សម រង្ស៊ី ថារាជសារដែលអំពាវនាវពលរដ្ឋទៅបោះឆ្នោត ជា«លិខិតក្លែងក្លាយ»
- ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី៦ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 06, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីព្រះរាជសារមួយនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ប្រើប្រាស់ ដើម្បីភ្ជាប់ក្រុមប្រឆាំង ដែលនៅតែបន្តអំពាវនាវ កុំឲ្យពលរដ្ឋទៅបោះឆ្នោត ទៅនឹងបំណង ចង់ផ្ដួលរំលំព្រះរាជបល្ល័ង្គនោះ នៅមុននេះបន្តិច លោក សម រង្ស៊ី មេដឹកនាំប្រឆាំងដ៏សំខាន់ជាងគេ របស់កម្ពុជា បានចេញមុខមកអះអាងថា ព្រះរាជសារចុងក្រោយ ដែលសរសេរក្នុងព្រះបរមនាម របស់ព្រះមហាក្សត្រនេះ គឺជាលិខិតក្លែងក្លាយ ឬជាលិខិត ដែលធ្វើឡើង ក្រោមការគំរាមកំហែង ពីលោក ហ៊ុន សែន។
លោក សម រង្ស៊ី បានសរសេរដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «លិខិតព្រះមហាក្សត្រ អំពាវនាវឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត ថ្ងៃ២៩ កក្កដា ខាងមុខ គឺជាលិខិតក្លែងក្លាយទេ ឬក៏ជាលិខិតមួយ ដែលបានធ្វើឡើង ក្រោមការគំរាមកំហែង ពីជនផ្តាច់ការ ហ៊ុន សែន ដែលចេះតែដើរ គំរាមកំហែងអ្នកដទៃ មានទាំងព្រះមហាក្សត្រផងដែរ»។
មេដឹកនាំប្រឆាំង ដែលមានវត្តមាន នៅក្នុងប្រទេសបារាំង មិនបានបញ្ជាក់ថា តើលោកមានសាក្សី ឬភស្តុតាងបែបណា ដើម្បីបញ្ជាក់ពីការលើកឡើង របស់លោកទេ។
ក្នុងព្រះរាជសារ ដែលឡាយព្រះហស្ថលេខា តាំងពីថ្ងៃទី១៨ ខែឧសភា ហើយទើបនឹងចេញផ្សាយ នៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ មានសរសេរ ក្នុងព្រះបរមនាម នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿង ថ្កើនថ្កានលើគ្រប់វិស័យ»។
ព្រះរាជាកម្ពុជា ទ្រង់បានវាយតម្លៃ ទុកជាមុនរួចស្រេច ថាការបោះឆ្នោតជាតិខាងមុខ ជា«ការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយភាពសម្ងាត់ ស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស»។
នៅព្រឹកថ្ងៃទី៦ ខែមិថុនានេះ ក្នុងពិធីជួបជាមួយកម្មករ-កម្មការិនី ឯខេត្តកំពង់ចាម ព្រះរាជសារខាងលើ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកមកប្រើប្រាស់ ដើម្បីប្រកាសចោទប្រកាន់ក្រុមប្រឆាំង ថាមានបំណងប្រឆាំងព្រះមហាក្សត្រ ឬចង់ផ្ដួលរំលំរាជានិយម បើសិនជាពួកគេនៅតែអំពាវនាវ សុំកុំឲ្យពលរដ្ឋចេញទៅបោះឆ្នោត ដែលផ្ទុយពីខ្លឹមសារ ក្នុងព្រះរាជសារ។
សម្រាប់លោក សម រង្ស៊ី បានពន្យល់ថា លោក ហ៊ុន សែន មានទម្លាប់គំរាមកំហែងគេឯង ជាច្រើនដងហើយ។ ប្រធានចលនាសង្គ្រោះជាតិ បានរំលឹកយកករណីមួយ កាលពីឆ្នាំ២០០៥ មកបញ្ជាក់ថា៖ «ជនផ្តាច់ការ ហ៊ុន សែន នេះ បានគំរាមកំហែង ព្រះមហាក្សត្រម្តងហើយ ថាគាត់ នឹងរំលាយរាជបល្ល័ង្គ បើព្រះមហាក្សត្រ មិនយល់ព្រមប្រថាប់ត្រា លើសន្ធិសញ្ញាបំពេញបន្ថែម ក្នុងរឿងព្រំដែន ដែលទទួលស្គាល់សន្ធិសញ្ញាព្រំដែន ចុះហត្ថលេខា ដោយរបប ហេង សំរិន - ហ៊ុស សែន ក្នុងទសវត្សរ៍ ឆ្នាំ១៩៨០ ហើយដែលបានកាត់ទឹកដីប្រទេសកម្ពុជា (មានទាំងកោះត្រល់ផងដែរ) ឲ្យទៅប្រទេសវៀតណាម»។
លោក សម រង្ស៊ី ថា៖ «ដូច្នេះ យើងឃើញច្បាស់ហើយថា ជនផ្តាច់ការដែលបានរៀបចំ សន្ធិសញ្ញាព្រំដែនទាំងនោះ ហើយដែលកំពុងតែដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃ គឺជាជនក្បត់ជាតិ យ៉ាងពិតប្រាកដ។ សូមបងប្អូនជនរួមជាតិ និងក្មួយៗ កុំចាប់អារម្មណ៍ពីលិខិតចុងក្រោយ របស់ព្រះមហាក្សត្រនេះ ពីព្រោះតាមផ្លូវច្បាប់ អ្វីដែលធ្វើឡើង ក្រោមការគំរាមកំហែង មិនអាចយកជាការបានទេ។»៕