តំណាងរាស្ត្រទួគីរ វាយគ្នាដួលបះជើង ក្នុងរដ្ឋសភា (vdo)
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ប៉ារីស ថ្ងៃទី២០ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 21, 2015
- ប្រធានបទ: ធ្វើច្បាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមតំណាងរាស្ត្រនៃប្រទេសទួគីរ មកពីគណបក្សប្រឆាំង បានប្រើប្រាស់ល្បិចពន្យាពេល ដើម្បីបញ្ជៀសការជជែក ពិភាក្សា ទៅលើច្បាប់«សន្ដិសុខផ្ទៃក្នុង»មួយ ដែលពោរពេញទៅដោយភាពប្រទាំងប្រទើស។ ច្បាប់នោះ នឹងអនុញ្ញាត ឲ្យកងកម្លាំងអាជ្ញាធរ អាចធ្វើការឆែកឆេរ ចាប់ខ្លួន ឬលួចស្ដាប់តាមទូរស័ព្ទ ដោយអាជ្ញាធរគ្រាន់តែ ធ្វើការ«សង្ស័យ»ប៉ុណ្ណោះ និងមិនចាំបាច់ មានដីការបង្គាប់ពីតុលាការ។
បើតាមគេហទំព័រក្នុងស្រុកមួយ ឈ្មោះ Hurriyet បានឲ្យដឹងថា ការជជែកប៉ះសម្ដីគ្នា ដែលមានរយៈពេលច្រើនជាង៣ម៉ោង បានទៅហួស ពីការជជែកពិភាក្សា លើគម្រោងច្បាប់ ហើយការតឹងសសៃក បានកើតឡើងរវាងក្រុមទាំងសងខាង។ រំពេចនោះ តំណាងរាស្ត្របក្សប្រឆាំងមួយរូប ត្រូវបានតំណាងរាស្ត្របក្សកាន់អំណាចជាច្រើននាក់ ឡោមព័ទ្ធវាយជាច្រើនកណ្ដាប់ដៃ ធ្វើឲ្យតំណាងរាស្ត្ររូបនោះ ដួលធ្លាក់ចូលទៅក្នុងជណ្ដើរមួយ នៅក្បែរនោះ។
តាមពិតទៅគ្រោះថ្នាក់នេះ ជាគ្រោះថ្នាក់លើកទីពីរហើយ ព្រោះកាលពីយប់ថ្ងៃអង្គារ ចូលមកថ្ងៃពុធ ក្នុងសប្ដាហ៍ដដែល តំណាងរាស្ត្របក្សប្រឆាំងប្រាំនាក់ បានរងរបួសរួចហើយ ពីការវាយតប់គ្នាជាទូទៅមួយ នៅក្នុងអាគារដ្ឋសភានេះ។ ក្នុងនោះ តំណាងរាស្ត្រពីរនាក់ ត្រូវបានគេដំក្បាល នឹងញញួរគោះតុរបស់ប្រធានរដ្ឋសភា។
ហើយការវាយតប់គ្នា នៅក្នុងរដ្ឋសភានេះប្រទេសទួគីរ ក៏មិនមែនទើបនឹងកើត ជាលើកទីមួយដែរ។ កាលដើមឆ្នាំមុន ក្រុមតំណាងរាស្ត្រទាំងនេះ ក៏បានធ្វើការគប់ឯកសារ ដបទឹក... និងវាយតប់គ្នាយ៉ាងចាស់ដៃដែរ បន្ទាប់ពីពួកគេ ជជែកគ្នាមិនត្រូវ នៅក្នុងគម្រោងច្បាប់ ដែលផ្ដល់អំណាច ទៅឲ្យអង្គការនិតិប្រតិបត្តិ ក្នុងការតែងតាំងចៅក្រម និងរដ្ឋអាជ្ញា។
នៅប្រទេសអ៊ុយក្រែន ក៏មិនខុសគ្នាដែរ។ តំណាងរាស្ត្រនៃប្រទេសនេះ បានវាយតប់គ្នាយ៉ាងខ្លាំងក្លា និងជាច្រើនដង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីសប្ដាហ៍មុន នៅក្នុងអង្គប្រជុំនៃរដ្ឋសភាអ៊ុយក្រែន តំណាងរាស្ត្រពីរនាក់ បានប្រែក្លាយទីនោះ ទៅជាទីលានប្រដាល់ បន្ទាប់ពីជជែកគ្នាមិនត្រូវ ទាក់ទងនឹងគម្រោងច្បាប់ប្រឆាំងអំពើពុករលួយ៕