រ៉ុង ឈុន អំពាវនាវឲ្យដាក់សម្ពាធកាន់តែខ្លាំងលើរដ្ឋាភិបាល
បើទោះជាមានការព្រមានជាបន្តបន្ទាប់ពីរដ្ឋាភិបាលក៏ដោយ ក៏លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហាក់ដូចជាព្រងើយកន្កើយ ទៅនឹងការព្រមានទាំងនោះ ហើយថែមទាំងបន្តការទាមទារមានទ្រង់ទ្រាយធំជាងមុនទៀត។ ការទាមទារធំជាងមុន ក៏ព្រោះតែលោក រ៉ុង ឈុន មិនត្រឹមតែរក្សាជំហរទាមទារ ប្រាក់ខែគោល១៦០ដុល្លារអាមេរិកដល់កម្មករនោះទេ គឺថែមទាំងលើកឡើង ពីការទាមទារប្រាក់ខែគោលដល់មន្រ្តីរាជការ និងគ្រូបង្រៀនឲ្យបានមួយលានរៀលផងទៀត។
លោក រ៉ុង ឈុន (ខាងស្ដាំ) ឡើងលើដំបូលរថយន្ដ ថ្លែងទៅកាន់ក្រុមកម្មករ នៅមុខក្រសួងការងារ។ (រូបថត MONOROOM.info/ O.Vary)
វិបត្តិការងារ - ក្នុងសេចក្តីអំពាវនាវរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ដែលមានលោក រ៉ុង ឈុន ជាប្រធាន បានទទូចឲ្យសមាជិក សមាជិកា គ្រូបង្រៀន មន្រ្តីរាជការ សិស្ស និស្សិត និងមហាជនទូទៅឲ្យចូលរួមមហាកូដកម្មទូទាំងប្រទេស ដោយមិនបង្រៀន មិនធ្វើការ និងមិនរៀន ចាប់ពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ តទៅ។
សេចក្តីអំពាវនាវដដែលនោះ បានលើកហេតុផលថា ដើម្បីផលប្រយោជន៍របស់មន្រ្តីរាជការ គ្រូបង្រៀន សិស្ស និស្សិត សម្រាប់រយៈពេលវែងឆ្ងាយ ពួកគេគួរឈប់សម្រាករយៈពេលខ្លី ដើម្បីទាមទារឲ្យរដ្ឋាភិបាល ដោះស្រាយបញ្ហាសំខាន់ៗចំនួន៣ ក្នុងនោះរួមមាន៖ ទី១.តម្លើងប្រាក់បៀវត្យន៍គោល ១លានរៀល ជូនគ្រូបង្រៀន និងមន្រ្តីរាជការ ក្នុងមួយខែៗ។ ទី២.ឲ្យមានការធានាសេវាសុខភាព ជូនគ្រូបង្រៀន និងមន្រ្តីរាជការ។ ទី៣.ផ្តល់ប្រាក់ឧបត្ថមសម្រាប់បុណ្យជាតិនីមួយៗ ឲ្យបាន១៥ម៉ឺនរៀល ជូនគ្រូបង្រ្គៀន និងមន្រ្តីរាជការ។
សូមរម្លឹកថា បន្ទាប់ពីការបដិសេធមិនទទួលយក និងបន្តការទាមទារដោយអហិង្សាចំពោះប្រាក់ខែគោល១០០ដុល្លារ ដែលទើបនឹងសម្រេចដោយរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀតមក យ៉ាងហោចណាស់ក៏មានសហជីពចំនួន៥ បូករួមទាំងសភាពសហជីពកម្ពុជា និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ របស់លោក រ៉ុង ឈុន ត្រូវបានរដ្ឋាភិបាលព្រមានពីរលើកមកហើយ ឲ្យបញ្ឈប់ការទាមទារ និងលទ្ធភាពនៃការចាប់ខ្លួន។ ការព្រមានក៏ព្រោះតែ រដ្ឋាភិបាលចាត់ទុក សកម្មភាពសហជីពដែលដឹកនាំការតវ៉ា គឺជាការ«ញុះញង់កម្មករ និងការប្រើអំពើហិង្សា។» តែការចោទប្រកាន់របស់រដ្ឋាភិបាល ត្រូវបានសហជីពទាំងនោះ ធ្វើការបដិសេធចោល។
ជុំវិញករណីនេះ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចទាក់ទង តំណាងរដ្ឋាភិបាល ដើម្បីធ្វើការអត្ថាធិប្បាយបាននៅឡើយ។ តែសម្រាប់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានសម្តែងការគាំទ្រដល់ការទាមទាររបស់សហជីព និងកម្មករ ហើយបានថ្លែងទៅកាន់អ្នកគាំទ្រ និងកម្មករ វេលាយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យថា នឹងមានការផ្ទុះការតវ៉ាទូទាំងប្រទេស ប្រសិនបើមេដឹកនាំសហជីពណាមួយត្រូវបានចាប់ខ្លួន ក្នុងករណី ជួយការពារផលប្រយោជន៍កម្មករ ក្នុងតវ៉ាឲ្យមានការតម្លើងប្រាក់ឈ្នួលការងារ ១៦០ដុល្លារអាមេរិក៕
--------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ