ក្បាច់គុនល្បុក្កតោ «មិនសម្រាប់តែប្រកួតគ្នានោះទេ»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - អត្ថបទ៖ វិន ជីវន្ត - ភ្នំពេញ ថ្ងៃទី០១ មិនា ២០១៣
- កែប្រែចុងក្រោយ: March 01, 2013
- ប្រធានបទ: គុនខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វចនានុក្រមសម្តេច ព្រះសង្ឃរាជ ជួនណាត បានពន្យល់ពាក្យថា ល្បុក្កតោ មានន័យយ៉ាងដូច្នេះ «ដំបងខ្លីមួយប្រភេទ សំរាប់កាន់អមផ្ទាប់ទៅនឹងកំភួនដៃ សំរាប់រងដំបងវែង ឬបុកការពារខ្លួន»។ ល្បុក្ក មានន័យថា «វាយ ឬក្បាច់គុន»។ ឯពាក្យ តោ មានន័យថា «សត្វតោ ឬអានុភាព»។ ដូច្នេះសរុបមក ក្បាច់គុនល្បុក្កតោ ជាក្បាច់គុនដែលប្រកបដោយអានុភាព ឬខ្លាំងដូចសត្វតោ។
ក្បាច់គុននេះ ត្រូវបានគេបែងចែកជា ១២មេ ហើយមេនីមួយៗមានរាប់រយក្បាច់។ ការហាត់ រៀនល្បុក្កតោ មានលំដាប់ថ្នាក់ពីតូចទៅធំ ដូចជាថ្នាក់ក្រមាស ក្រមាបៃតង ក្រមាខៀវ ក្រមាក្រហម ក្រមាត្នោត និងក្រមាខ្មៅ។ ថ្នាក់ក្រមានីមួយៗមាន រ៉ាប់រយក្បាច់។ ដោយឡែក នៅក្នុងថ្នាក់ ក្រមាខ្មៅ មាន១ជាន់ ២ជាន់ ៣ជាន់ រហូតដល់ ១០ជាន់។
ក្នុងសម័យខ្មែរក្រហមពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ក្បាច់គុនល្បុក្កតោ ត្រូវបានបំផ្លិតបំផ្លាញ ស្ទើរគ្មានសល់ ដោយសារការបាត់បង់ជីវិត នៃអ្នកចេះដឹង ឬគ្រូបង្ហាត់ និងមានការបិតសាលា គុនជាដើម។
ក្បាច់គុនល្បុក្កតោ ដែលអវត្តមានក្នុងការប្រកួត ជាច្រើនឆ្នាំមកហើយនោះ គឺត្រូវបានគេឃើញ មានការប្រកួតជាលើកដំបូង នៅពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីខែកញ្ញា ឆ្នាំ២០០៦ កន្លងទៅ ក្រោមការដឹកនាំពីលោកគ្រូចាស់ៗ ចំនួន ២០នាក់ មកពីបណ្តាខេត្តនានា។
ថ្វីត្បិតតែក្បាច់គុន ល្បុក្កតោ មិនមែនជាវិញ្ញាសារកីឡាអូឡាពិកក៏ដោយ ប៉ុន្តែវាជាចលនា កីឡាមួយ ដែលមានសារៈសំខាន់ សំរាប់បំផុស និងបណ្តុះបណ្តាលសមត្ថភាព កាយសម្បទាន និងស្មារតីយុវជនខ្មែរ ឲ្យស្នេហាវិស័យកីឡា។ កន្លងមកនេះ គេឃើញមានការប្រកួត ក្បាច់គុនល្បុក្កតោ ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៏ និងសម្តែងនៅតាមតំបន់ ទេសចរណ៏ក្នុងខេត្តមួយចំនួន ហើយមានទស្សនិកជន មកចូលរួមទស្សនាយ៉ាងច្រើនកុះករ។
លោក សាន គឹមស៊ាន លោកគ្រូក្រមាមាស និងជាប្រធានកិត្តិយស សហព័ន្ធកីឡាល្បុក្កតោ បន្ទាប់ពីភៀសខ្លួនពីសង្គ្រាម ទៅរស់នៅសហរដ្ឋអាមេរិក លោកបានវិលត្រលប់មកប្រទេស កម្ពុជាវិញនៅឆ្នាំ ១៩៩៥។ លោកបានស្វែងរកគ្រូចាស់ៗ ដែលនៅមានជីវិត ដើម្បីបន្តបង្ហាត់ បង្រៀនដល់យុវជនជំនាន់ថ្មី ក្នុងគោលបំណង អភិរក្សមរតកដ៏មានតម្លៃនេះ។
នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០០៤ លោកបានបង្កើតសហព័ន្ធកីឡាល្បុក្កតោនេះឡើង ហើយ មានចំនួនត្រឹមតែ ៥ខេត្តក្រុងប៉ុណ្ណោះ។ លោកក៏បានទទួលការតែងតាំង ជាប្រធានកិត្តិយស សហព័ន្ធកីឡាល្បុក្កតោ ពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៏ និងជាប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយដាក់រហ័សនាមថា «លោកគ្រូក្រមាមាស»។
គាត់បានមានប្រសាសន៏ថា «អ្នកដែលចូលមកហាត់ ក្បាច់គុននេះ មានគ្រប់វ័យ ពោលគឺ មាន ចាប់ពីវ័យកុមារ រហូតដល់វ័យចំណាស់ ទាំងបុរស ទាំងស្ត្រី និងមានជនបរទេសផងដែរ»។
លោកបានបន្ថែមថា៖ «បុព្វហេតុដែលជំរុញឲ្យ យុវជនចូលមកហាត់ក្បាច់គុនល្បុក្កតោ គឺមិនមែនហាត់ ដើម្បីតែទៅប្រកួតគ្នា លើឆាកនោះទេ ចំណុចសំខាន់នោះ គឺក្បាច់គុននេះ ជាមរតក សម្បត្តិវប្បធម៌ជាតិ។ ពួកគេចង់រក្សានូវកេរដំណែលនេះ និងជាពិសេសនោះ គឺហាត់ដើម្បី សុខភាពរបស់ពួកគេផ្ទាល់»។
កុមារា ឡៅ ម៉េងហេង ជាសិស្សមកពីសាលាឯកជន សិង្ហបូរី បានប្រាប់ឲ្យដឹងថា៖ «ខ្ញុំមកហាត់ ក្បាច់គុនល្បុក្កតោនេះ ដោយសារសំណង់ចំនូលចិត្ត និងមានការណែនាំ ពីឪពុកម្តាយរបស់ខ្ញុំ ជាពិសេស គឺហាត់ដើម្បីទទួលបានសុខភាពល្អ»។
ចំណែកឯយុវជន សៀង ហុង ជាសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលមានបងស្រីជាអ្នក ហាត់គុនល្បុក្កតោដែរនោះ បានលើកឡើងថា៖ «ការហាត់មិនត្រឹមតែដើម្បីសុខភាព តែ ប៉ុណ្ណោះទេ គឺខ្ញុំថែមទាំងមានបំណង ឡើងប្រកួតជាផ្លូវការផងដែរ»។
រហួតមកដល់សព្វថ្ងៃនេះ ក្លឹបហាត់គុន ល្បុក្កតោ មានចំនួនកើនឡើងជាបន្តបន្ទាប់។ បច្ចុបន្ប មានក្លឹបទាំងអស់ ប្រមាណជា ២៤ក្លឹប នៅក្នុង ១០ខេត្តក្រុងទូទាំងប្រទេស។ ហើយចំនួននេះ គេរំពឹងថា នឹងមានការកើនឡើងជាបន្តទៀត៕