មេធាវី ៖ ការដោះលែងឪពុកម្តាយ ថោង សារ៉ាត់ ជារឿងស្របច្បាប់
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី១៣ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 16, 2015
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្លាមៗ ក្រោយការដោះលែងឪពុកម្តាយ លោកឧកញ៉ា ថោង សារ៉ាត់ នោះ ប្រតិកម្មយ៉ាងច្រើន ពីបណ្តាប្រជាពលរដ្ឋ សង្គមស៊ីវិល និងអ្នកប្រើប្រាស់បណ្តាញសង្គមជាដើម បានធ្លាក់ចុះជាហូរហែ ដោយពួកគេយល់ថា ប្រាកដជាមានភាពមិនប្រក្រតី កើតឡើងនៅក្នុងការដោះលែងនេះ បើមិនដូច្នោះ តុលការនឹងមិនហ៊ាន ធ្វើការដោះលែងដូច្នេះឡើយ។
កាលពីថ្ងៃទី១២ ខែកុម្ភៈកន្លងទៅនេះ លោក ស ខេង ក៏បានប្រតិកម្មនឹងការដោះលែងអ្នកទោស ដោយតុលាការផងដែរ។ លោកបានថ្លែងរិះគន់តុលាការ ថាពូកែក្នុងការដោះលែងអ្នកទោស ទាំងមានភស្តុតាងគ្រប់គ្រាន់។ បើទោះជាលោក ស ខេង មិនបានថ្លែងចំ ឬសំដៅលើករណីណាមួយ តែការថ្លែងនេះត្រូវបានធ្វើឡើង ក្រោយពីមានការដោះលែង ឪពុកម្តាយលោក ថោង សារ៉ាត់ ដោយចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ លោក លី សុខលេង។
លោករដ្ឋមន្ត្រីមហាផ្ទៃ បានបញ្ជាក់ដូច្នេះថា៖ «ចាប់ទៅលែងៗ។ ចាប់ធ្វើអ្វី បើលែងដដែល។ គ្នាខំហើយ (សមត្ថកិច្ច) ដុតដៃដុតជើង ទាំងយប់ទាំងថ្ងៃ។ (…) ដល់ចាប់បាន ចុងក្រោយទៅនៅក្រៅឃុំបាត់។ ដល់ចឹងទៅ ប្រើគេធ្វើម៉េច។ (…) សូមយល់បញ្ហាហ្នឹងផង។ ពិបាកណាស់ៗ ទម្រំចាប់បាន បានហើយលែងឲ្យនៅក្រៅឃុំ។ ទេបើថាមិនមានភស្តុតាង អាហ្នឹងមិនថាទេ (…) នេះ មានភស្តុតាង!»
ឆ្លើយតបនឹងបញ្ហាខាងលើ លោក ម៉ម កែវ ស៊ីវិន មេធាវី ការពារក្ដីឲ្យក្រុមគ្រួសារលោកឧកញ៉ា ថោង សារ៉ាត់ បានពន្យល់ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ចាត់ទុកមជ្ឍដ្ឋានដែលបានលើកឡើងមួយចំនួននោះថា ពួកគាត់មិនបានយល់ការពិត នៃច្បាប់។
មេធាវីរូបនេះបានធ្វើអត្ថាធិប្បាយថា ការពិតទៅ ការដោះលែងឪពុកម្តាយលោក ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំនេះ ដោយផ្អែកទៅតាមផ្លូវច្បាប់ទាំងស្រុង។ លោកបានពន្យល់ថា តាមផ្លូវច្បាប់ ដរាបណាតុលាការមិនទាន់សម្រេច ដល់អង្គសេចក្តីទេ បុគ្គលគ្រប់រូប មិនត្រូវបានចាត់ទុកជា ជនល្មើសឡើយ។ លោកបន្តថា ដូចគ្នានេះដែរ សម្រាប់កូនក្តីលោក (ឪពុកម្តាយ ថោង សារ៉ាត់) ក៏នៅចាត់ទុកថា ជាមនុស្សស្អាតស្អំនៅឡើយដែរ។
ពាក់ព័ន្ធនឹងការដោះលែងវិញ លោកបានសំអាងតាមផ្លូវច្បាប់ពីរយ៉ាង។ ទីមួយ អាវុធដែលឪពុកម្តាយលោក ថោង សារ៉ាត់ ប្រើប្រាស់ត្រឹមត្រូវតាមច្បាប់។ ទីពីរការចោទប្រកាន់នោះ ស្ថិតក្នុងករណីមជ្ឈឹម។ លោកបន្តថា តាមផ្លូវច្បាប់ករណីមជ្ឈឹម មេធាវីមានសិទ្ធិដាក់ពាក្យ សុំឲ្យគាត់នៅក្រៅឃុំបានគ្រប់ពេល។
លោកបន្ថែមថា ករណីដែលក្រុមមេធាវីលោកទាំង៤នាក់ បានស្នើសុំឲ្យដោះលែងនៅក្រៅឃុំនោះ ដោយយោងតាមស្ថានការជាក់ស្តែង ដែលលោក ថោង ចំរើន ជាឪពុកលោក ថោង សារ៉ាត់ ងងឹតភ្មែក ទាក់ទងសសៃប្រសាទ និងទឹកនោមផ្អែមជាដើម។ ឯអ្នកស្រី កែវ សារី ជាម្តាយលោក ថោង សារ៉ាត់ វិញ មានជំងឺប្រចាំកាយ ស្រើតផង និងលើសឈាមផង ដែលចាំបាច់ត្រូវការការព្យាបាលជាបន្ទាន់។ ហើយលោកមេធាវីរូបនេះ បានអះអាងថា កូនក្តីរបស់លោកនឹងចូលមកតុលាការ តាមគ្រប់នីតិវិធី។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចសុំការបញ្ជាក់ ពីចៅក្រមស៊ើមសួរសាលាដំបូងភ្នំពេញ លោក លី សុខលេង បានទេ ដោយគ្មានអ្នកទទួលទូរស័ព្ទ។ តែតាមការបញ្ជាក់របស់លោកមេធាវី ម៉ម កែវ ស៊ីវិន ដដែលនេះ បានបង្ហាញតាមនីតិវិធីច្បាប់ថា នេះជាការដាក់ឲ្យស្ថិតក្រោម ការត្រួតពិនិត្យរបស់តុលាការ។
» សូមអានអត្ថបទទាក់ទង៖ មន្ត្រីសង្គមស៊ីវិល ថាការដោះលែងឪពុកម្តាយ ថោងសារ៉ាត់ មានភាពមិនប្រក្រតី
សូមរំលឹកថា បន្ទាប់ពីមានការដោះលែងឪពុកម្តាយលោក ថោង សារ៉ាត់ នៅថ្ងៃទី ១១ ខែកុម្ភៈ នគរបាលនាយកដ្ឋានសន្ដិសុខក្រសួងមហាផ្ទៃ នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានឃាត់ខ្លួនអង្គរក្សលោក ថោង សារ៉ាត់ ម្នាក់ទៀតឈ្មោះឈុន ចិត្រា។ តុលាការក៏បានសម្រេចឃុំខ្លួនឈ្មោះ ឈុន ចិត្រា នេះ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្នុងថ្ងៃដដែល។ ការឃាត់ខ្លួនដាក់ឃុំនេះ ដោយចោទពីបទ «សមគំនិត និងផ្ដល់មធ្យោបាយក្នុងអំពើឃាតកម្ម» លើលោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីអំឡុងខែមករា៕