ពលរដ្ឋខ្មែរ-អាមេរិក ប្រមូលគ្នាធ្វើបាតុកម្មនៅមុខ អ.ស.ប ក្នុងថ្ងៃសុក្រនេះ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២២ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 22, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការសំដែងមតិ របស់សហគមន៍ខ្មែរនៅក្រៅស្រុក ដើម្បីទាមទារ ឲ្យដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលត្រូវបានអាជ្ញាធររដ្ឋាភិបាល ចាប់ខ្លួនយកទៅឃុំ កាលពីពីរសប្ដាហ៍មុន កំពុងបន្តមានសន្ទុះទៅមុខ និងមានគម្រោងធ្វើ ក្នុងថ្ងៃសុក្រទី២២ ខែកញ្ញានេះ វេលាម៉ោង១១ព្រឹក (ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២២យប់ ថ្ងៃដដែល ម៉ោងក្នុងប្រទេសកម្ពុជា) នៅខាងមុខទីស្នាក់ការអង្គការសហប្រជាជាតិ កណ្ដាលទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។
ការជួបជុំគ្នា ធ្វើបាតុកម្ម របស់ពលរដ្ឋខ្មែរ-អាមេរិកាំងទាំងនេះ បានគ្រោងធ្វើនៅចំពេល ដែលអង្គការពិភពលោកមួយនេះ កំពុងធ្វើមហាសន្និបាត លើកទី៧២ របស់ខ្លួន ដោយមានវត្តមានចូលរួម ពីសំណាក់ប្រទេស និងរដ្ឋជាសមាជិក រាប់ទាំងប្រទេសកម្ពុជាផង។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស នឹងតំណាងឲ្យប្រទេសកម្ពុជា ដើម្បីឡើងថ្លែង នៅចំពោះអង្គមហាសន្និបាតប្រចាំថ្នាំនេះ។
» ប្រកាសស្ដីពីបាតុកម្ម នៅខាងមុខទីស្នាក់ការ អ.ស.ប ក្នុងទីក្រុងញ៉ូយក សហរដ្ឋអាមេរិក៖
តំណាងអ្នករៀបចំបាតុកម្មម្នាក់ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីថ្ងៃម្សិលម៉ិញថា បាតុកម្មរបស់ពលរដ្ឋខ្មែរ-អាមេរិកាំងនេះ មិនសំខាន់ថា មានវត្តមានលោក ប្រាក់ សុខុន ឬអត់នោះទេ ប៉ុន្តែជាបាតុកម្ម ដើម្បីបរិហារលើចំណាត់ការថ្មីៗ និងចុងក្រោយបង្អស់ របស់រដ្ឋាភិបាលកម្ពុជា ប្រាប់ទៅពិភពលោក ជាពិសេសប្រាប់ទៅ បណ្ដាប្រទេសមហាអំណាច និងប្រទេសម្ចាស់ហត្ថលេខី នៃសន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១។
តំណាងបាតុកររូបនោះ បានថ្លែងឡើង ពីគោលបំណងចំនួន ២ នៃការធ្វើបាតុកម្មថា (១) ស្នើសុំឲ្យពិភពលោក ធ្វើអន្តរាគមន៍ ដើម្បីដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ (២) ស្នើសុំឲ្យពិភពលោក ជួយធានាធ្វើយ៉ាងណា ឲ្យមានការបោះឆ្នោត ដោយត្រឹមត្រូវ និងយុត្តិធម៌ សម្រាប់គ្រប់ភាគីទាំងអស់ ក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៨។
បាតុកម្មនៅខាងមុខ ទីស្នាក់ការ អ.ស.ប ជាបាតុកម្មមួយទៀត នៅក្នុងចំណោមបាតុកម្មច្រើនទៀត ដែលសហគមន៍ខ្មែរនៅក្រៅស្រុក គ្រោងធ្វើក្នុងសប្ដាហ៍នេះ និងសប្ដាហ៍ខាងមុខ។ នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ពលរដ្ឋខ្មែរ នៅអ៊ឺរ៉ុប បានគ្រោងធ្វើបាតុកម្ម ក្នុងគោលបំណងប្រហាក់ប្រហែលគ្នា នៅខាងមុខឧត្តមស្នងការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដែលស្ថិតនៅទីក្រុង ហ្សឺណែវ ប្រទេសស្វ៊ីស។ ខណៈបាតុកម្ម របស់សហគមន៍ខ្មែរ ក្នុងប្រទេសកូរ៉េខាងត្បូង នឹងត្រូវរៀបចំធ្វើ នៅថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០១៧ ដើមខែក្រោយ៕
» ប្រកាសស្ដីពីបាតុកម្ម នៅមុខឧត្ដមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងទីក្រុង ហ្សឺណែវ ប្រទេសស្វីស៖
» ប្រកាសស្ដីពីបាតុកម្ម នៅក្នុងរដ្ឋធានី សេអ៊ូល សហរដ្ឋអាមេរិក៖