«មោឃភាព»​នៃ​​ប្លង់​​រឹង​ ត្រូវ​បាន​ធ្វើ​យ៉ាង​ងាយ នៅ​កម្ពុជា?

ដីមួយកន្លែង ស្ថិតក្នុងរាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិ របស់ប្រជាពលរដ្ឋម្នាក់ ដែលមាន«ប្លង់រឹង» ចេញកាល​ពី​ឆ្នាំ​២០០៦។ ប្លង់​រឹង​នេះ បានផ្ទេរសិទ្ធិបន្ត ទៅឲ្យអ្នកទីពីរ ក្នុងឆ្នាំ២០០៨ កាន់កាប់តមក។ លុះដល់ឆ្នាំ២០១៥ សាលា​រាជធានី​ភ្នំពេញ បានចេញសេចក្តីជូនដំណឹង ដោយបានសម្រេច ដាក់ប្លង់រឹងនោះ ឲ្យអស់សុពលភាព និង​គ្មាន​ប្រសិទ្ធិភាព​អនុវត្ត។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៣០ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 31, 2015
  • ប្រធានបទ: អចលនទ្រព្យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមលិខិតចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ របស់សាលារាជធានីភ្នំពេញនោះ បានបញ្ជាក់ពី«មោឃភាព»​លើ​ប្លង់​រឹងនោះ ដោយសំអាង លើអំណាចសាលដីកា របស់តុលាការកំពូល (ដែលជាសាលដីកាស្ថាពរ) លេខ ១៣២ង ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។

សូមបញ្ជាក់ថា ប្លង់ដីរឹងនេះ ជាកម្មសិទ្ធិ (ទ្រព្យរួម) របស់ឈ្មោះ ឃួន ផង់ និងនាង ស្វាយ នួន ដែលបានចេញ​ដោយលោក ឆាយ ឬទ្ធិសែន តាមបញ្ជារដ្ឋមន្រ្តីក្រសួងដែនដី និងនគរូបនីយកម្ម កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ​២០០៦។ ប្លង់រឹង ឬវិញ្ញាបនប័ត្រ បញ្ជាក់កម្មសិទ្ធិដីខាងលើ ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌដង្កោ (បច្ចុប្បន្នខណ្ឌពោសែនជ័យ) រាជធានីភ្នំពេញ មានលេខសំគាល់ម្ចាស់អចលនវត្ថុ 12050522-0310 ដែល​មាន​សន្លឹកផែនទី លេខ 5932-ll 60 d 1 មានលេខក្បាលដី 310 និងទំហំដី 1360 ម៉ែត្រការ៉េ ជា​ប្រភេទ​កម្មសិទ្ធិ​ឯកជន។

តាមចំណារ ដែលមានបញ្ជាក់ ក្នុងវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុលេខៈ 12050522-0310 នេះ បាន​បង្ហាញថា ប្លងដីខាងលើ ត្រូវបានផ្ទេរសិទ្ធិគ្រប់គ្រង ពីឈ្មោះ ឃួន ផង់ និងនាង ស្វាយ នួន បន្តទៅឲ្យឈ្មោះ ធុយ ឆីវអួន (មេម៉ាយពីស្វាមី ផ្លុង សាវឿន ដែលបានស្លាប់) កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៨ ដោយមាន​បោះត្រាបញ្ជាក់ភ្ជាប់ផង។

ប៉ុន្តែវិញ្ញាបនប័ត្រ សំគាល់ម្ចាស់អចលនវត្ថុខាងលើ ត្រូវបានសាលារាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង អំពី«មោឃភាព» នៃវិញ្ញាបនប័ត្រខាងលើ ដោយចុះហត្ថលេខា ដោយលោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដោយប្រាប់ ទៅម្ចាស់វិញ្ញាបនប័ត្រថា វិញ្ញាបនប័ត្រ សំគាល់ម្ចាស់​អចលនវត្ថុនេះ ត្រូវ«អស់សុពលភាព និងប្រសិទ្ធិភាព(មោឃភាព)» ចំពោះមុខច្បាប់ ដោយអំណាច​សាលក្រម ស្ថាពរលេខៈ ១៣២ង ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។ តែបើយោងតាមការវិនិច្ឆ័យសេចក្តី របស់តុលាការ​កំពូល ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ របស់លោក ឌិត មុន្ទី ប្រធានតុលាការកំពូល សាលដីកានោះ មិន​បាន​បញ្ជាក់ ពីភាពអស់សុពលភាព នៃវិញ្ញាបនប័ត្រនេះទេ ដោយគ្រាន់តែនិយាយ ពីបណ្តឹង​នៃការទិញ-លក់​ប៉ុណ្ណោះ។

ការប្រកាស«មោឃភាព»ប្លង់រឹង ដោយសាលារាជធានីភ្នំពេញនេះ ត្រូវបានមតិជាច្រើន ក្នុងបណ្តាញសង្គម​ធ្វើការរិះគន់ ទៅលើចំណាត់ការ នៃសាលារាជធានីភ្នំពេញ ថាកំពុងអនុវត្ត ហួសពីតួនាទីខ្លួន។

លោក ធុក គឹមថុល ដែលជាប្រជាពលរដ្ឋម្នាក់ បានបង្ហាញការហួសចិត្តថា បើសាលដីកាមិនបញ្ជាក់ ពី​អសុពលភាពនៃប័ណ្ណនេះផង ហេតុអ្វីបានជាសាលារាជធានី ចេញលិខិតមោឃភាព លើប្លង់នោះបាន? លោក​ចោទសួរថា តើសាលារាជធានី មានសិទ្ធដែរឬទេ បើសាដីកានោះ និយាយត្រឹមបណ្តឹង នៃកាលក់-ទិញ​ប៉ុណ្ណោះ​នោះ?

ពលរដ្ឋរូបនេះ បាននិយាយយ៉ាងខ្លីថា តាមនិតិវិធីធ្វើប្លង់ដីនេះ ត្រូវធ្វើឡើងជា៥ជំហាន ប្រសិនបើគ្មានបណ្តឹង​ជំទាស់ នៅដំណាក់កាលទី៣ នៃការបិទផ្សាយទេ។ លោកបន្តថា នោះក៏មានន័យថា ប័ណ្ណនោះត្រឹមត្រូវ​ហើយ។ ដូច្នេះ អ្នកដែលអាចធ្វើមោឃភាព ប័ណ្ណនោះបាន គឺក្រសួង ឬមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ (ដនសស) ជាមួយនឹងការយោង តាមសាលដីការបស់តុលាការ។ លោក គឹមថុល បានណែនាំថា៖ «សូមយកលិខិតនេះ ភ្ជាប់​ជាមួយពាក្យបណ្តឹង ទៅសាលារាជធានីភ្នំពេញ ដើម្បីអោយគាត់បកស្រាយឡើងវិញ ហេតុអីទើបចេញ​លិខិតនេះបាន បើសាដីកាមិននិយាយពីប័ណ្ណផង។ ហើយសាលដីកា គេច្រានពាក្យបណ្តឹងចោលហ្នឹង សូម​មើលសេចក្តីសំរេចចុងក្រោយ របស់តុលាការកំពូល។»

ចំពោះករណីខាងលើ ត្រូវបានលោក ធុយ មូលី (Moly Thuy) ចៅជីដូនមួយ របស់ឈ្មោះ ធុយ ឈីវអួន ជា​ម្ចាស់​កម្មសិទ្ធិ ដែលបានទិញដីនោះ មកគ្រប់គ្រងដល់បច្ចុប្បន្ន លើកឡើងថា នេះជារឿង«មហាហួសចិត្ត និង​មហា​អយុត្តិធម៌មួយ»។ លោកបានរៀបរាប់ថា យាយរបស់ខ្លួន ឈ្មោះ ធុយ ឈីវអួន បានទិញដីខាងលើ ក្នុង​ឆ្នាំ​២០០៨ ហើយបានកាត់ឈ្មោះ នៅលើប្លង់រឹងត្រឹមត្រូវ។ ដីនោះក៏បានចុះទៅមើល និងឲ្យលោកមេភូមិ ធ្វើស្រែ​លើដីនោះរាល់ឆ្នាំ ឯមេភូមិក៏បានអះអាងថា ដីនេះមិនមានរឿងរ៉ាវក្តីក្តាំអ្វីទេ គ្មានអ្នកណាយកបានទេ ព្រោះ​មាន​ប្លង់រឹងហើយ។

លោកបានបន្តថា ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ ស្រាប់តែប្រធានភូមិស្ទឹងមានជ័យ ភូមិដែលជីដូនលោក ស្នាក់នៅសព្វថ្ងៃ យកសេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញលេខ ១២ សជណ.រក ចុះថ្ងៃទី០៧ ខែ​កក្កដា ឆ្នាំ២០១៥ មកឲ្យជីដូនលោក។

លោកបន្តថា តាមសេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញនេះ លោកយាយរបស់លោក បានបាត់​បង់​សិទ្ធគ្រប់គ្រងដី ដែលមាន«ប្លង់រឹង»នោះហើយ។ សាលារាជធានី នៅបានគម្រាមទៀតថា៖ «វិញ្ញាបនបត្រ​សំគាល់ ម្ចាស់អចលនវត្ថុលេខៈ 12050522-0310 ជាកម្មសិទ្ធិរបស់លោកស្រី​ត្រូវអស់​សុពលភាព និង​ប្រសិទ្ធិភាព (មោឃភាព) ចំពោះមុខច្បាប់ ដោយសារអំណាចសាលដីកាស្ថាពរលេខៈ ១៣២ង ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ របស់តុលាការកំពូល ហើយចាប់ពីថ្ងៃជូនដំណឹងនេះតទៅ លោកស្រី មិនអាចយក​វិញ្ញាបនបត្រ សំគាល់ម្ចាស់អចលនវត្ថុនេះ ទៅប្រើប្រាស់បានទៀតទេ ពីព្រោះវាផ្ទុយពីខ្លឹមសារច្បាប់ ហើយ​ប្រសិន បើមានការប្រើប្រាស់នោះ នឹងនាំឲ្យមានការផ្តន្ទាទោស តាមផ្លូវច្បាប់ជាធរមាន។»៕

លោក មូលី បានសរសេរអះអាងទៀតថា៖ «សួរទៅសាលារាជធានី ពីរឿងហ្នឹងវិញ មន្ត្រីសាលារាជធានីប្រាប់​ថា គាត់អត់ដឹងរឿងអីទេ គាត់ធ្វើតាមបញ្ជា របស់ខាងសុរិយាដី គេឲ្យធ្វើទេ។ ចាំល្ងាចនេះ ទៅសាកសួរខាង​សុរិយោ​ដី ឲ្យបានច្បាស់លាស់សិន បើជាការចេញ សេចក្តីជូនដំណឹងច្រលំ (ខុសបច្ចេកទេស!) ត្រូវខាងសាលា​រាជធានី​ភ្នំពេញ ចេញលិខិតនិរាករណ៍ សេចក្តីជូនដំណឹងមុនចោល!»៕

» សូមមើលលិខិតនេះ ដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...