ពលរដ្ឋនៅក្រុងសេរីសោភ័ណ្ឌ តវ៉ាដល់សាលាខេត្ត រឿងមេទាហានមកឈូសដីខ្លួន
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី២១ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 21, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជម្លោះដីធ្លីមួយនេះ មានជាយូរណាស់មកហើយ ប៉ុន្តែមិនមានអ្នកណា ជាអ្នករងបញ្ហាធំដំនោះទេ ទើបតែមកដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ មានក្រុមហ៊ុន បានបញ្ជាគ្រឿងចក្រ មកឈូសឆាយ ជីកដីពលរដ្ឋនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ ចាប់តាំងពីថ្ងៃទី០៦ ខែកុម្ភៈ មកដល់ថ្ងៃទី២១ ខែកុម្ភៈនេះ ពលរដ្ឋបានដាក់ពាក្យបណ្តឹផ្សេងៗទៅសាលាឃុំ និងសាលាក្រុងខាងលើ តែនៅមិនមានដំណោះស្រាយ។ ពលរដ្ឋបានបន្តការតវ៉ារបស់ពួកគេ រហូតមកដល់មុខសាលាខេត្ត បន្ទាយមានជ័យ ទៀត នៅព្រឹកថ្ងៃទី២១កុម្ភៈនេះ ដោយមានការចូលរួម ពីអ្នកភូមិប្រមាណ ជាជាង១០០នាក់។
តំណាងអ្នកភូមិខាងលើលោក រាជ្យ កុសល បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកនិងអ្នកភូមិ បានមកដល់សាលាខេត្ត តាំងពីពេលព្រឹក រហូតដល់ម៉ោង៩ហើយ តែនៅមិនទាន់មាន អ្នកធ្វើការណាម្នាក់ចេញមកទទួលពាក្យ ឬមានការសាកសួរអ្វីផ្សេងៗនោះទេ។ លោកបន្តថា ពលរដ្ឋទាំងអស់ មិនបានដឹងច្បាស់លាស់ថា ក្រុមហ៊ុននោះ ជាក្រុមហ៊ុនអ្វីនោះទេ តែលោកបានប្រាប់ថា ជាបញ្ជារបស់មេបញ្ជាការម្នាក់ឈ្មោះ ហុង ក្នុងខេត្តនេះ។ តែអ្នកភូមិរូបនេះ បានឲ្យដឹងថា នៅពេលដែលពួកគាត់ហាមឃាត់ មិនឲ្យមានការឈូសឆាយ ម្ចាស់គ្រឿងចក្រនោះ បានប្រាប់ថា គាត់បានទិញដីនេះរួចហើយ។ លោកប្រាប់ទៀតថា មិនមានការព្រមព្រៀងណាមួយ ដោយមានឯកសាត្រឹមត្រូវ ដែលបានលក់នោះទេ ព្រោះជាដីដែលពួកគាត់កំពុងត្រួវការ។
លោក ណាន់ ចន តំណាងអ្នកតវ៉ាម្នាក់ទៀតនោះ បានឲ្យទស្សនាវដ្តីដឹងថា គាត់បានដាក់ពាក្យបណ្តឹងជាច្រើនដងហើយ តែហាក់មិនមានការទទួលយក ពីភូមិឃុំទេ។ រហូតមកដល់ថ្ងែនេះ អ្នកភូមិនអាចទ្រាំមើល គេជីកដីរបស់ខ្លួនទៀតបានទេ ក៏បន្តនាំពាក្យនេះ មកដល់សាលាខេត្តបន្ទាយមានជ័យ។ ដើម្បីឲ្យមានអន្តរាគមន៍ បញ្ឈប់ការជីកកាយដីនេះ ជាបន្ទាន់។
ឆ្លើយតបនឹងការទាមទារខាងលើរបស់ពលរដ្ឋ លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកមិនទាន់បានដឹងរឿងនេះនៅឡើយទេ។ ហើយការដែលតវ៉ា ដាក់ពាក្យបណ្តឹងនេះ ក៏លោកមិនបានដឹងដែរ ព្រោះថ្ងៃនេះ ជាថ្ងៃឈប់សំរាក។ លោកនិយាយថា៖ «ខ្ញុំមិនទាន់បានចូលធ្វើការវិញទេ។ ដូច្នេះ មិនបានដឹងរឿងនេះ។»។
រីឯលោក ស៊ុំ ចាន់គា មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស របស់សមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ម្ចាស់ក្រុមហ៊ុនឯកជនដែលមានជម្លោះ ជាមួយនឹងអ្នកភូមិខាងលើឈ្មោះ ហុង មានតួនាទីជាមេទាហាន នៅក្នុងខេត្តបន្ទាយមានជ័យនោះផង។ លោកប្រាប់ថា ចំពោះរឿងនេះ លោកនៅមិនទាន់បានដំណឹងថា តើសាលាខេត្ត នឹងដោះស្រាយយ៉ាងណានោះទេ។ តែលោកបានលើកឡើងថា ពលរដ្ឋធ្វើបែបនេះ វាជារឿងត្រិមត្រូវ ព្រោះភាពអយុត្តិធម៍មួយនេះ មានសភាពធ្ងន់ធ្ងរខ្លាំង សម្រាប់ប្រជាពលរដ្ឋ។ លោក ចាន់គា បានបញ្ជាក់ថា ក្រុមហ៊ុនមួយនេះ មានឯកទេស ខាងជីកភ្នំមួយចំនួន ដោយសំអាងលើអាជ្ញាប័ណ្ណ។ តែមកដល់ពេលនេះ ក្រុមហ៊ុនបានយកអាជ្ញាប័ណ្ណនោះ មកធ្វើការជីកកកាយលើដីអ្នកភូមិទាំងនេះទៅវិញ៕