹងអាចធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវ តាមបញ្ញត្តិច្បាប់។ ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ឬប្រព្រឹត្តិកម្មណាមួយ ដែលបន្ថែមទម្ងន់ ទណ្ឌកម្ម អនុវត្តចំពោះជនជាប់ឃុំឃាំង ឬជាប់ពន្ធនាគារត្រូវហាមឃាត់ មិនឱ្យធ្វើឡើយ។ អ្នកដៃដល់ អ្នករួមប្រព្រឹត្ត និងអ្នកសមគំនិត ត្រូវទទួលទោសតាមច្បាប់។ ការទទួលសារភាព ដែលកើតឡើង ពីការបង្ខិតបង្ខំតាមផ្លូវកាយក្ដី តាមផ្លូវចិត្តក្ដី មិនត្រូវទុកជាភស្តុតាង នៃពិរុទ្ធភាពទេ។»
ករណីនៃការគម្រាបសម្លាប់ តាមរយៈបណ្តាញសង្គម ត្រូវបានគេប្រទះឃើញជាញឹកញាប់ណាស់ ក្នុងពេលកន្លងមក។ តួយ៉ាងក្នុងឆ្នាំ២០១៣ មេដឹកនាំក្រុមប្រឆាំង លោក កឹម សុខា ធ្លាប់ទទួលរងនូវការកម្រាម សម្លាប់នេះ តាមបណ្តាញសង្គម ហ្វេសប៊ូកដែរ។ លោកធ្លាប់បានដាក់ពាក្យបណ្តឹង ដើម្បីស្នើឲ្យសមត្ថកិច្ច ស្វែងរកចាប់ខ្លួន តែរហូតមកដល់ថ្ងៃនេះ នៅមិនទាន់មានមុខសញ្ញា ហើយជននោះ ក៏កំពុងស្ថិតនៅក្រៅសំណាញ់ច្បាប់ នៅឡើយ៕