សភា​​ហៅ​រដ្ឋ​មន្រ្តី​ក្រសួង​ការងារ មក​សួរ​នាំ​ជា​លើក​ទី១ តាំង​ពី​ប្រាំ​អាណត្តិ​មក​ហើយ

តាំងពីប្រាំអាណត្តិមកហើយ ដែលរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនដែលត្រូវបានរដ្ឋសភាជាតិ កោះ​ហៅ​មក​បកស្រាយបំភ្លឺ។ ប៉ុន្តែសម្រាប់លោក អ៊ិត សំហេង រដ្ឋមន្ត្រីនៅក្នុងអណត្តិនេះ បានថ្លែងឡើងថា ការកោះ​ហៅ​លើក​នេះ ជា​លើក​ទី​មួយ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 14, 2014
  • ប្រធានបទ: វិបត្តិការងារ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន លោកស្រី កែ សុវណ្ណរតន៍ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈ​កម្មការ​សុខាភិបាល សង្គម​កិច្ច អតីត​យុទ្ធជន យុវនីតិ​សម្បទា ការងារ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី​នៃ​រដ្ឋសភា (គណៈ​កម្មការ​ទី៨) ហៅ​មក​សាកសួរ តតាំង​ចំពោះ​មុខ​គណកម្មការ​ទី៨​នៃរដ្ឋសភា ពាក់​ព័ន្ធ​នឹង​បញ្ហា​ការងារ បញ្ហា​ប្រាក់​ខែ​គោល​របស់​កម្មករ និយោជិក​ជា​ដើម។

ក្នុងកិច្ចសំភាស ជាមួយ​អ្នក​សារព័ត៌មាន​មុន​កិច្ច​ជំនួប​នេះ លោក អ៊ិត សំហេង បាន​សរសើរ​និង​បញ្ជាក់​យ៉ាង​ខ្លី​ហើយ​ខ្លឹម​ថា នេះ​ជា​លើក​ទី១​ហើយ ដែល​រដ្ឋសភា​កម្ពុជា បាន​កោះ​ហៅ​រូប​លោក មក​ធ្វើការ​សាក​សួរ ក្នុង​តួនាទី​និង​មុខ​តំណែង សម្រាប់​រយៈ​ពេល​ប្រាំ​អាណត្តិ​មក​នេះ។

យ៉ាងណាក៏ដោយ ពេលឡើងដល់«តុ»ជជែកដេញដោល នៅចំពោះមុខគណកម្មការជំនាញទី៨ នៃរដ្ឋសភា លោករដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បង្ហាញពីជំហររបស់ខ្លួនថា លោកនិងតម្លើង​ប្រាក់​ខែដល់កម្មករ និយោជិតក្នុងឆ្នាំក្រោយ ឲ្យបានច្រើនជាងឆ្នាំនេះ។ ហើយបញ្ហានៃការតម្លើងនេះ ក៏នឹងត្រូវធ្វើ​ឡើង ដោយការបង្កើតគណកម្មការជំនាញត្រីភាគី ដែលមានសមាសភាពម្ខាងចំនួនប្រាំបួនរូប។ លោក​បន្ថែម​ថា លោកក៏នឹងជួបជាមួយក្រុមសហជីព និងតំណាងកម្មករនាថ្ងៃទី១៦ខាងមុខនេះផងដែរ ដើម្បីស្វែង​រក​ដំណោះស្រាយ ឈានទៅដល់ការបញ្ចប់បញ្ហារឿងប្រាក់ខែកម្មករ និង​នីតិវិធី​នៃការដោះស្រាយ​វិវាទ​ការងារ​ផ្សេងៗ។

ដោយឡែក ក្នុងថ្ងៃទី១៤ ខែតុលាការនេះ កម្មកររាប់រយនាក់មកពីរោងចក្រ ហ៊ុយចៀន ក៏កំពុងរងចាំចូល​ដាក់ញត្តិនៅរដ្ឋសភាផងដែរ។

ក្នុងជំនួបសួរដេញដោលរវាង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងគណកម្មការ​ជំនាញ​ទី​៨​នៃរដ្ឋសភា លោក អ៊ិត សំហេង ក៏ត្រូវបានលោកស្រី កែ សុវណ្ណរតន៍ ជីកឬស ជីកគល់ សួរដេញដោលពី​បញ្ហា​ប្រាក់ខែ​គោលរបស់កម្មករ និយោជិត ដែលអាចទទួលយក និងរស់នៅសមរម្យក្នុងសង្គមបាន។

ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា លោកស្រី កែ សុវណ្ណរតន៍ បានលើកឡើងថា ជំនួបថ្ងៃនេះ លើកយកបញ្ហាការ​ទាមទារ​ប្រាក់ខែគោល១៧៧ដុល្លារ របស់កម្មករទាំងអស់។ ព្រោះថាបញ្ហាប្រឈម ដែលកម្មករកំពុងជួប​ប្រទះ កំពុង​ធ្វើការតវ៉ា និងបានទាំងដាក់ញត្តិមករដ្ឋសភា ស្នើសុំឲ្យមានអន្តរាគមន៍ជួយរកដំណោះស្រាយ គឺ​បញ្ហា ប្រាក់ខែ និងវិវាទការងារនានា ដែលមិនត្រូវបានធ្វើការដោះស្រាយ ដោយក្រសួងការងារមួយនេះ។

តាមសេចក្តីប្រកាសចុះថ្ងៃទី១៣ ខែតុលារបស់រដ្ឋសភា បានបញ្ជាក់ថា គណៈកម្មការជំនាញរដ្ឋសភា នឹង​ហៅ​រដ្ឋមន្រ្តីក្រសួងការងារមកសាកសួរ បន្ទាប់ពីមានជំនួបជាមួយមេដឹកនាំសហជីពកម្មកររោងចក្រ​កាត់ដេរ ចំនួនប្រាំមួយស្ថាប័ន ដែលបានដាក់ញត្តិ ទៅរដ្ឋសភា កាលពីថ្ងៃទី១២តុលា។ ញត្តិនេះក៏បានស្នើឲ្យរដ្ឋសភា ទាមទាការតម្លើងប្រាក់ខែគោលកម្មករ ឲ្យបានសមរម្យ និងជំរុញឲ្យរដ្ឋាភិបាល ថៅកែរោងចក្រដកពាក្យ​បណ្តឹង ប្រឆាំងសហជីព៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...