ផ្សារសូរិយាលក់ដូរធម្មតា ព្រោះអាជីវករព្រមយកការបញ្ចុះតម្លៃ២០% និងអនុវត្ត៤ចំណុច
- ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected])-ភ្នំពេញ ថ្ងៃទី១៣ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 16, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមអាជីវករផ្សារសូរិយា ដែលបានធ្វើការតវ៉ា បិទច្រកចេញចូលផ្សារ ដើម្បីទាមទារឱ្យម្ចាស់ផ្សារ បញ្ចុះតម្លៃជួលតូប ៣០% និងលុបបំបាត់ការយកកម្រៃ កាត់ឈ្មោះសេងតូបខ្ពស់ជាដើមនោះ បានត្រឡប់វិល មកធ្វើលក់ដូរជាធម្មតាវិញ បន្ទាប់ពីពួកគេ បានព្រមព្រៀងជាមួយនឹងម្ចាស់ផ្សារ នូវចំណុចមួយចំនួន។
អាជីវករលក់សំលៀកបំពាក់ម្នាក់ នៅផ្សារសូរិយា លោក នាវ ឡាយទិត្យ បានឱ្យដឹងថា ក្រោយពីការចរចាគ្នា នៅព្រឹកថ្ងៃទី១៣ កុម្ភៈ ២០១៥ ម្ចាស់ផ្សារបានយល់ព្រម បញ្ចុះតម្លៃតូប២០%។ ចំណែកលក្ខខណ្ឌ ទាំង៤ចំណុចផ្សេងទៀត មានដូចជា បង់លុយឱ្យបានទៀងទាត់ បិទផ្លាកលើតម្លៃទំនិញ រៀបចំតូបឱ្យមានសណ្ដាប់ធ្នាប់ និងបិទបើកតូបឱ្យបានទៀងទាត់ គឺបើកនៅម៉ោង៨ព្រឹក និងបិទនៅម៉ោង៨កន្លះ ឬម៉ោង៩យប់ ដែលម្ចាស់ផ្សារដាក់ឱ្យអនុវត្តតាម ត្រូវបានអាជីករទទួលយល់ព្រម រួចរាល់ហើយដែរ។
លោក ឡាយទិត្យ បានបន្តថា៖ «អាតម្លៃលក់អីហ្នឹង គឺអាជីវករឯកភាពអស់ហើយុ។ ក៏ប៉ុន្តែអាចំណុចដែលថាបិទបើកហ្នឹង គេថា បើសិនណាជាយើងមកបើកតូបហ្នឹង គឺថាខុស១០ដង អញ្ចឹងគឺថាគេអនុគ្រោះ។ លើសពី១០ដង គេនឹងអត់ឱ្យអាភាគរយ២០%ហ្នឹង គេអត់ឱ្យយើងទេ។ អាបិទបើកហ្នឹងគេកាត់៥% និយាយរួមបួនចំណុចហ្នឹង ក្នុងអាសារហ្នឹង គេដាក់មកគេថា គេលើកទឹកចិត្តយើង ម៉ាចំណុចហ្នឹងគេឱ្យ៥% បើយើងធ្វើបាន៤ចំណុចហ្នឹង គេឱ្យយើង២០%។ យើងធ្វើបានចំណុចណា គេឱ្យចំណុចហ្នឹង អាចំណុចណា ដែលយើងធ្វើមិនបាន គេយកភាគរយតាមហ្នឹងវិញ។»
អាជីវកររូបនេះ បានឱ្យដឹងបន្តថា ការបញ្ចុះតម្លៃតូប២០%ភាគរយនេះ ម្ចាស់ផ្សារឱ្យសុពលភាពរយៈ៦ខែ។ លោកថា កន្លងមកខាងអាជីវករ ធ្លាប់ធ្វើលិខិតស្នើសុំទៅកាន់ម្ចាស់ផ្សារ ឱ្យធ្វើការបញ្ចុះតម្លៃម្តងរួចមកហើយ ប៉ុន្តែមិនទទួលបានការអើពើនោះឡើយ ទាល់តែមានការតវ៉ា ទើបម្ចាស់ផ្សារចេញមុខដោះស្រាយ។
លោកបានបន្ថែមថា មូលហេតុដែលនាំឱ្យមានការតវ៉ានេះ ដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ ការលក់ដូរហាក់មានសភាពស្ងាត់ លក់មិនសូវដាច់ ដោយសារតែវិបត្តិសេដ្ឋកិច្ច ផ្សារទំនើបកើតឡើងច្រើន ដូចច្នេះធ្វើឱ្យការលក់របស់អាជីករមិនសូវកាកកប ហើយភាគច្រើន គឺខាតបង់ខាងថ្លៃតូប។ ហេតុនេះហើយ ទើបអាជីវករបង្ខំចិត្តធ្វើបាតុកម្ម ទាមទារឱ្យមានការបញ្ចុះតម្លៃតូប៕