ខឹម វាសនា រងបណ្ដឹងទៅតុលាការនិងទៅព្រះមហាក្សត្រ ពីបទជេរប្រមាថមើលងាយពូជសាសន៍ខ្មែរ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 13, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រជាពលរដ្ឋមួយរូប រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ លោក សុច សឿង បានដាក់ពាក្យបណ្ដឹង នៅថ្ងៃទី១២ ខែមិថុនានេះ ប្តឹងប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ទៅកាន់តុលាការ និងខុទ្ទកាល័យព្រះមហាក្សត្រ ពីបទជេរប្រមាថជាសាធារណៈ (ជេរខ្មែរ) ដើម្បីសុំអន្តរាគមន៍ពីអាជ្ញាធររដ្ឋាភិបាល ឲ្យទប់ស្កាត់នូវសកម្មភាព របស់អ្នកនយោបាយរូបនេះ។
ពាក្យបណ្តឹង ដែលដាក់ទូលថ្វាយព្រះមហាក្សត្រ និងដែលបានមកដល់ដៃអ្នកសារព័ត៌មាននៅថ្ងៃនេះ បានសរសេរថា៖ «បុគ្គល ខឹម វាសនា នេះ ជាច្រើនលើកច្រើនសា នៅស្ទើរគ្រប់វេទិកាជួបជុំរបស់ពួកគេ បុគ្គលរូបនេះ តែងតែប្រើពាក្យជេរប្រមាថ ពាសវាលពាសកាល ទៅលើប្រជាជាតិខ្មែរ ព្រះសង្ឃ រួមទាំងព្រះមហាក្សត្រ ជាក់ស្តែង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ គេបានជេរប្រមាថជាតិខ្មែរ យ៉ាងអសុរោះជាទីបំផុត»។
ជាមួយនឹងក្ដីសង្ឃឹម ដែលថានឹងទទួលចំណាត់ការ លើពាក្យបណ្ដឹងរបស់ខ្លួន លោក សុច សឿង បានសរសេរបន្តថា៖ «មិនត្រឹមតែប៉ុណ្ណោះ គេបានអំពាវនាវបំបែកប្រទេសជាតិ រួមទាំងប្រើភាសាមិនគប្បី ទៅលើស្ថាប័នព្រះមហាក្សត្រ ជាទីគោរពសក្ការៈ ដែលជាការរំលោភបំពានរដ្ឋធម្មនុញ្ញ ហើយមិនត្រឹមតែប៉ុណ្ណោះ បុគ្គលរូបនេះបានទ្រុស្តនឹងព្រះសង្ឃក្នុងព្រះពុទ្ធសាសនា រួមទាំងបញ្ចូលមនោគមន៍វិជ្ជា ដ៏អាក្រក់ៗ ដែលមិនឲ្យកូនស្គាល់ឪពុក ម្តាយ ជាដើម។ល។ ដែលសកម្មភាពទាំងអស់នេះ វាជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំង ដល់សង្គមជាតិទាំងមូល និងប្រាសចាកដលល់ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ជាតិខ្មែរ។»។
នៅមុននេះបន្តិច លោកខឹម វាសនា បានយកការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកមួយ មកបង្ហោះនៅលើគណនេយ្យហ្វេសប៊ុក របស់លោក តែមិនឃើញលោក មានប្រតិកម្មអ្វី ទាក់ទងនឹងពាក្យបណ្ដឹងទាំងនេះទេ។ ប៉ុន្តែក្នុងពេលកន្លងមក ប្រធានគណបក្សសម្ព័ន ធ្លាប់បានលើកឡើង ពីជំហានដើរ ប្រកបដោយគ្រោះថ្នាក់ នៅក្នុងជម្រើសធ្វើនយោបាយរបស់លោក ដែលអាចឈានទៅដល់ គ្រោះថ្នាក់ដល់ជីវិត និងជាប់ពន្ធនាគារ។
ប្រធានបក្ស«ជួង» បានពន្យល់ នៅក្រោយការបោះឆ្នោតឃុំសង្កាត់ ដែលគណបក្សលោកមិនទទួលបាន មួយឃុំសង្កាត់ណាសោះ ដូច្នេះថា៖ «ការធ្វើនយោបាយប៉ុន្មានឆ្នាំនេះ ខ្ញុំត្រូវបានជនរងគ្រោះ (?)ប្រមាថច្រើនហួសពេកហើយចុងក្រោយនេះខ្ញុំអាចនឹងស្លាប់ ឬជាប់គុកទៀតផង។ (...) ខ្ញុំសួរខ្លួនឯងជាញឹកញាប់ថា តើខ្ញុំលះបង់បែបនេះ ដើម្បីមនុស្ស ដែលសមនឹងលះបង់ឲ្យ ឬគ្រាន់តែមានចិត្តជាប់ជំពាក់ នឹងពាក្យថា ជនជាតិខ្លួនឯង តែជាមនុស្សគ្មានតំលៃ គួរឲ្យសង្គ្រោះសោះនោះ?»។
រីឯពាក្យបណ្ដឹងដោយឡែក ដែលដាក់ជូន ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ លោក សុច សឿង បានសង្កត់ធ្ងន់បន្ថែមថា៖ «កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងវេទិកាជួបជុំមួយ របស់លោក ខឹម វាសនា បានជេរប្រមាថ មើលងាយពូជសាសន៍ខ្មែរ ដែលក្នុងនោះរួមមាន ខ្ញុំបាទ ក៏ជាខ្មែរមួយរូបផងដែរ ដោយបានហៅថា "ពូជខ្មែរ ជាពួកថោកទាប និងជាឆ្កែ។ល។" រួមទាំងប្រើពាក្យសម្តីអសុរស ជាច្រើនទៀត ដែលធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ខ្ញុំបាទ ក៏ដូចជាប្រទេសជាតិខ្មែរទាំងមូល»។
សម្រាប់ក្រុមសមាជិក និងអ្នកគាំទ្រ របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យវិញ បានបបួលគ្នាបរិហារ លើពាក្យបណ្ដឹងនេះយ៉ាងគគ្រឹកគគ្រេង។ អ្នកគាំទ្រខ្លះ បានចាត់ទុកម្ចាស់បណ្ដឹង កំពុងខ្ចីដៃព្រះមហាក្សត្រ ដើម្បីចាត់ការលើ«ប្រមុខ»របស់ខ្លួន ខណៈអ្នកគាំទ្រខ្លះទៀត បានហៅការប្ដឹងផ្ដល់ ទៅកាន់តុលាការកម្ពុជា ដែលរងការរិះគន់ពីភាពលំអៀងនោះ ថាជា«ផ្នែកមួយ» នៃសកម្មភាពរបស់«យួនបង្កប់»។
អ្នកគាំទ្រម្នាក់ ដាក់ឈ្មោះ «HengHeng Chheav» បានសរសេរថា៖ «បណ្តាញអាយួនវាបង្កប់ ប្រើគ្រប់វិធី ដើម្បីចាត់ការ LDP ព្រោះវាដឹងថា ពួកនេះជាគ្រោះធំបំផុត ក្នុងកាត់ផ្តាច់នឹមត្រួតត្រា របស់អាយួនេះ។ លោកខ្មែរចាញ់បោកតែពពួកយួនហ្នឹង! យួនរកវិធីបំភ័ន្ដខ្មែរ [ឲ្យ]គ្មានមូលដ្ឋានក្នុងយល់ការពិត (ស្តាប់ គិត ពិចារណា) ឲ្យខាំខ្មែរគ្នាឯង។»៕