កម្មករខ្លះចូលធ្វើការ តែនៅបដិសេធការតម្លើងប្រាក់ខែត្រឹម១០០ដុល្លា
«ខ្ញុំមិនយក១០០ដុល្លាទេ ព្រោះយកមកធ្វើអី បើអ្វីៗក៏ឡើងថ្លៃ ហើយផ្ទះជួលក៏ឡើងទៀត បើយក១០០ដុល្លាមក អត់គ្រប់ដដែលហ្នឹង» នេះជាការបដិសេធយ៉ាងដាច់ខាត តាមរយៈទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ របស់កម្មករជាច្រើន ដែលថ្លែងប្រឆាំងនឹងការសម្រេចរបស់ក្រសួងការងារ ដែលតម្លើងប្រាក់ឈ្នួលរបស់ពួកគេ ត្រឹម១០០ដុល្លានោះ។
កម្មករទាមទារតម្លើងប្រាក់ខែ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)
ប្រាក់ខែកម្មករ - បន្ទាប់ពីឈប់សំរាកមួយថ្ងៃ របស់កម្មករនៃបុណ្យចូលឆ្នាំសកលនោះមក នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៤នេះ បាតុកម្មទាមទារប្រាក់គោល១៦០ដុល្លា របស់កម្មករនៅតែបានផ្ទុះឡើងស្ទើរគ្រប់ទីកន្លែង នៅតាមផ្លូវជាតិធំៗមួយចំនួន ដូចជានៅតាម ផ្លូវជាតិលេខពីរ ផ្លូវជាតិលេខបួន ផ្លូវជាតិលេខប្រាំ ផ្លូវជាតិលេខប្រាំមួយ និងតាមបណ្តារោងចក្រមួយចំនួនទៀត។
សេចក្តីសម្រេចថ្មីចុងក្រោយ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ បានសម្រេចតម្លើងប្រាក់ឈ្នួលបន្ថែម៥ដុល្លាបន្ថែមទៀត ទៅលើប្រាក់ខែគោល៩៥ដុល្លា ដែលបានកំណត់កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ដែលកម្មករអាចទទួលបានប្រាក់ខែ១០០ដុល្លាក្នុងមួយខែ។ តែការសម្រចនេះត្រូវបានកម្មករបដិសេធចោល ហើយមកដល់ពេលនេះ កម្មករនៅតាមបណ្តារោងចក្រមួយចំនួន នៅតែបន្តធ្វើបាតុកម្ម-កូដកម្មដដែល។
ក្រុមកម្មករទាំងនោះ បានត្អូញត្អែរពីចំនួនសាច់ប្រាក់តែ១០០ដុល្លានេះ ថាពួកគេនឹងមិនអាចរស់នៅដោយសមរម្យបានឡើយ ដែលជាមូលហេតុចេញធ្វើបាតុកម្មទាមទារ។ នៅមុខរោងចក្រអ៊ីខាង កម្មករជាបាតុករមួយរូប លោក ទ្រី ស៊ុ បានប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូអោយដឹងថា «ខ្ញុំមកធ្វើបាតុកម្មថ្ងៃនេះ ក្នុងគោលបំណងទាមទារឲ្យបាន១៦០ដុល្លា។ ខ្ញុំមិនយក១០០ដុល្លាទេ ព្រោះយកមកធ្វើអី បើអ្វីៗក៏ឡើងថ្លៃ ហើយផ្ទះជួលក៏ឡើងទៀត បើយក១០០ដុល្លាមក អត់គ្រប់ដដែលហ្នឹង។ ខ្ញុំនឹងទាមទាររហូត ទាល់តែបាន១៦០ដុល្លា។»
ស្រដៀងគ្នានេះដែរកញ្ញា នៅ ដាលីស ជាកម្មការីនីនៅរោងចក្រហុង យៀនក៏បានអោយដឹងដែរថា «ប្រាក់ខែ១០០ដុល្លានេះខ្ញុំ មិនអាចទទួលយកបានទេ។ បើខ្ញុំយកមក ក៏មិនអាចទប់ទល់នឹងជីវភាពប្រចាំថ្ងៃរបស់ខ្ញុំបានដែរ ព្រោះទំនិញទាំងអស់សុទ្ធតែឡើងថ្លៃ។ ក្នុងមួយខែបើខ្ញុំចាយរិះថាំ ទាំងថ្លៃផ្ទះ និងការហូបចុកអស់ប្រហែល ៨០ ដុល្លា ចុះនៅរបស់ប្រើប្រាស់ទៀត ១០០ដុល្លាហ្នឹង មិនអាចអាចធ្វើអោយពួកខ្ញុំរស់នៅ ដោយសមរម្យបានឡើយ។»
តំណាងកម្មករមួយរូប លោក លោក លីវ ថារីន ប្រធានសហព័ន្ធសហជីពយុវជនឯករាជ្យបានអះអាងដែរថា «យើងមិនអាចទទួលយកប្រាក់ឈ្នួល១០០ដុល្លា ដែលក្រសួងបានតម្លើងហ្នឹងបានទេ។ ហើយថ្ងៃនេះសហព័ន្ធទាំងប្រាំបួន កំពុងធ្វើសន្និសិទ្ធកាសែតដើម្បីទទូចទាមទារ និងជំរុញអោយរដ្ឋាភិបាល តម្លើងអោយបានកំរិតណាមួយដែលអាចទទួលបាន។» លោកនៅតែរក្សាជំហដាច់ខាតថា «បើការទាមទារនេះមិនបានសម្រេច យើងនឹងធ្វើមហាកូដកម្មដ៏ធំមួយនៅថ្ងៃណាមួយជាមិនខាន»។
យ៉ាងណាក៏ដោយ នៅថ្ងៃព្រហស្បត្តិ៍ទី០២ ខែមករា ឆ្នាំ២០១៤នេះ នៅរោងចក្រមួយចំនួន មានកម្មករចូលធ្វើការធម្មតាវិញហើយ។ តែបើទោះជាកម្មករចូលធ្វើការវិញក៏ដោយ ក៏ពួកគេនៅតែមិនយល់ព្រម នឹងការកំណត់ប្រាក់គោល១០០ដុល្លា នោះនៅឡើយដែរ។ មូលហេតុដែលកម្មករ ចូលធ្វើការវិញនេះ ដោយសារតែពួកគេមួយចំនួន មិនបានទទួលដំណឹងពីការធ្វើបាតុកម្ម-កូដកម្មនៅថ្ងៃនេះ។
លោក សែម ប៉ុណ្ណា មកពីរោងចក្រហុងយាន ដែលបានចូលធ្វើការវិញនោះ បានទទួលស្គាល់ថា «ប្រាក់ខែ១០០ដុល្លាប៉ុណ្ណឹង ខ្ញុំមិនអាចទទួលយកបានទេ ព្រោះខ្ញុំមិនអាចស្រាយការផ្គត់ផ្គង់ ជីវភាពរបស់ខ្ញុំបាន។ រាល់ដងខ្ញុំបានចូលរួមធ្វើបាតុកម្ម ជាមួយនឹងកម្មករដទៃទៀតដែរ។ តែថ្ងៃនេះខ្ញុំបានចូលធ្វើការ ដោយសារខ្ញុំមិនលឺថាមានសហជីពណា ធ្វើបាតុកម្មនោះទេ ព្រោះតែរោងចក្ររបស់ខ្ញុំគ្មានតំណាងសហជីព។ បើសិនជាមានខាងសហជីពណា គេមានធ្វើក្បួនបាតុកម្មតវ៉ា ខ្ញុំនឹងដឹកនាំកំលាំងពីខាងរោងចក្រខ្ញុំ ទៅចូលរួមជាមួយគេដែរ៕»
------------------------------------------------
ដោយ ៖ ក. ចាន់នីតា - ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ