ក្រសួងអប់រំឲ្យដាក់វិន័យ លើសិស្សប្រុស ដែលវាយសិស្សស្រី
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 24, 2015
- ប្រធានបទ: អប់រំ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ក្រសួងអប់រំ យុវជន និងកីឡា ស្នើសុំឲ្យវិទ្យាល័យដំដែក បង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីមានវិធានការអប់រំ ចំពោះអ្នកប្រព្រឹត្ត ស្របតាមប្រការ១១នៃប្រកាស ស្តីពីបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ» នេះជាអ្វី ដែលគេអាចអានបាន នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំកម្ពុជា ឆ្លើយតបទៅនឹងវីដេអូឃ្លីបមួយ ដែលត្រូវបានគេយកមកបង្ហោះ យ៉ាងព្រោងព្រាត នៅលើបណ្ដាញសង្គម។
វីដេអូ ដែលបានបណ្ដាល ឲ្យមានចំណាប់អារម្មណ៍ ពីក្រសួងអប់រំនោះ បានបង្ហាញឲ្យឃើញ នូវអំពើហិង្សាមួយ បង្កឡើងដោយសិស្សប្រុសមួយរូប បានប្រើកណ្ដាប់ដៃ ជាច្រើនដាល់ ទៅលើក្បាល របស់សិស្សស្រីម្នាក់ទៀត ដែលអង្គុយក្នុងតុរួមថ្នាក់តែមួយ។ បើតាមក្រសួងអប់រំ ឃ្លីបវីដេអូនេះ ត្រូវបានថតចេញ ពីថ្នាក់ទី៩ខ នៃវិទ្យាល័យដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ក្នុងសេចក្ដីប្រកាស របស់ក្រសួងចុះថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៥ ដែលត្រូវបានយកមកបង្ហោះ ទៅលើគណនីហ្វេសប៊ុក របស់លោក ហង្ស ជួនណារ៉ុង រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡានោះ បានសរសេរទៀតថា ត្រូវមានវិធានការ«អប់រំ» ទៅតាមកម្រិតនៃកំហុស ដោយអប់រំណែនំា ស្តីបន្ទោស ដោយចុះក្នុងសៀវភៅសិក្ខាគារិក ព្រមាន ជាលាយលក្ខណ៍អក្សរ និងតម្រូវឲ្យសិស្ស ដែលប្រព្រឹត្តកំហុស ធ្វើការងារពលកម្ម បម្រើសហគមន៍ នៅក្នុងវិទ្យាល័យដំដែក ក្នុងគោលដៅ កុំឲ្យទង្វើបែបនេះ កើតឡើងនៅពេលក្រោយទៀត និងចៀសវាងសិស្សដទៃទៀត យកតម្រាប់តាម។
ប្រតិកម្មភ្លាមៗ របស់ក្រសួង តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះ ត្រូវបានទទួលស្វាមគមន៍ ជាទូទៅ ពីបណ្ដាជនអ្នកប្រើប្រាស់ បណ្ដាញសង្គម។ សេចក្ដីប្រកាស ដែលបានបង្ហោះ នៅលើគណនីហ្វេសប៊ុក របស់លោករដ្ឋមន្ត្រី ត្រូវបានគេយកទៅចែករំលែក ជិត៥០០នាក់ គ្រាន់តែក្នុងរយៈពេលបីម៉ោងប៉ុណ្ណោះ។
ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គម មួយចំនួនទៀត យល់ថា ការអប់រំដែលមាននៅ តែតាមសាលារៀន មិនគ្រប់គ្រាន់ទេ។ គេគប្បីត្រូវធ្វើដូចគ្នាដែរ តាមរយៈគ្រួសារ និងតាមរយៈសង្គម។ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូប បានលើកឡើងថា សាលារៀនជាផ្នែកមួយ តែបើចេញមកខាងក្រៅ សម្បូរទៅដោយការកាប់ចាក់ វាយដុំទៅលើស្ត្រី ហើយមិនដែលឃើញ មានអាជ្ញាធរណា យកច្បាប់មកអនុវត្តន៍នោះ ទង្វើនេះ នឹងដិតជាប់ក្នុងអារម្មណ៍កុមារ និងឈានទៅយកករណីហិង្សានោះ មកអនុវត្តន៍ដោយខ្លួនឯង នៅថ្ងៃណាមួយ ដូចវីដេអូនេះ ជាឧទាហរណ៍ស្រាប់៕
» វីដេអូហិង្សារបស់សិស្សប្រុស ដែលត្រូវបានយកមកបង្ហោះ លើបណ្ដាញសង្គម៖
» សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា