ប៉ីប៉ីលី (PeyPey Ly) ថតវីដេអូ ប្រកាសលេបថ្នាំសម្លាប់ខ្លួន?
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ តុលា ២០១៤
- កែប្រែចុងក្រោយ: October 14, 2014
- ប្រធានបទ: អត្តឃាត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កញ្ញា ប៉ីប៉ីលី (Pey Pey Ly) ដែលគេស្គាល់ថា ជាយុវតីមួយរូប ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានា ជាមួយគណបក្សសង្គ្រោះជាតិ និងការទាមទារយុត្តិធម៌ របស់ប្រជាពលរដ្ឋខ្មែរនាពេលកន្លងមក បានប្រកាសធ្វើអត្តឃាត តាមរយៈការលេបថ្នាំច្រើនគ្រាប់ បន្ទាប់ពីបានបង្ហាញពីការមិនសប្បាយចិត្តមួយចំនួន តាមរយៈវីដេអូឃ្លីបរបស់ខ្លួន ក្នុងរយៈពេលជាង១០នាទី មុននឹងកញ្ញាសម្រេចចិត្ត ។
ការលេបថ្នាំសម្លាប់ខ្លួនរបស់ ប៉ីប៉ី លី ហើយថែមទាំងបានថតវីដេអូ បង្ហោះលើយូធូប (YouTube) កាលពីយប់ថ្ងៃទី១៣ ខែតុលា និងបន្ទាប់មកបានបង្ហោះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាង នៅព្រឹកថ្ងៃទី១៤ ខែតុលានោះ ក្រោយការបញ្ជាក់មូលហេតុរបស់កញ្ញាថា រងសម្ពាធម៉ាក់ងាយ ពីអ្នកនៅជុំវិញខ្លួន ដោយចោទប្រកាន់នាងថាជាមនុស្សឆ្កួត ឬមនុស្សអ៊ីចេះ មនុស្សអ៊ីចោះជាដើម។ ជាមួយនឹងការលើកឡើងនេះ កញ្ញាថា កញ្ញាស្អប់សង្គមបច្ចុប្បន្ននេះណាស់ ដែលពោរពេញទៅដោយនិន្នាការ នៃការរើសអើងគណបក្សនយោបាយ។
កញ្ញាបន្តថា មនុស្សគ្រប់រូប មានសិទ្ធិក្នុងការជ្រើសរើស ចូលរួមគ្រប់សកម្មភាពស្របច្បាប់ នៃគណបក្សនយោបាយមួយ ដែលខ្លួនស្រលាញ់។ ទោះកញ្ញាបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៩ កញ្ញាអាចធ្វើការមួយចំនួន តាមលទ្ធភាព និងសមត្ថភាពបាន។ តែដោយនិន្នាការសង្គមរើសអើង គណបក្សនយោបាយ បានធ្វើឲ្យកញ្ញាគ្មានការងារធ្វើ នៅគ្រប់កន្លែង ព្រោះតែកញ្ញាចូលរួមសកម្មភាព ជាមួយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានទូរស័ព្ទទៅអ្នកស្និតនឹងកញ្ញាប៉ីប៉ី លី ដែលធ្លាប់ធ្វើសកម្មភាពសង្គមនានាជាមួយគ្នានោះ តែភ្ជាប់ទំនាក់ទំនងមិនបាន ធ្វើឲ្យការសម្លាប់ខ្លួន នៅមិនទាន់អាចបញ្ជាក់ថា វាជាការពិតឬយ៉ាងណានៅឡើយ។
ប៉ុន្តែ នៅក្នុងវីដេអូដដែល ប៉ីប៉ី លី បាននិយាយទៀតថា ជាមួយនឹងសម្ភាធគ្រួសារ ដែលមានម្តាយបង្កើត និងឪពុកចុង ក្នុងនិន្នាការគណបក្សនយោបាយផ្សេងគ្នា និងក្រោមមូលហេតុដ៏ច្រើនដទៃទៀត បានបង្ខំចិត្តឲ្យកញ្ញា ធ្វើការជ្រើសរើសផ្លូវស្លាប់ ដើម្បីបញ្ចប់បញ្ហា ទាំងក្មេងវ័យ។
និយាយទាំងទឹកភ្នែក កញ្ញាបានបញ្ជាក់ពីបំណងប្រាថ្នាចុងក្រោយ ថាសូមកុំឲ្យប្រជាពលរដ្ឋគ្រប់រូបអភ័ព្វដូចនាង។ កញ្ញាបានផ្តាំផ្ញើទាំងរដាក់រដុបអួលដើមក ទៅមនុស្សទាំងអស់ ពិសេសអ្នកដែលចង់បានឪពុកឬម្តាយចុង ត្រូវរើសយកអ្នកណាដែលចេះស្រលាញ់កូន មិនមើលងាយកូន និងគ្រួសារ។ កញ្ញាក៏ស្នើដល់រដ្ឋាភិបាល គួរយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទូទៅ ដោយមិនមាននិន្នាការនយោបាយ។ ពិសេសគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមក្នុងរដ្ឋាភិបាល ក៏ដូចជាសភា ធ្ចើយ៉ាងណាបំបាត់អំពើពុករលួយ ចាប់តាំងពីក្នុងរហូតដល់ក្រៅ។
យ៉ាងណាក៏ដោយការស្លាប់របស់ ប៉ីប៉ីលី ក៏រងការរិគន់ជាច្រើនពីអ្នកគាំទ្ររបស់នាង។ លោក កែវ សាម៉ាឌី (Samady KS) អ្នកបង្ហោះមតិយោបល់ដ៏ល្បីឈ្មោះ ក្នុងគេហទំព័ររបស់លោក បានសរសេរថា៖ «ខំតស៊ូពីដើមមក មិនខ្លាចស្លាប់ទេ ដល់មកចង់ស្លាប់របៀបនេះ វាក្លាយជាគ្មានតម្លៃទៅវិញ។ សូមអោយក្លាយជាមនុស្សមានតម្លៃដូចមុនវិញ ពាក្យចាស់លោកពោលថា ស្លាប់មានឈ្មោះ រស់មានន័យ។»
ឯលោក អ៊ុត សៀម (Ut Soim) បានបន្តថា៖ «លេងអីចឹងៗ!!! កើតមកជាមនុស្ស រាប់ថាជាបុណ្យណាស់ទៅហើយ បែរជាមិនស្លាប់ឱ្យមានន័យជាងនេះតិចទៅ»។ រីឯលោក ព្រឿង ចំណាប់ (CHAMNAB PROEUNG) បានលើកឡើងថា «យុវជនសង្រ្គោះជាតិ មិនសមមានមនុស្ស ដែលទន់ជ្រាយបែបនេះសោះ»។ ចំណែកម្ចាស់គណនីមួយ ឈ្មោះ មូលី នីកា (Moli Nika) បាននិយាយហាក់ដូចជាមិនជឿថា៖ «លេបថ្នាំតាំងពីយប់ ឥលូវងើបមកផូស clip teat»៕
សូមទស្សនាវីដេអូឃ្លីប ដូចតទៅ៖