តំណាង​សហជីព៖ ផ្ទុះ​ហិង្សា ព្រោះ​អាជ្ញាធរ​បង្ខំ​កម្មករ​ឲ្យ​ចូល​ធ្វើ​ការ​វិញ (vdo)

តំណាងកម្មករ និងជាមន្ត្រីសហជីពមួយរូប ដែលចូលរួមក្នុងការតវ៉ាទាមទាររបស់កម្មករ នៅលើផ្លូវជាតិលេខបួន បានថ្លែងថា អំពើហិង្សាបានកើតឡើងសារជាថ្មី រវាងអាជ្ញាធរនិងកម្មករ ​ហូតដល់មានការបង្ក្រាបដ៏សាហាវ​​នោះ គឺដោយសារ​តែអាជ្ញាធរបានបង្ខំក្រុមកម្មករ ដែលមិនពេញចិត្តនឹងការតម្លើងប្រាក់ខែតិចតួច ១០០ដុល្លា​ក្នុង​មួយខែ ឲ្យចូល​រោង​ចក្រ​ធ្វើការវិញ។ នៅក្នុងព្រឹត្តិការណ៍បង្ក្រាបនោះ សេចក្ដីរាយការណ៍ផ្សេងទៀតបានឲ្យដឹងថា ក្រុមកម្មករយ៉ាងតិច ១០នាក់ ត្រូវបានឃាត់ខ្លួន ហើយក្នុងចំណោមនោះ មានមេដឹកនាំសហជីពម្នាក់ផង។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: January 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តំណាងកម្មករ និងជាមន្ត្រីសហជីពមួយរូប ដែលចូលរួមក្នុងការតវ៉ាទាមទាររបស់កម្មករ នៅលើផ្លូវជាតិលេខបួន បានថ្លែងថា អំពើហិង្សាបានកើតឡើងសារជាថ្មី រវាងអាជ្ញាធរនិងកម្មករ ​ហូតដល់មានការបង្ក្រាបដ៏សាហាវ​នោះ គឺដោយសារ​តែអាជ្ញាធរបានបង្ខំក្រុមកម្មករ ដែលមិនពេញចិត្តនឹងការតម្លើងប្រាក់ខែតិចតួច ១០០ដុល្លា​ក្នុង​មួយខែ ឲ្យចូល​រោង​ចក្រ​ធ្វើការវិញ។ នៅក្នុងព្រឹត្តិការណ៍បង្ក្រាបនោះ សេចក្ដីរាយការណ៍ផ្សេងទៀតបានឲ្យដឹងថា ក្រុម​កម្មករយ៉ាងតិច ១០នាក់ ត្រូវបានឃាត់ខ្លួន ហើយក្នុងចំណោមនោះ មានមេដឹកនាំសហជីពម្នាក់ផង។


លោក វ៉ន ពៅ ប្រធានសមាគមន៍​សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា នៅក្នុងការតវ៉ារបស់លោក ជាមួយកម្មករ។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - តាមសម្តីលោក សរ កំសាន្ត តំណាងកម្មករសហពន្ឋ័សហជីពកម្ពុជា ដែលកំពុងស្ថិត​នៅកន្លែងកើត​ហេតុ​បានប្រាប់​ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា ការប៉ះទង្គិចគ្នានេះ ដោយសារមានក្រុមអាជ្ញាធរពីក្រុមគឺ ក្រុម​ប្រដាប់ដោយឆ័ត្រ​យោង និងក្រុម​បង្រ្កាបបាតុករមកពីភ្នំពេញ ប្រមាណជាប្រាំរយទៅប្រាំមួយរយនាក់ បានធ្វើការ​ហាមឃាត់​ក្រុម​បាតុករដែលកំពុងតវ៉ា បានបង្កើតជាហិង្សា បណ្តាលឲ្យមានការចាប់ខ្លួនមនុស្សបីនាក់ និងមានការ​ប្រើប្រាស់អំពើ​ហិង្សា​វាយដុំលើព្រះសង្ឃ និងមន្ត្រីសង្គមស៊ីវិល អ្នកសារពត៌មាននៅទីនោះ ដែលរហូតមក​ដល់​ពេល​នេះ មិនអាច​ដឹងទិន្នន័យច្បាស់នៅឡើយថា តើមានជន រងគ្រោះប្រាកដប៉ុន្មាននាក់ទេ។ រីឯក្រុមអ្នកតវ៉ា និង​សង្គម​ស៊ីវិល​ទាំង​នោះ កំពុងតែនាំគ្នារត់ចោលម៉ូតូ និង ព្យាយាមគេចចេញពីកន្លែងកើតហេតុតែរៀងៗខ្លួន។

លោក សរ កំសាន្ត បានបន្ថែមទៀតថា មូលហេតុដែលបណ្តាលឲ្យឈានដល់អំពើហិង្សានេះ គឺដោយសារការមិន​ពេញចិត្តពីក្រុមកម្មករ ដែលតំរូវឲ្យចូលធ្វើការវិញ ព្រមទាំងសម្រេចចិត្តចេញមកក្រៅផ្អាកមិនធ្វើការ ជាហេតុធ្វើឲ្យ​កងកម្លាំង​ប្រដាប់អាវុធនៅទីនោះ ចាប់ផ្តើមឃាត់ ចាក់សោរបង និងវាយធ្វើបាបតំណាងកម្មករ នៅក្នុងរោងចក្រ។ហេតុការណ៍នេះ ធ្វើឲ្យកម្មករដទៃទៀតមើលឃើញ ក៏សម្រេចចិត្តចាកចេញពីកន្លែងធ្វើការទាំងអស់គ្នា  ទើប​បណ្តាល​ឲ្យមានកើតហេតុរហូតដល់បែបនេះ។

យ៉ាងណាមិញ លោក ចាន់ សូវ៉េត ជាមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស អង្គការអាដហុកបានថ្លែងដែរថា លោក​បាន​ទទួល​ដំណឹងពីបញ្ហានេះ និងបានបញ្ជាក់ពីមូលហេតុថា ដោយសារកម្មកររោងចក្រយាងជីង មិនពេញចិត្ត​ចំពោះ​ក្រសួង​ការងារ ដែលតម្លើងប្រាក់ខែគោលបាន ត្រឹមតែ១០០ដុល្លានេះ ទើបដើរចេញពីកន្លែងធ្វើការធ្វើបាតុកម្មតវ៉ាម្តងទៀត តែត្រូវបានខាងកងយោធា គុយ៩១១ ធ្វើការបង្ក្រាប។ លោកមិនទាន់ដឹងថា អ្នករងគ្រោះប៉ុន្មានពិតប្រាកដឡើយ ប៉ុន្តែលោកដឹងថា ការផ្ទុះឡើងនៅហិង្សានេះ បណ្តាលឲ្យលោក វ៉ន ពៅ លោកសង្ឃជាដើម ទទួលរងរបួស។

សារពត៌មានជាច្រើន បានចុះផ្សាយពីព្រឹត្តិការណ៏នេះ ទាក់ទងនឹងការបង្ក្រាបដោយហិង្សា ពីសំណាក់កងកម្លាំង​របស់អាជ្ញាធរ។ វិទ្យុសម្លេងប្រជាធិបតេយ្យ បានចេញផ្សាយ សេចក្ដីរាយការណ៍ នៅលើគេហទំព័ររបស់ខ្លួនថា «នៅ​ម៉ោង​ប្រមាណ​១២​ថ្ងៃ​ត្រង់នេះ លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​មន្ត្រី​សហជីព ព្រមទាំង​កម្មករ​ប្រមាណ ១០​នាក់ បាន​រងរបួស​ក្បាល និង​ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ ខណៈ​ដែល​កម្មករ​រាប់ពាន់នាក់ និង​កង​ទ័ព​ឆ័ត្រ​យោង ៩១១ ដែល​ដាក់​ការពារ​មុខ​​រោងចក្រ​យ៉ាងជី​ង ប៉ះ​ពាក្យសម្តី និង​គប់​ដប​ទឹក​សុទ្ធ​ដាក់គ្នា បន្ទាប់​មក​ឈានដល់ការ​​ផ្ទុះ​ហិង្សា​ដាក់​គ្នា​រយៈពេល​ខ្លី​។»

ដោយឡែក លោកពូ ថន ថុល ជាអគ្គលេខាធិការរង សហជីពសេរីកម្មករបានប្រាប់ថា រហូតមកដល់ ពេលនេះ ស្ថានភាពនៅតែតានតឹងនៅឡើយ ដោយនៅតែមានការប្រឈមដាក់គ្នារវាងកម្មករនិងកង កម្លាំងយោធានៅឡើយ ទោះបីជាមានការចរចារក្រៅផ្លូវការរវាងភាគីទាំងខាងក្តី។ លោកបានបញ្ជាក់ប្រាប់ថានៅក្នុងកិច្ចប្រជុំនេះ ភាគីកម្មករ មានការចូលរួមពីលោក ម៉ម់ សូណង់ដូ និង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិគឺលោក នុត រំដួលផងដែរ។

ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានសាកសួរសុំប្រតិកម្ម ពីតំណាងខាងកងកម្លាំងរបស់អាជ្ញាធរ មន្ត្រីមួយរូប​ដែល​បានបង្ហាញឈ្មោះត្រឹមតែ «វី» បានបដិសេធដាច់ខាតថា គ្មានអំពើហិង្សា ឬការចាប់ខ្លួនអ្វីកើតឡើងនោះទេ។ ប៉ុន្តែ​ទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរចុះផ្សាយជាមួយនឹងរូបថត បួនប្រាំសន្លឹកផងថា កម្លាំងសមត្ថកិច្ច ប៉ះទង្គិចគ្នា ជាមួយក្រុមបាតុករ នៅថ្ងៃនេះ ហើយបានឃាត់ខ្លួន លោក វ៉ន ពៅ ប្រធានសមាគមន៍​សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា និង«បក្សពួក»ផងដែរ។

ការតម្លើងប្រាក់ខែគោលត្រឹមតែ១០០ដុល្លា របស់ក្រសួងការងារ នៅមិនបានធ្វើឲ្យក្រុមកម្មករមួយចំនួន សប្បាយ​ចិត្ត​នោះ​ឡើយ។ ពួកគេបានសម្រេច បន្តកូដកម្មទាមទាររបស់ពួកគេទៀត ដើម្បីឈានទៅដល់ការតម្លើងប្រាក់ខែ​គោលរហូតដល់​១៦០ដុល្លា ដែលជាប្រាក់ខែមួយ ដែលពួកគាត់គិតថានឹងអាចទទួលយកមកចិញ្ចឹមជីវិតបាន។ ប៉ុន្តែ​សម្រាប់ភាគីនយោជកវិញ បានបដិសេធថា ពួកគេគ្មានលទ្ធភាពក្នុងតម្លើងប្រាក់ខែ ឲ្យបានខ្ពស់បែបនេះទេ៕

សូមទស្សនាវីដេអូ ពីព្រឹត្តិការណ៍នេះដូចតទៅ៖

----------------------------------------------
ដោយ៖ ក. សេងហុង ថ្ងៃ០២ ខែមករា ឆ្នាំ ២០១៤
រក្សាសិទ្ឋដោយ៖ ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...