សហភាព​អ៊ឺរ៉ុប​ព្រមាន​យក​ករណី​សកម្មជន​ជាប់​ឃុំ​ទាំង​៥ ឡើង​ទៅ​អ.ស.ប

ប្រតិកម្ម​របស់​ក្រសួង​ការបរទេសកម្ពុជា ដែលអះអាង​ពីការចូលជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុង​កម្ពុជា​នោះ បានបង្កឲ្យមានការខកចិត្ត ពីសំណាក់សហភាពអ៊ឺរ៉ុប តាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅកម្ពុជា លោក ហ្សក អេហ្គា (George Edgar)។ តំណាងសហភាពអ៊ឺរ៉ុបរូបនេះ បានថ្លែងបន្តថា នឹងយកករណីសកម្មជនការពារសិទ្ធិមនុស្សទាំង៥នាក់ ឡើងទៅអង្គការសហប្រជាជាតិ ក្នុងពេលខាងមុខ។
សហភាព​អ៊ឺរ៉ុប​ព្រមាន​យក​ករណី​សកម្មជន​ជាប់​ឃុំ​ទាំង​៥ ឡើង​ទៅ​អ.ស.ប
មន្ត្រីសកម្មជនការពារសិទ្ធិមនុស្សទាំង៥រូប ដែលត្រូវបានអាជ្ញាធរ និងតុលាការកម្ពុជា ចាប់ឃុំជាបណ្ដោះអាសន្ន អស់រយៈពេលជាង១ឆ្នាំហើយ ទាំងមិនមានការជំនុំជម្រះ។ (រូបថតសមាគមអាដហុក)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 05, 2017
  • ប្រធានបទ: សិទ្ធិមនុស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រតិកម្មរបស់រដ្ឋាភិបាលកម្ពុជា ជុំវិញសំណុំរឿង របស់សកម្មជនសិទ្ធិមនុស្សទាំង៥រូប ដែលកំពុងបន្តជាប់ឃុំ (ជាបណ្ដោះអាសន្ន) នៅក្នុងពន្ធនាគារព្រៃស បានបង្កការខកចិត្ត ទៅដល់សហភាពអ៊ឺរ៉ុប ដោយលើកឡើងតបទៅវិញថា នឹងជំរុញសំនុំរឿងនេះ ឡើងទៅឧត្ដមក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដែលនឹងបើកឲ្យមានកិច្ចប្រជុំ ត្រួតពិនិត្យជាសាកល (Universal Periodic Review) ក្នុងពេលខាងមុខ។

លោក ហ្សក អេហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា បានថ្លែងឡើងយ៉ាងដូច្នេះ នៅក្នុងពិធីរំលឹកខួបលើកទី២០ នៃកិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយកម្ពុជា នៅរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧នេះ។ លោកថា លោកធ្លាប់បានពិភាក្សា ជាមួយរដ្ឋាភិបាលកម្ពុជាម្ដងរួចហើយ កាលពីខែឧសភាឆ្នាំ២០១៦ ក្នុងករណីបន្តឃុំខ្លួន មន្ត្រីសិទ្ធិមនុស្សទាំង៥រូប។ ប៉ុន្តែលទ្ធផលដែលទទួលបាន មិនដូចការសង្ឃឹមទុកនោះទេ រហូតមកដល់ការអំពាវនាវជាថ្មី ពីសំណាក់សហភាពអ៊ឺរ៉ុប កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ទទូចឲ្យដោះលែងសកម្មជនទាំងនេះ ឲ្យមានសេរីភាពវិញ។

ការអំពាវនាវ ដែលធ្វើឡើង នៅក្នុងសេចក្តីថ្លែងការណ៍ របស់សហភាពអឺរ៉ុប បានបញ្ជាក់ថា៖ «វាមានសារសំខាន់ណស់ ដែលសិទ្ធិរបស់បុគ្គលទាំងប្រាំរូបនេះ ត្រូវបានគោរពពេញលេញ ហើយរាល់ការំលោភបំពានសិទ្ធិណាមួយរបស់ពួកគេ ក្រោមច្បាប់កម្ពុជា និងកិច្ចព្រមព្រៀងអន្តរជាតិ ដែលកម្ពុជាជាហត្ថលេខី ត្រូវទទួលបានការដោះស្រាយ ដោយសមស្រប» ។

សម្រាប់ក្រសួងការបរទេសកម្ពុជាវិញ សេចក្ដីអំពាវនាវនោះ គឺជាការជ្រៀតជ្រែក របស់សហភាពអ៊ឺរ៉ុប ចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយ ក្នុងយប់ថ្ងៃ (ព្រហស្បត្តិ៍) ដដែល របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដោយបានចាត់ទុកករណី របស់មន្ត្រីទាំង៥រូប ថាជាការសម្រេច​របស់ តុលាកា​កម្ពុជា ដែលគ្មាននរណាម្នាក់ មានសិទ្ធិលូកដៃចូលបានឡើយ។

សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យ​ក្រសួងការបរទេសកម្ពុជា បានសរសេរថា៖ «សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ជាការរំលោភបំពានយ៉ាងច្បាស់ លើអនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីទំនាក់ទំនងការទូត មាត្រា៤១ (១) ដែលចែងថា រាល់បេសកកម្មការទូតទាំងអស់ (ត្រូវ)មានកាតព្វកិច្ចគោរពច្បាប់ និងបទបញ្ជានានារបស់រដ្ឋ ដែលខ្លួនតាំងនៅ ហើយពួកគេមានកាតព្វកិច្ច មិនលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់រដ្ឋនោះឡើយ»។

ជាចម្លើយតបវីញ នៅថ្ងៃទី៥ ខែឧសភានេះ លោក លោក ហ្សក អេហ្គា បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា បើករណីនេះ មិនត្រូវបានដោះស្រាយ ឬទទួលលទ្ធផលជាដុំកំភួនទេនោះ សហភាពអឺរ៉ុបនឹងជំរុញករណីនេះ ដាក់ទៅក្នុងកិច្ចប្រជុំត្រួតពិនិត្យជាសាកល នៅឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដែលធ្វើឡើង ជារៀងរាល់២ឆ្នាំម្ដង។ នៅក្នុងកិច្ចប្រជុំនោះ រដ្ឋាភិបាលកម្ពុជានឹងត្រូឆ្លើយតប ពីករណីនេះដោយផ្ទាល់។

ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប បានថ្លែងឲ្យដឹងថា៖ «នេះគឺជាក្ដីកង្វល់របស់យើង ហើយក្ដីកង្វល់នេះ ត្រូវបានយើងលើកឡើង នៅក្នុងការប្រជុំចម្រុះជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១៦ កន្លងទៅ។ នោះ ក៏ជាអ្វីមួយ ដែលមានចែងក្នុងកិច្ចព្រមព្រៀង និងអនុសញ្ញា ដែលកម្ពុជា ជាប្រទេសហត្ថលេខី។ ហើយយន្ដការ នៃកិច្ចប្រជុំត្រួតពិនិត្យជាសាកលនោះ ជាយន្ដការមួយ ដែលអនុញ្ញាត ឲ្យប្រទេស​ជាសមាជិករបស់អង្គការសហប្រជាជាតិ ធ្វើការឆ្លើយតប នូវអ្វីដែលជាការលើកឡើង របស់ប្រទេស ឬសមាជិកផ្សេងៗទៀត ជាពិសេសទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស។»។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧បានសម្រេចបន្តឃុំខ្លួនមន្ត្រីទាំង៥រូប មានអ្នកស្រី លឹម មុនី្ន លោកណៃ វ៉ង់ដា លោក នី សុខា លោក យី សុខសាន្ត និងលោក នី ចរិយា (អតីតអ្នកការពារសិទ្ធិមនុស្សអាដហុក និងបច្ចុប្បន្នជាអគ្គលេខាធិការរង គ.ជ.ប) ចំនួនប្រាំមួយខែបន្ថែមទៀត។ តុលាការបានឃុំខ្លួនក្រុមមន្ត្រីទាំងនេះ អស់រយៈពេលមួយឆ្នាំមកហើយ ដោយមិនទាន់មានការជំនុំជម្រះ នៅក្នុងសំនុំរឿង «សូកប៉ាន់សាក្សី» ដែលជាប់ទាក់ទង ក្នុងរឿងអាស្រូវស្នេហារ រវាងជាងធ្វើសក់ម្នាក់ ឈ្មោះ ខុម ចានតារាទី និង(អតីតអនុ)ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា។

ស្ថាប័នអន្តរជាតិជាច្រើន ដូចយ៉ាងក្រុម​ការងារ​​ទទួល​​បន្ទុក​ផ្នែក​​ ការ​​ឃុំឃាំង​មនុស្ស ដោយគ្មាន​​ការជំនុំជម្រះ និងអ្នករាយការណ៍​ពិសេស [ពីបញ្ហា​សិទ្ធិ​មនុស្ស នៅកម្ពុជា] របស់​​អង្គការ​​សហប្រជាជាជាតិ បាន​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត ទៅកាន់រដ្ឋាភិបាលកម្ពុជា សុំឲ្យមានការ​ដោះលែង​ពួកគេ ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។ ស្ថាប័នទាំងនោះ ថែមទាំងស្នើសុំ ឲ្យបញ្ឈប់នូវរាល់​ការ​តាម​យាយី ដោយ​ប្រព័ន្ធ​តុលាការ ដែល​ក្រុម​អ្នក​ធ្វើការ ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា តែង​រង​គ្រោះ ដោយសារតែ​ពួកគេបានធ្វើ​ការងារ​​ស្រប​ច្បាប់ ផ្នែក​សិទ្ធិមនុស្ស តែប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...