សំនុំរឿងឈូក បណ្ឌិត៖ កម្មការីមាន«សង្ឃឹម»ទទួលយុត្តិធម៌ជាថ្មី
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 01, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅចំពោះមុខសភាដេញដោល នៃសវនាការសាលាឧទ្ធណ៍ សាក្សីចំនួនបីទៅបួននាក់ ក្នុងចំណោមសាក្សីជាងម្ភៃនាក់ ដែលសុទ្ធសឹងជាសមត្ថកិច្ច ឈរជើងការពារសន្តិសុខបាតុកម្ម របស់កម្មករនៅរោងចក្រកៅវ៉េ បានឆ្លើយថា «ពួកគាត់បានឃើញលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ជាអ្នកបាញ់ដោយតម្រង់កាំភ្លើងទៅរកហ្វូងកម្មករ ដែលជាហេតុធ្វើឲ្យកម្មការីបីនាក់រងរបួស»។ សាលដីកាសាលាឧទ្ធរណ៍ ក្នុងសំនុំរឿងនេះ នឹងធ្វើការប្រកាស នៅម៉ោងពីររសៀលថ្ងៃទី៤ ខែមីនាខាងមុខ ។
កម្មការី ជាជនរងគ្រោះទាំងបីនាក់។
ក្នុងបន្ទប់សវនាការទីមួយ ដោយបិទទ្វាកញ្ចក់ អ្នកតាមដានបានសង្កេតមើលពីខាងក្រៅឃើញថា ការសួរដេញដោល លើសាក្សីទាំងឡាយ មានដំណើរការលឿនគួរអោយចាប់អារម្មណ៍។ គេក៏មើលឃើញដែរ ក្នុងថ្ងៃសវនាការទីពីរនេះ លោក ឈូក បណ្ឌិត មានសម្លៀកបំពាក់ ជាមន្ត្រីរាជការ កំពុងអង្គុយស្តាប់ក្នុងរង្វង់ក្រចកសេះ យ៉ាងយកចិត្តទុកដាក់ និងប្រកបដោយទឹកមុខ«គ្មានកង្វល់»អ្វីសោះ។
ក្នុងចំណោមសាក្សីជាច្រើននាក់ សាក្សីម្នាក់ដែលលេចធ្លោជាងគេ គឺលោក ស ចន្ថា នាយផ្នែកព្រហ្មទណ្ឌនគរបាលក្រុងបាវិត ដែលបានរងនូវការចោទប្រកាន់ ពីសាលាដំបូងខេត្តស្វាយរៀង ពីបទបង្ករបួសស្នាម ដោយអចេតនា ហើយត្រូវបានតុលាការ ដាក់ឲ្យស្ថិតនៅក្រោមការឃ្លាំមើលនោះ។ លោកត្រូវបានសាលឧទ្ទរណ៍កោះហៅ អោយចូលមក«ធ្វើជាសាក្សី» ក្នុងសំនុំរឿងដ៏រំជើបរំជួលមួយនេះ។
ដោយឡែកលោក ឡុង ភន នាយរងប៉ុស្តិ៍នគរបាលសង្កាត់ប្រាសាទ ជាសាក្សីម្នាក់ដែលមានការសួរឆ្លើយច្រើន ជាពិសេសជាមួយលោក ឈូក បណ្ឌិត ដោយនាយរងនោះឆ្លើយថា «បានឃើញអតីតក្រុងបាវិត ជាអ្នកបាញ់ បណ្តាលឲ្យកម្មការីរងរបួស»។
ឡុង ភន និយាយពិត?
កម្មការី នុត សាខន ជាជនរងគ្រោះម្នាក់ ក្នុងចំណោមបីនាក់ បានបញ្ជាក់ថា ការឆ្លើយរបស់សាក្សីទាំងអស់ក្នុងសវនាការ មានសាក្សីពីរនាក់បានឃើញ លោក ឈូក បណ្ឌិត បាញ់ ក្រៅពីនោះគ្រាន់តែបញ្ជាក់ថា លោក ឈូក បណ្ឌិត មានកាំភ្លើងពិតមែន។ សាក្សីម្នាក់ ពីក្នុងចំណោមនោះ គឺលោក ឡុង ភន នេះឯង។ កម្មការីរូបនេះ បានដកស្រង់សម្ដីរបស់លោក ឡុង ភន មកនិយាយថា គាត់បានឃើញបាញ់ ព្រោះគាត់នៅចម្ងាយប្រាំពីរម៉ែត្រ ពីលោកឈូក បណ្ឌិត។ លោក ឈូក បណ្ឌិត ឆ្លើយទៅលោក ឡុង ភន វិញថា គាត់(ឈូក បណ្ឌិត) «បាញ់ឡើងលើ» តែលោកភន បញ្ជាក់ច្បាស់បន្ថែមទៀតថា គាត់(ឈូក បណ្ឌិត) «បាញ់សំដៅកម្មករតែម្តង»។
ឯ កែវ នា កម្មការីរងគ្រោះទីពីរ បានតំណាលពីសវនាការនៅពេលនោះដែរថា លោក ឈូក បណ្ឌិត បានប្រកែក ជាមួយលោក ឡុង ភន ដោយសួរថា «ម៉េចក៏ឃើញគាត់ បាញ់ច្បាស់ម្លេះ បើមើលតែពីក្រោយ?»
លោក ភន និយាយទៅកាន់លោកឈូក បណ្ឌិត ថា គាត់ឃើញផ្ទាល់ភ្នែក ក្មេងស្រីម្នាក់ដូល ហើយលោក (ឈូក បណ្ឌិត) កាន់កាំភ្លើងនៅនឹងដៃ។ ជាការដកស្រង់សម្ដី មកបញ្ជាក់បន្ថែម របស់កម្មការិនី ប៊ុត ចិន្តា ដែលមានសសៃខ្ចីទើបតែបានមួយខែ និងជាជនរងគ្រោះទីបី។
មេធាវីការពារឲ្យកម្មការីទាំងបី លោក ជិន លីដា បានឆ្លើយឆ្លងតាមទូរស័ព្ទ ជាមួយអ្នកសារព័ត៌មានមនោរម្យព័ងអាំងហ្វូ ថា សាក្សីដែលបានឆ្លើយក្នុងសវនាការ បានបញ្ជាក់ដូចគ្នានេះ ពីលោក ឈូក បណ្ឌិត ដែលឈរកាន់អាវុធតម្រង់ទៅមុខ ហើយមានកម្មករ ដែលនៅខាងមុខគាត់ «របូសដួល»។ លោកមេធាវី ស្នើសុំឲ្យលាសាឧទ្ធណ៍ពិនិត្យ ពិចារណាលើអង្គហេតុ អង្គច្បាប់ ភស្តុតាង ដែលមានក្នុងសំណុំរឿង និងចម្លើយរបស់សាក្សី ដោយផ្តល់នូវយុត្តិធម៌ ជូនជនរងគ្រោះស្លូតត្រង់។
ដោយឡែកអ្នកស្រី ម៉ៅ សំវុទ្ធារី មេធាវីការពារលោក ឈូក បណ្ឌិត មិនទទួលទូរស័ព្ទទេ នៅពេលមនោរម្យព័ងអាំងហ្វូព្យាយាម សុំការបង្ហាញ ពីសំណុំរឿងក្តីបាញ់ប្រហារនៅក្រុងបាវិតនេះ។ ប៉ុន្តែតាមការបញ្ជាក់ របស់ជនរងគ្រោះថា នៅក្នុងពេលសវនាការ មេធាវីរបស់លោក ឈូក បណ្ឌិត មិនទទួលស្គាល់ លើចម្លើយរបស់សាក្សី ដែលបានឃើញ«ការបាញ់»នោះទេ ហើយស្នើរសុំឲ្យសាលាឧទ្ធណ៍ តម្កល់ដីកាសម្រេច របស់តុលាការខេត្តស្វាយរៀងនៅដដែល។
លោក ឈិត សំអាត មន្រ្តីបច្ចេកទេស អង្គការលីការដូ ជាអ្នកតាមដាននូវសវនាការនេះ បានសម្តែងនូវការព្រួយបារម្មណ៍ ជំនួសសាក្សី ដែលហ៊ាន«ឆ្លើយនូវការពិត» ព្រោះជាទម្លាប់នៅកម្ពុជា អ្នកដែលឆ្លើយការពិត តែងតែបារម្មណ៍ពីសុវត្ថិភាព។ ជាមួយគ្នានេះដែរ ប្រធានផ្នែកសិទ្ធិការងារ នៃមជ្ឃមណ្ឌលអប់រំច្បាប់សម្រាប់សហគម លោក មឿង តុលា បានបន្ថែមថា លោកមានសាក្សីបីបួននាក់ សម្រាប់ជួយជនរងគ្រោះ តែដោយជនសង្ស័យមានអំណាច មានគ្នីគ្នាច្រើន និងមិនត្រូវបានតុលាការឃុំខ្លួនទៀតនោះ ធ្វើឲ្យសាក្សី«មិនហ៊ានចេញមុខ» និងធ្វើឲ្យជនរងគ្រោះគ្មានសាក្សី។ ការតតាំងក្តីនេះ មិនថាតែសាក្សីទេ សូម្បីជនរងគ្រោះ ក៏មានការភ័យខ្លាច ពីសុវត្តិភាពនេះដែរ។
ទោះបីជាយ៉ាងណាក៏ដោយ កម្មការីទាំងបីនាក់ បានប្រាប់មនោរម្យព័ងអាំងហ្វូថា «ពួកខ្ញុំសប្បាយចិត្តណាស់ ដោយសាក្សីទាំងនោះ ហ៊ាននិយាយកាពិត។ នេះជាចម្លើយពិត របស់មន្ត្រីប៉ូលីសស្មោះត្រង់។ ចម្លើយនេះអាចធ្វើឲ្យតុលាការជឿជាក់ និងផ្តល់នូវយុត្តិធម៌ពិត។ ទោះជាយ៉ាងណា ក៏ពួកខ្ញុំជឿជាក់ជាង តុលាការស្វាយរៀងដែរ៕»
--------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ