ទំព័រហ្វេសប៊ុកគាំទ្របក្សប្រជាជនដ៏ល្បីមួយ ត្រូវបានលួច Hack
ទំព័រហ្វេសប៊ុកល្បីឈ្មោះមួយ ឈ្មោះហៅថា «យុវជនឈានមុខ» ដែលមាននិន្នាការយ៉ាងសកម្ម គាំទ្រគណបក្សប្រជាជនកម្ពុជា ត្រូវបាន«ចោរ»ដ៏ជំនាញមួយរូប លួចប្ដូរទិន្និន័យអភិបាល (Hack) នៃទំព័រដើម្បីយកទៅគ្រប់គ្រងជំនួស ហើយថែមទាំងបានផ្ញើរសារដោយចេញមុខ ព្រមានម្ចាស់ទំព័រដើមនោះទៀតផង។ ទំព័រហ្វេសប៊ុក ដែលបានខិតខំកសាងភាពល្បីល្បាញរបស់ខ្លួនពីដំបូងឡើយ ដោយសារតែមានសមាជិកម្នាក់ពីក្នុងទំព័រនោះ តែងតែសូត្រធម៌ដើម្បីដាក់ផ្សាយ។
ទំព័រហ្វេសប៊ុក «យុវជនឈាមមុខ» នៅក្រោយការប្ដូរទិន្នន័យអភិបាលរួច ក្នុងថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០១៣។ (រូបថតផ្ដិតពីអេក្រង់)
បណ្ដាញសង្គមនៅកម្ពុជា - ឈប់ឃើញទៀតហើយ រូបភាពដែលទំព័រ«យុវជនឈានមុខ» តែងតែផ្សាយពីភាពរីកចម្រើនអស្ចារ្យ មហាលោតផ្លោះនៃការដឹកនាំរបស់នាយករដ្ឋមន្ត្រីចាស់វស្សា លោក ហ៊ុន សែន ជិត៣០ឆ្នាំកន្លងមក។ តែនៅពេលនេះ គេបែរជាបានឃើញពីរូបភាព នៅក្របខាងមុខ អំពើហិង្សាដែលក្រុមអាជ្ញាធរ បានប្រើប្រាស់ទៅលើបាតុករថ្ងៃទី១២ខែវិច្ឆិកា និងមានរូបអ្នកស្រី យ៉ោម បុប្ផា សកម្មជនទាមទារសិទ្ធិដីធ្លីនៅបឹងកក់ ជារូបប្រចាំគណនីនោះទៅវិញ។
ទំព័រដែលមានអ្នកចូលចិត្តជាង ៣ម៉ឺននាក់ ដោយសារការផ្សាយពាណិជ្ជកម្មនៅលើហ្វេសប៊ុក ធ្លាប់តែបង្ហោះផ្សាយ នូវរូបភាព វីដេអូ ប្រឆាំងនឹងគណបក្សសង្គ្រោះជាតិនោះ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ឈ្មោះ វីចូរ៉ា គីម (Vichora Kim) ដែលមិនចូលចិត្តគណបក្សប្រជាជនកម្ពុជា លួចប្ដូរទិន្នន័យអភិបាល (Hack) យកមកគ្រប់គ្រងនៅថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាប្រហែលជាថ្ងៃត្រង់ (ម៉ោងនៅកម្ពុជា)។ ម្ចាស់ទំព័រនេះមុន ដែលត្រូវបានគេស្គាល់ថា ជាបងប្អូនត្រកូល «ម៉ិច» នោះ បានតាមអង្វទាមទារការគ្រប់គ្រងទំព័រនេះមកវិញ តែទំនងជា វីចូរ៉ា គីម មិនព្រមតាមការអង្វនោះឡើយ។
បងប្អូនត្រកូលម៉ិច ដែលត្រូវបានកាត់បន្ថយសិទ្ធិជាអភិបាលទំព័រ បានសរសេរនៅលើទំព័រថា «ហេតុអី្វបានជាមិត្តមិនទុកអោយពួកខ្ញុំបញ្ចេញមតិ តាមតែពួកខ្ញុំមើលឃើញផង? (...) ខ្ញុំមិនដែលជេរត និងប្រមាថអ្នកវិញទេ ពួកខ្ញុំគ្រាន់តែបញ្ចេញមតិតាមក្រមសីលធម៏តែប៉ុណ្ណោះ»។ ប៉ុន្តែការអង្វករទាំងនោះ ត្រូវបានអ្នកលេងហ្វេសប៊ុកដទៃទៀត ដែលមិនចូលចិត្តក្រុមយុវជនឈានមុខទាំងនេះស្រាប់ បញ្ចេញកំហឹងដាក់បន្ថែមទៀត។ ម្នាក់ពីក្នុងចំណោមនោះ បានដាក់វាចាថា «ការបញ្ចេញមតិគេមិនដែលហាមទេ។ តែមតិ និងទង្វើដែលធ្វើចេញមក ធ្វើឲ្យមហាជនមិនពេញចិត្ត និងមិនគាំទ្រ។»
ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានអ្នកនិយាយឲ្យ «ចោរអាំងធើណែត» ប្រគល់ទំព័រនេះត្រឡប់ទៅម្ចាស់ដើមវិញ ដោយអ្នកទាំងនោះនិយាយថា នេះជាអំពើមិនថ្លៃថ្នូ ហើយអ្នកខ្លះទៀត និយាយថា គួរសងទំព័រនេះឲ្យទៅម្ចាស់ដើមវិញ ដើម្បីនៅពេលបានបង្ហោះអ្វីមួយ ទុកគ្រាន់គេតាម«ជេរ»។ល។ ប៉ុន្តែនៅថ្ងៃទី២២ខែវិច្ឆិកានេះ «ចោរអាំងធើណែត» ដែលទទួលខ្លួនថាជាម្ចាស់ទំព័រមួយទៀត មាននិន្នាការប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន នោះ បានចេញផ្សាយវីដេអូមួយ បង្ហាញពីមូលហេតុនៃការ «ហែកទំព័រយុវជនឈានមុខ» ដោយសារតែម្ចាស់ទំព័រមុន ត្រូវបានចោទថាធ្វើអំពើមិនគប្បី ដូចសូត្រធម៌យកសាសនាមកបាំង ឬបង្ហោះនូវរឿងមិនពិតប៉ះពាល់ដល់ប្រទេសជាតិនោះជាដើម។ វីដេអូនោះ ត្រូវបានទំព័រធំៗផ្សេងទៀត ដែលគាំទ្រគណបក្សសង្គ្រោះជាតិ យកទៅបង្ហោះផ្សាយបន្តយ៉ាងព្រោងព្រាត។
នៅក្នុងពេលបច្ចុប្បន្ន ទំព័រហ្វេសប៊ុក ដែលត្រូវបានគេ«ហែក»ឬ«លួចប្ដូរទិន្នន័យអភិបាល»បានសម្រេចនោះ ពិបាកនឹងទារត្រឡប់មកវិញណាស់។ វិធីតែមួយគត់ ដែលម្ចាស់ទំព័ររងគ្រោះអាចធ្វើបានក្នុងពេលនេះ គឺមានតែរាយការណ៍ (Report) ឡើងទៅហ្វេសប៊ុកប៉ុណ្ណោះ។ អ្នកប្រើប្រាស់ហ្វេសប៊ុក និងជាម្ចាស់ទំព័ររងគ្រោះ អាចចូលទៅពិគ្រោះទំព័រជំនួយការរបស់ហ្វេសប៊ុក ដោយចុចនៅលើទីនេះ។ ប៉ុន្តែអំពើចូលទៅហែក ឬចូលទៅប្ដូរទិន្នន័យអភិបាល របស់ទំព័រណាក៏ដោយ មិនមែនជាអំពើត្រឹមត្រូវនោះទេ ហើយមិនគួរនឹងត្រូវបានលើកទឹកចិត្តនោះឡើយ។ ម្យ៉ាងទៀត គប្បីយល់ថា «អ្នកមិនអាចអួតអាងថាអ្នកស្រឡាញ់អំពើយុត្តិធម៌ នៅពេលដែលអ្នកសាងអំពើអយុត្តិធម៌»នោះឡើយ៕
-------------------------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង [email protected]) - ថ្ងៃទី២២ វិច្ឆិកា ២០១៣