បទ​យក​ការណ៍៖ រស់​ពិបាក​ជាង​ស្លាប់ ដោយ​ការ​​បង្ក្រាប​​នៅ​​ស្ទឹង​មាន​ជ័យ

ដេកនៅលើគ្រែ រីឯជើងទាំងពីរសន្តូកត្រង់ ពុំអាចធ្វើចលនាអ្វីបាន ក្រៅពីយកដៃទាញឲ្យកំរើក យុវជន ហឿន ចាន់ ដែលបានរងរបួសធ្ងន់ នៅក្នុងការបង្ក្រាបរបស់សមត្ថកិច្ច ទៅលើកម្មកររោងចក្រ SL នៅគល់ស្ពានស្ទឹងមានជ័យ បាននឹងកំពុងចាប់ផ្តើមរៀន នូវការរស់នៅក្នុងជីវិតថ្មីជាជនពិការ បន្ទាប់ពីត្រឡប់មកពីសំរាកព្យាបាល នៅប្រទេស​វៀតណាម ទីកន្លែងដែលគ្រូពេទ្យបានប្រាប់ថា ជំងឺរបស់គាត់ពុំអាចព្យាបាលបាន។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: March 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដេកនៅលើគ្រែ រីឯជើងទាំងពីរសន្តូកត្រង់ ពុំអាចធ្វើចលនាអ្វីបាន ក្រៅពីយកដៃទាញឲ្យកំរើក យុវជន ហឿន ចាន់ ដែលបានរងរបួសធ្ងន់ នៅក្នុងការបង្ក្រាបរបស់សមត្ថកិច្ច ទៅលើកម្មកររោងចក្រ SL នៅគល់ស្ពានស្ទឹងមានជ័យ បាននឹងកំពុងចាប់ផ្តើមរៀន នូវការរស់នៅក្នុងជីវិតថ្មីជាជនពិការ បន្ទាប់ពីត្រឡប់មកពីសំរាកព្យាបាល នៅប្រទេស​វៀតណាម ទីកន្លែងដែលគ្រូពេទ្យបានប្រាប់ថា ជំងឺរបស់គាត់ពុំអាចព្យាបាលបាន។


យុវជន ហឿន ចាន់ និងម្ដាយ ពេលនៅសម្រាកនៅមន្ទីរពេទ្យ។ (រូបថតផ្ដិតពីវីដេអូហ្វេសប៊ុក)

វិបត្តិសង្គម - ស្ថិតក្នុងវ័យ ២៧ឆ្នាំ ហឿន ចាន់ ជានិស្សិតឆ្នាំទី៤ នៃសកលវិទ្យាល័យធនធានមនុស្ស និងបំរើការងារ​ឲ្យក្រុមហ៊ុនឯកជនមួយ ផ្នែកទីផ្សារមុននឹងធ្លាក់ខ្លួនពិការ គាត់ត្រូវគ្រាប់កាំភ្លើងចំចង្កេះខាងឆ្វេង ហើយប៉ះពាល់​ដល់​ខួរឆ្អឹងខ្នងធ្វើឲ្យយុវជនរូបនេះ ត្រូវពិការមួយកំណាត់ខ្លួនចុះក្រោម។ គាត់ស្ទើរតែមិនជឿទាល់តែសោះ ចំពោះអនាគត​ដែលក្លាយជាជនពិការ ដោយគ្រាន់តែឈរមើលការបង្ក្រាបរបស់សមត្ថកិច្ចទៅលើកម្មករ។ ហឿន ចាន់ បានថ្លែងឲ្យ​ដឹងថា៖ «ក្រោយពីគ្រូពេទ្យនៅស្រុកខ្មែរបានប្រាប់ថា ខ្ញុំត្រូវពិការមួយជីវិត ខ្ញុំអស់សង្ឃឹម ប៉ុន្តែខ្ញុំមានសង្ឃឹមឡើងវិញ នៅពេលដែលមានគេថា នៅប្រទេសវៀតណាម ជម្ងឺខ្ញុំអាចព្យាបាលជាមួយរយភាគរយ។ ប៉ុន្តែសេចក្តីសង្ឃឹមខ្ញុំ ត្រូវ​បានរលាយសូន្យ នៅពេលដែលខ្ញុំទៅដល់ពេទ្យ គ្រូពេទ្យបានប្រាប់ថា​គេមិនអាចព្យាបាល​ជើងខ្ញុំឲ្យដើរបាន​ដូច​មុន​នោះទេ។ ដូច្នេះអ្វីដែលខ្ញុំធ្វើបាននៅពេលនេះ គឺរៀនរស់ក្នុងជីវិតថ្មីជាជនពិការ គឺខ្ញុំប្រើដៃរបស់ខ្ញុំជំនួសជើង។»

ហឿន ចាន់ បានចាប់ផ្តើមរស់នៅជីវិតថ្មី ដោយបានបន្តការសម្រាកព្យាបាល នៅមជ្ឈមណ្ឌលស្ដារលទ្ធភាព​ពលកម្ម​គៀនឃ្លាំងដើម្បីរៀនប្រើដៃរបស់ខ្លួន ជំនួសឲ្យជើងទាំងពីរដែលពុំអាចធ្វើចលនាបាន តាំងពី៦ថ្ងៃមកហើយ។ គាត់​ត្រូវចាប់ផ្តើមប្រើដៃ ទ្រទំងន់ខ្លួនរបស់គាត់ ដោយអូសមួយកំណាត់ខ្លួនឈោងឡើងលើរទេះ ចាប់ពីម៉ោង ៨ព្រឹក​ដល់​ម៉ោង ១០ ហើយសកម្មភាពនេះបានចាប់ផ្តើមទៀត នៅពេលរសៀលគឺចាប់ពីម៉ោង ២រសៀលដល់ម៉ោង ៤ល្ងាច។ ចាន់ ថ្លែងថា៖ «ដំបូងខ្ញុំមិនចង់រស់ទេ គឺខ្ញុំចង់តែសម្លាប់ខ្លួនពីព្រោះតូចចិត្ត ប៉ុន្តែក្រោយពីមានការលើកទឹកចិត្តពីម្តាយ អង្គការក្រៅរដ្ឋាភិបាល និងមិត្តភ័ក្តខ្ញុំ ក៏បានសម្រេចចិត្តរស់នៅដើម្បីប្រឆាំងនឹងជីវិតពិការនេះ»។

បន្ទាប់ពីសម្រាកព្យាបាល នៅមន្ទីរពេទ្យរ៉ុស្ស៊ី អស់រយៈពេល១៣ថ្ងៃ ក្រុមគ្រួសារ និងសាច់ញាតិរបស់ ហឿន ចាន់ សម្រេចយកលួចយកយុវជនរូបនេះ ចេញទៅព្យាបាលនៅប្រទេសវៀតណាម។ តែក្រោយពីសម្រាក​ព្យាបាល​នៅ​ទីនោះ អស់រយៈពេល ១០ ថ្ងៃ ក៏បានត្រឡប់មកស្នាក់នៅផ្ទះវិញ ហើយដោយសារតែពុំអាចទ្រាំទ្របាន នូវការ​ឈឺ​ចាប់ដូចគេដុតរោល ពេញរាងកាយនោះ ក៏បានសម្រេចចិត្តមកភ្នំពេញបន្តទៀត ដើម្បីរៀនប្រើដៃរបស់ខ្លួន។ ចាន់ បានថ្លែងឲ្យដឹងថា៖ «ខ្ញុំនៅផ្ទះ គ្មានថ្នាំលេបពេលធ្វើទុក្ខម្តងៗ គឺក្តៅពេញខ្លួនដូចគេដុត ហើយឈាមក៏បាញ់ចេញ​តាមកន្លែងដែលរបួស។ ដោយឃើញខ្ញុំលំបាកទ្រាំពុំបាន ម្តាយខ្ញុំបានទាក់ទងទៅអង្គការលីកាដូ ដើម្បីយកខ្ញុំមក​ព្យាបាលនៅទីនេះ ហើយខ្ញុំក៏បានចាប់រៀនរស់នៅជីវិតថ្មីរបស់ខ្ញុំ។»

បើទោះជារៀនប្រើដៃ ដើម្បីរុញរទេះឲ្យទៅមុខជំនួសជើងក៏ដោយ ក៏យុវជនរូបនេះពុំអាចអង្គុយត្រង់បានយូរ ដូច​មនុស្សធម្មតាបានដែរ ដោយសារតែយុវជនកំសត់មានដំបៅគូទយ៉ាងធ្ងន់ធ្ងរ។ រៀនរស់ក្នុងជីវិតពិកាភាពដំបូង​របស់គាត់ តែងតែធ្វើឲ្យរូបគាត់ធ្លាក់ពីលើរទេះជាញឹកញាប់ ដោយសារតែខ្លួនពុំទាន់ប្រើដៃស្ទាត់ជំនាញនៅឡើយ។ ហើយយុវជនរូបនេះ ក៏ពុំដឹងដែរថា នៅពេលដែលខ្លួនបត់ជើងតូច រឺបត់ជើងធំ ដោយគ្រាន់សំគាត់គាល់ថា នៅ​ពេល​ណាដែលគេច្របាច់ពោះទៅរឹង គឺគេត្រូវទៅបត់ជើងធំ។ ចាន់និយាយថា៖ «សព្វថ្ងៃនេះខ្ញុំរស់ពិបាកជាងស្លាប់ ខ្ញុំមិន​ដឹងទេ ថាខ្ញុំបទជើងតូចធំ គឺខ្ញុំច្របាច់ពោះរបស់ខ្ញុំ បើពេលណារឺង គឺខ្ញុំត្រូវទៅបង្គន់ ដើម្បីខ្វេះយកលាមកចេញ។ សេចក្តីប្រាថ្នាតែមួយគត់ដែល ខ្ញុំចង់បាននៅពេលនេះ គឺអាចបត់ដៃជើងដូចគេឯងធម្មតា និងអង្គុយបានធម្មតា»។

យុវជន ហឿន ចាន់ បានត្រូវគ្រាប់នៅក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នា រវាងក្រុមសមត្ថកិច្ច និងកម្មកររោងចក្រ SL កាល​ពី​ថ្ងៃទី១២ ខែវិច្ឆិកា នៅក្បែរវត្តស្ទឹងមានជ័យ នៅក្នុងព្រឹត្តិការណ៍នោះក៏មានស្ត្រីអ្នកលក់បាយម្នាក់បានស្លាប់ និងមាន​មនុស្សច្រើននាក់ទៀតរងរបួស។ បើទោះបីជាកំពុងសម្រាកព្យាបាលជម្ងឺ និងរៀនប្រើដៃរបស់ខ្លួន ជំនួសជើងក៏ដោយ ក៏យុវជនរូបនោះនៅចង់វិលត្រឡប់ចូលសាលារបស់ខ្លួនវិញ ដើម្បីបញ្ចប់ការសិក្សា ដែលនៅសល់១ឆមាសទៀត ដើម្បីបញ្ចប់បរិញ្ញាប័ត្រ។ យុវជនរូបនោះ បានយកដៃទាញភ្លៅរបស់ខ្លួន ដោយបន្លឺសំលេងថា៖ «ខ្ញុំនឹងបន្តការ​សិក្សា​របស់ខ្ញុំ ហើយនៅពេលបញ្ចប់ ខ្ញុំនឹងរកលុយរៀនផ្នែកច្បាប់វិញ ពីព្រោះខ្ញុំចង់ដឹងថា ករណីខ្ញុំអាជ្ញាធររបស់រដ្ឋាភិបាល ជាអ្នកបាញ់មកលើខ្ញុំ គ្មាននរណាទទួលខុសត្រូវ។ តើច្បាប់គេកំណត់ឲ្យធ្វើបែបនេះរឺ?»

យុវជនរូបនោះ បានរំលឹកពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅលើខ្លួន កាលពីថ្ងៃទី១២ ខែ វិច្ឆិកាថា ខ្លួននៅ​ចាំបាន​ថាមានមន្ត្រីសមត្ថកិច្ចម្នាក់ក្នុងចំណោម ៤ ទៅ៥នាក់ បានចេញពីក្នុងវត្តមក បាញ់បង្ហើរគ្រាប់កាំភ្លើងទៅលើពលរដ្ឋ និងកម្មករដែលនៅខាងក្រៅ។ ហើយខ្លួនក៏បានព្យាយាមរត់គេចពីការបាញ់រះរបស់សមត្ថកិច្ច ក៏ត្រូវគ្រាប់កាំភ្លើង ដោយដំបូងឡើយគាត់គិតថា គាត់ត្រូវគ្រាប់ចំពាមប៉ុណ្ណោះ រួចក៏វិលមុខដួលទៅលើដី។ លោកបានថ្លែងឲ្យដឹងថា៖ «ក្រោយពីគេ​បាញ់ហើយខ្ញុំស្ទុះក្រោកមិនរួច ជើងទាំងពីរកម្រើកលែងបាន។ ខ្ញុំក៏ចាប់ផ្តើមយកដៃវារទៅមុខ​ហៅឲ្យ​គេជួយ។ នាទីចុងក្រោយនៃការប្រើជើងរបស់ខ្ញុំ គឺរត់គេចពីការបាញ់សមត្ថកិច្ចមកក្នុងវត្ត បន្ទាប់មកគឺខ្ញុំចាប់​ផ្តើមប្រើ​ដៃ។»

អ្នកស្រី ហួន ឃន អាយុ ៥២ ឆ្នាំ ដែលជាម្តាយរបស់ចាន់ បានទៅចងការប្រាក់គេ យកប្លង់ដីទៅដាក់ដើម្បីបានប្រាក់ ៤០០០ដុល្លារ ដោយសង្ឃឹមថា អាចធ្វើឲ្យជើងទាំងគូររបស់កូនអ្នកស្រី អាចដើរបានដូចធម្មតាវិញ។ ប៉ុន្តែ​ក្ដីសង្ឃឹម​ទាំងប៉ុន្មានត្រូវរលាយសូន្យ ដោយលុយចំនួន៤០០០ដុល្លារនោះ បានត្រឹមតែអាចវះនិងលាងសំអាតរំសេវ នៅឆ្អឹង​ខ្នងរបស់កូនតែប៉ុណ្ណោះ។ អ្នកស្រីបានថ្លែងថា៖ «ខ្ញុំខំលួចយកកូន ទៅព្យាបាលនៅវៀតណាម​យ៉ាងសម្ងាត់​ពុំឲ្យ​អង្គការ​រឺខាងណាដឹងទេ ពីព្រោះខ្លាចគេលួចធ្វើបាបកូន តែខ្ញុំនៅតែពុំអាចស្វែងរកជើងទាំងពីរឲ្យកូនប្រុសខ្ញុំបាន។ រដ្ឋាភិបាលត្រូវតែទទួលខុសត្រូវ ចំពោះករណីកូនខ្ញុំ។ ខ្ញុំឆ្អែតចិត្តណាស់ កូនខ្ញុំរៀនជិតចប់ទៅហើយ លទ្ធផលដែល​ទទួលបានគឺជាជនពិការ។ គេមិនគួរបាញ់កូនខ្ញុំសោះ ពីព្រោះកូនខ្ញុំមិនមែនចូលរួមបាតុកម្មទេ។»

និយាយបណ្តើរ ទឹកភ្នែកហូររលីងរលោង អ្នកស្រីបានថ្លែងឲ្យដឹងទៀតថា ជីវិតរបស់កូនអ្នកស្រី បានធ្លាក់ដុនដាប និងវេទនាបំផុតបន្ទាប់ពី ត្រឡប់មកពីព្យាបាលនៅប្រទេសវៀតណាមវិញ ដោយសារតែជាតិរំសេវធ្វើទុក្ខ ធ្វើឲ្យកូន​អ្នកស្រី​ឈឺចុកចាប់ពេញរាងកាយ ហើយឈាមហូរតាមមុខរបួស រីឯដំបៅក៏ចាប់ផ្តើមមានឡើង ដោយសារតែកូន​អ្នកស្រីប្រើខោទឹកនោម ធ្វើឲ្យរលាកធ្ងន់ធ្ងរ។ អ្នកស្រីបានថ្លែងថា៖ «នៅពេលដែលឃើញកូនស្រែកយំ ចុកចាប់របួស ខ្ញុំមិនដឹងធ្វើយ៉ាងម៉េច ក្រៅតែពីអង្គុយយំឱបកូនតែប៉ុណ្ណោះ។ ឥឡូវខ្ញុំភ័យ ដោយលឺគេថាទៅព្យាបាលនៅវៀតណាម បើគេព្យាបាលមិនបានគេចាក់ថ្នាំកំណត់ថ្ងៃឲ្យស្លាប់។ ខ្ញុំភ័យណាស់។»

លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក បានថ្លែងឲ្យដឹងថា នៅក្នុងរឿងនេះ​អាជ្ញាធរ ហាក់ដូចជាមិនមានចេតនាផ្តល់យុត្តិធម៌ចំពោះជនរងគ្រោះទេ ពីព្រោះសមត្ថកិច្ច ពុំបានចាប់ជន​ដែល​ប្រព្រឹត្តិ​បទល្មើស មកផ្តន្ទាទោសតាមច្បាប់។ លោកបានឲ្យដឹងទៀតថា៖ «នេះបានបង្ហាញយ៉ាងច្បាស់ អំពីវប្បធម៌​និទណ្ឌភាពនៅនៅកម្ពុជា ភាពអយុត្តិធម៌នៅតែកើតឡើងចំពោះជនរងគ្រោះ»។

នៅក្នុងករណីនេះ សមត្ថកិច្ចបានច្រានចោលការទទួលខុសត្រូវ ចំពោះការស្លាប់អ្នកលក់បាយ និងធ្វើឲ្យមនុស្សរបួស ប៉ុន្តែបានបង្កើតគណៈកម្មការស៊ើបអង្កេតស្វែងរកឃាតកពិត ចំពោះករណីបាញ់ប្រហារនេះ ដោយបានទម្លាក់កំហុស​ទាំងអស់ទៅលើជនទី៣។ ទោះយ៉ាងណា រហូតដល់ពេលនេះ គណៈកម្មការស៊ើបអង្កេតនោះ​នៅមិនទាន់រក​មនុស្ស​ណាម្នាក់ ឲ្យមកទទួលបន្ទុកនេះនៅឡើយ។

លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងឲ្យដឹងថា ចំពោះករណីហឹង្សា​ដែលបានកើត​ឡើង​នៅគល់ស្ពានស្ទឹងមានជ័យ គឺគណៈកម្មាការកំពុងតែធ្វើការស៊ើបអង្កេត ប៉ុន្តែពុំទាន់ទទួលបាន​លទ្ធផលយ៉ាង​ណានោះទេ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «យើងមិនបោះបង់ចោលនូវការស៊ើបអង្កេតនោះទេ គឺយើងនៅ​តែ​ធ្វើការស៊ើបអង្កេតដើម្បីឲ្យដឹងថា តើខាងណាខុស ខាងណាត្រូវ»។

កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញផ្សាយកំណត់សង្ខេបស្តីពី ការប្រើ​ប្រាស់កម្លាំងហួសហេតុពីសំណាក់កងកម្លាំងរក្សាសន្តិសុខ ក្នុងឆ្នាំ២០១៣ ដោយនៅក្នុងកំណត់ត្រា សង្ខេប បង្ហាញ​ថា ការប្រើកម្លាំងហួសហេតុបានកើតឡើងជារឿងទូទៅនៅក្នុងឆ្នាំ២០១៣ យ៉ាងហោច ណាស់ មានបាតុកម្មចំនួន២៥ ត្រូវបានបង្រ្កាបដោយហិង្សា ពីសំណាក់អាជ្ញាធរដែលបានប្រើដំបងឆក់ កាំភ្លើង ឧស្ម័នបង្ហូរទឹកភ្នែក បំពង់បាញ់ទឹក និងដំបងវាយនិងបំបែកបាតុករ។ ការបាញ់បោះ ពីសំណាក់ក្រុមកងកម្លាំងរក្សាសន្តិសុខ ទៅលើបាតុកម្ម​បាននាំឲ្យ​មនុស្ស ពីរនាក់ស្លាប់ និងបន្សល់ទុកមនុស្សម្នាក់ពិការ និងយ៉ាងហោចណាស់ ១៦នាក់បានរងរបួស។ ចំនួនបាតុករ​ជាច្រើនរាប់មិនអស់ត្រូវបានវាយដំ ក្នុងនោះមានស្រ្តីបីនាក់រងគ្រោះរហូតដល់ថ្នាក់ និងដោយសាររលូតកូនផងដែរ៕

------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី ០២ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...