ប្រាំចំណុចសាមញ្ញ សម្រាប់អ្នកប្រើប្រាស់ហ្វេសប៊ុក មានសុវត្ថិភាព
តើអ្នកមានអារម្មណ៍ថា គួរឲ្យភ័យខ្លាចឬទេ បន្ទាប់ពីដំណឹងនៃការចាប់ខ្លួន យុវជនអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុកមួយរូប ដោយកងកម្លាំងរាជអាវុធហត្ថនៅខេត្តស្ទឺងត្រែង ពីបទបរិហាកេរ្ត៍នៅលើបណ្ដាញសង្គមនោះ? តែទោះជា ខ្លាច ឬមិនខ្លាចយ៉ាងណាក៏ដោយចុះ ក៏ការចាប់ឃាត់ខ្លួននេះ អាចជាការព្រមានមួយ។ ដូច្នេះ អត្ថបទខាងក្រោមនឹងជួយឲ្យអ្នក ឲ្យស្វែងយល់ខ្លះបន្ថែមទៀត នៅពេលអ្នកចូលទៅលេងហ្វេសប៊ុកឲ្យមានសុវត្ថភាព។
ជនលាក់មុខ នៅពីខាងក្រោយ អេក្រង់ ដែលបង្ហាញពីគេហទំព័រហ្វេសប៊ុក។
បណ្ដាញសង្គម - វត្តមានរបស់ហ្វេសប៊ុក បានជួយឲ្យទំនាក់ទំនងរវាងមនុស្សនិងមនុស្ស កាន់តែមានភាពប្រសើរឡើង។ មនុស្សជាច្រើន បានមើលឃើញ ពីគុណសម្បត្តិរបស់ហ្វេសប៊ុក។ តែផ្ទុយទៅវិញ គុណវិបត្តិមួយមួយចំនួន ក៏ត្រូវបានមើលរំលង ដែលអាចជាហេតុបង្កនៅគ្រោះថ្នាក់ដល់អ្នកលេងទាំងនោះផងដែរ។ ជាពិសេស នៅពេលអ្នកមានមិត្តភក្ត័ហ្វេសប៊ុកជាច្រើន ដែលអ្នកមិនស្គាល់ឬមិនដឹងចិត្ត។
ក្នុងករណីចាប់ខ្លួនយុវជនអ្នកលេងហ្វេសប៊ុក នៅខេត្តស្ទឺងត្រែង អាចធ្វើទៅបាន ដោយសារតែប្រទេសកម្ពុជា មានប្រព័ន្ធច្បាប់ទន់ខ្សោយ ហើយបុគ្គលសាធារណៈ ដែលមានអំណាចមួយចំនួន មានការរអៀសខ្លួននៅពេលមាននរណាម្នាក់បំពារបំពានមកលើខ្លួន។ នៅក្នុងបណ្ដាប្រទេសប្រកាន់នូវលិទ្ធិប្រជាធិបតេយ្យ និងមានប្រព័ន្ធច្បាប់រឹងមាំ គ្មានពលរដ្ឋណាម្នាក់ត្រូវចាប់ខ្លួនដោយសារតែខ្លួនខឹងក្ដៅក្រហាយ នឹងបុគ្គលសាធារណៈនោះឡើយ។ ដូច្នេះ មុននឹងកំណែទម្រង់របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថ្មី នឹងត្រូវបានរីកជ្រួតជ្រាបទៅដល់ក្រុមបុគ្គលសាធារណៈទាំងនោះ អ្នកលេងហ្វេសប៊ុកគួរប្រុងប្រយ័ត្ន ពីចំណុចទាំងប្រាំដូចខាងក្រោម៖
១. ប្រុងប្រយត្ន័ចំពោះរូបថតដែលបង្ហោះតាមហ្វេសប៊ុក
មុនពេលសម្រេចចិត្តបង្ហោះរូបភាពអ្វីមួយ តាមរយៈបណ្តាញសង្គមដ៏ល្បីមួយនេះ សូមធ្វើការពិចារណា និងគិតឲ្យបានល្អិតល្អន់មុននឹងបង្ហោះ ព្រោះវាអាច បណ្តាយឲ្យជនមិនល្អដែលជាមិត្តរបស់អ្នកតាម ហ្វេសបុកដែលនោះ អាចយករូបថតរបស់អ្នកធ្វើអ្វីផ្តេសផ្តាស។
២. ប្រុងប្រយត្ន័ចំពោះការបង្ហាញអាសយដ្ឋានអចិន្ត្រៃយ៏ និងទីស្ថិតដែលខ្លួនកំពុងស្ថិតនៅ
ប្រិយមិត្តហ្វេសបុកមួយចំនួន ពេញចិត្តក្នុងការបង្ហាញទីតាំងដែលគេកំពុងស្ថិតនៅ តែកុំភ្លេចថា នោះអាចជាភាពងាយស្រួលមួយ ជួយដល់ក្រុម«អមិត្ត» ដឹងពីប្រវត្តិនៃដំណើររបស់ម្ចាស់អាសយដ្ឋាននោះ។ ហេតុដូច្នេះ អមិត្តទាំងនោះ ងាយស្រួលក្នុងការរៀបចំគម្រោងទៅស្វែងរកអ្នក ដើម្បីធ្វើបាបអ្នកបានដោយស្រួល ដូចជាវាយធ្វើបាប ចូលទៅប្លន់ ឬចាប់រំលោភនៅទីកន្លែងដែលបានបង្ហាញប្រាប់ នៅលើហ្វេសប៊ុកជាដើម។
៣. ប្រុងប្រយត្ន័ចំពោះថ្ងៃខែឆ្នាំកំណើត និងឈ្មោះពិត
ការបង្ហាញទិន្នន័យដោយដាក់ឈ្មោះ និងថ្ងៃខែឆ្នាំកំណើតពិត ងាយឲ្យ«អមិត្ត»របស់អ្នកបានដឹងពីអ្នក បានដោយងាយ។ ដូច្នេះពួកគេងាយស្រួលក្នុងការបន្លំឯកសារ ឬ យកក្នុងករណីសំខាន់ៗរបស់អ្នក បានដោយស្រួល ដូចជាបន្លំលិខិតកិច្ចសន្យាអ្វីមួយជាដើម។
៤. ប្រុងប្រយត្ន័ចំពោះការបង្ហាញពីសកម្មភាពក្រុមគ្រួសារ និងជនជាទីស្រឡាញ់
សេចក្តីស្រឡាញ់ ក្លាយជា«ចំណុចខ្សោយ»របស់មនុស្សភាគច្រើន ហើយមនុស្សម្នាក់ៗតែងតែចង់បង្ហាញទំហំនៃការស្រឡាញ់នោះ ទៅកាន់អ្នកដទៃឲ្យបានដឹងពីរឿងរបស់ពួកគេ។ ទោះបីជាយ៉ាងណា ការដែលអ្នកធ្វើបែបនេះ ងាយស្រួលដល់សត្រូវរបស់អ្នក អាចចាប់យកចំណុចខ្សោយនេះ ដើម្បីធ្វើការគំរាមកំហែង ឬចាប់ជំរិតគ្រួសារអ្នកបានដោយងាយ។
៥. ប្រុងប្រយត្ន័ចំពោះការបន្ថែមមិត្តថ្មីដែលអ្នកមិនស្គាល់
ការប្រើប្រាស់ហ្វេសបុក ងាយស្រួលដល់អ្នកលេងបានដឹង ពីពត៌មានជាច្រើនពាក់ពន្ឋ័ជុំវិញមិត្តភក្ត័ម្នាក់ៗ។ ការបន្ថែមមិត្តថ្មី ដែលអ្នកមិនស្គាល់ និងមិនដឹងថាពួកគេជាមនុស្សបែបណា អាចបណ្តាលឲ្យអ្នកងាយជួបរឿងចម្លែកៗ បណ្តាលពីមិត្តដែលអ្នកមិនស្គាល់។
ដូច្នេះសូមប្រិយមិត្តហ្វេសប៊ុកទាំងអស់គិតគូរឲ្យបានវែងឆ្ងាយ មុនសម្រេចចិត្តបង្ហោះអ្វីមួយ តាមបណ្តាញមួយនេះ ដើម្បី ជៀសវាងនូវទុក្ខទោស ដែលអាចងាកត្រឡប់មករកខ្លួនអ្នកវិញ។ ម្យ៉ាងទៀត ប្រិយមិត្តអាចចូលទៅស្វែងយល់ និងដាក់ឲ្យដំណើរការ នូវការ«កំណត់ភាពឯកជន» នៃគណនេយ្យរបស់អ្នក ដើម្បីឲ្យដឹងប្រាកដថា តើអ្វីមួយដែលអ្នកត្រូវផ្សាយជាសាធារណៈ និងអ្វីខ្លះដែលអ្នកត្រូវទុកនៅក្នុងរង្វង់តែខ្លួនអ្នក ឬមិត្តភ័ក្រអ្នក។ ការកំណត់ភាពឯកជននោះ អ្នកចូលទៅបាន ដោយចុចលើទីនេះ៕
-------------------------------------------------
ដោយ៖ ក. សេងហុង ថ្ងៃ២២ ខែវិច្ឆិការ ឆ្នាំ ២០១៣
រក្សាសិទ្ឋដោយ៖ ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ