សហជីព​​កម្មករ​​ទាំង​​១៨ នឹង​​ហៅ​​មន្ត្រី​«គ្រាក់ៗ»​មក​ឆ្លើយ នៅ​ថ្ងៃ​៨​មីនា

សហជីព សហព័ន្ធសហចំនួន១៨ នឹងដាក់លិខិតអញ្ជើញ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង និងមន្ត្រីតុលាការ នៅសប្តាហ៍ក្រោយនេះ ដើម្បីឲ្យមកឆ្លើយឆ្លងជាមួយនឹងកម្មករ កម្មការិនីក្នុងវេទិកា​សាធារណៈមួយ នៅថ្ងៃទិវានារីអន្តរជាតិ។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: March 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សហជីព សហព័ន្ធសហចំនួន១៨ នឹងដាក់លិខិតអញ្ជើញ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង និងមន្ត្រីតុលាការ នៅសប្តាហ៍ក្រោយនេះ ដើម្បីឲ្យមកឆ្លើយឆ្លងជាមួយនឹងកម្មករ កម្មការិនីក្នុងវេទិកា​សាធារណៈមួយ នៅថ្ងៃទិវានារីអន្តរជាតិ។


លោក រ៉ុង ឈុន ប្រធានសហភាពសហជីបកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យ។ ( រូបថត MONOROOM.info/ O.vary)

វិបត្តិការងារ - លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដឹងថា លិខិត​អញ្ជើញមន្រ្តីទាំងនោះ អាចនឹងដាក់នៅថ្ងៃច័ន្ទនេះ ឬថ្ងៃអង្គារ។ លោកបានថ្លែងថា៖ «យើងបានចុះហត្ថលេខា លើ​លិខិតនោះរួចហើយ។ យើងអញ្ជើញរដ្ឋមន្រ្តីពីក្រសួងមហាផ្ទៃលោក ស ខេង ក្រសួងការងារលោក អ៊ិត សំហេង លោកឧបនាយករដ្ឋមន្រ្តី គាត ឈុន លោក សម រង្ស៊ី លោក កឹម សុខា និងមន្រ្តីតុលាការឲ្យចូលមកបំភ្លឺជុំវិញ​ប្រាក់​ឈ្នួល​របស់កម្មករ ជុំវិញសិទ្ធិសេរីភាពរបស់កម្មករ ការប្រើហឹង្សាដែលធ្វើឲ្យកម្មករមានការបាត់បង់ជីវិត រងរបួស ការ​ចាប់ឃុំខ្លួនមនុស្សចំនួន២១នាក់»។

លោក រ៉ុង ឈុន បានថ្លែងថា កម្មវិធីនេះ មិនអាចលប់ចោលបានទេ បើទោះបីជាខាងសាលារាជធានី​ភ្នំពេញមិន​អនុញ្ញាត ដោយសារតែពួកលោកមិនមានធ្វើអីខុសច្បាប់ទេ និងបានដាក់ពាក្យជូនដំណឹង​ទៅសាលា​រាជធានី​រួច​ហើយ ហើយពួកលោកក៏មិនមានការព្រួយបារម្ភពីការប៉ះទង្គិចគ្នាដែរ។

នៅថ្ងៃទី០១ ខែមីនា ម្សិលម៉ិញនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បាន​ឲ្យ​ដឹងថា​ជន​រង​គ្រោះដ៏ធ្ងន់ធ្ងរជាងគេ គឺជាកម្មករកម្ពុជា ប្រសិនបើក្រុមសហជីពសំឡេង«ភាគតិច» និង«ហឹង្សា» បន្ត​ដាក់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនេះ ឲ្យស្ថិតនៅក្នុងសភាពមិនប្រាកដប្រជា និងភាពមិនអាច​ទស្សន៍​ទាយបាន ដោយបន្តទាមទារការដំឡើងប្រាក់ឈ្នួលបន្ថែមទៀត ដែលវិស័យនេះមិនអាចមានលទ្ធភាពផ្តល់ឲ្យបាន។ លិខិតនេះបានបញ្ជាក់ទៀតថា៖ «រោងចក្រជាច្រើន បានរាយការណ៍អំពីការធ្លាក់ចុះ នៃការបញ្ជាទិញចាប់ពី​ខែ​មេសា​ឆ្នាំនេះតទៅ នៅពេលដែលអ្នកបញ្ជាទិញជាច្រើនបានធ្វើការវាយតម្លៃ និងបានចាត់ទុកកម្ពុជាថាជាប្រទេសមួយ ដែល​មានហានិភ័យខ្ពស់»។

សមាគមរោងចក្រកាត់ដេរកម្ពុជា បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន ដោយហាក់ដូចជាសំណូមពរទៅកាន់​ក្រុមសហជីព ដែលតែងតែប្រឆាំងទៅនឹងខ្លួនថា៖ «គេគួរតែឈប់លាបពណ៌និយោជកដោយអយុត្តិធម៌ និងធ្វើ​ការ​បំភាន់ក្នុងចំណោមសាធារណៈមតិថា និយោជក​ជា​ភាវៈអាក្រក់។ ចំនុចសំខាន់មួយទៀតនោះ គឺគេមិនគួរភ្ជាប់​និយោជកទៅនឹងរឿងនយោបាយនោះទេ ហើយសហជីពក៏មិនគួរប្រកាន់និន្នាការ​នយោបាយដែលនាំឲ្យមាន​ការ​អនុវត្តន៌ខុសឆ្គងក្នុងបរិបទសេដ្ឋកិច្ច និងពាណិជ្ជកម្មដែរ»។

លោកប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបាននិយាយកាលពីថ្ងៃម្សិលមិញថា ការចោទប្រកាន់របស់​សមាគមរោងចក្រកាត់ដេរកម្ពុជានេះ ជាការខុសទាំងស្រុងទៅនឹងអ្វី ដែលជាសកម្មភាពពិតប្រាកដរបស់សហជីព​ពួកលោក។ លោកបានថ្លែងថា៖ «អ្វីដែលសមាគមរោងចក្រសរសេរនេះ គ្រាន់តែជាការធ្វើមួយ​ឲ្យតែរួចខ្លួនបំភាន់​ភ្នែករបស់ប្រជាជនខ្មែរ ក៏ដូចជាសាធារណជនផ្សេងៗទាំងអស់ ហើយសហជីពយើងខ្ញុំនៅតែប្រកាន់ជំហរថា ខាង​ភាគីរោងចក្រជាអ្នកបង្កបញ្ហាជាបន្តបន្ទាប់ ជាពិសេសគឺ GMAC ហ្នឹងឯង ដែលតែងតែគេចវេសនូវរាល់​ការស្នើ​ឡើង​ពីភាគីកម្មករ និងសហជីព ដោយបែរទំលាក់មកភាគីយើងទៅវិញ»។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពុំអាចធ្វើការទំនាក់ទំនង​ដើម្បីធ្វើការអត្ថាធិប្បាយ​បានទេ៕

------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី ០២ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...