ហ៊ុន សែន សួរ ខៀវ កាញារីទ្ធ ថា​«មាន​គ្រាប់​ភ្នែក»​មើល​ឬទេ?

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានគ្រាប់ភ្នែកដល់ទៅពីរ តែមិនបើកមើល! នេះបើតាមសំណួរ​ចោទ​ឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-​ប្រធានគណបក្សប្រជាជនកម្ពុជា ទាក់ទង​នឹង​ការ​ថ្លែង​ឡើង​របស់លោករដ្ឋមន្ត្រី ដែលថាមិនដឹង«ការតែងតាំង​ចេញពីណា» ទាក់ទងនឹងការតែងតាំងអគ្គនាយកថ្មី របស់​ទូរទស្សន៍​ជាតិ​កម្ពុជា ជំនួស​លោក កឹម គុណវឌ្ឍ ដែល​ត្រូវ​ចូល​និវត្តន៍។
ហ៊ុន សែន សួរ ខៀវ កាញារីទ្ធ ថា​«មាន​គ្រាប់​ភ្នែក»​មើល​ឬទេ?
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 13, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការលើកឡើងរបស់រដ្ឋមន្ត្រីព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅក្នុងរយៈពេលចុងក្រោយនេះ ទំនង​ជា​បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ។ ក្នុងចំណោមនោះ យ៉ាង​ហោចណាស់ មានការលើកឡើង​មួយ​របស់​​លោក ខៀវ កាញារីទ្ធ បានបញ្ឆេះ​នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង​នៅកម្ពុជា ឲ្យ​ច្រឡោត​ឡើង។

នោះ គឺការចោទសួរ របស់លោក ខៀវ កាញារីទ្ធ ជុំវិញការតែងតាំងលោក ឃឹម វុទ្ឋី ឲ្យឡើងធ្វើ​ជា​អគ្គ​នាយក​​ទូរទស្សន៍ជាតិ (ទទក) ថ្មី ជំនួសលោក កឹម គុណវឌ្ឃ ដែលចូលនិវត្តន៍នោះ ចេញមកពីណា។ នៅ​ចំពោះ​ការ​បង្ហោះព័ត៌មាននោះ នៅលើទំព័រហ្វេសប៊ុករបស់លោក កឹម គុណវឌ្ឍ នោះ លោក ខៀវ កាញារីទ្ធ បាន​​សរសេរ​ប្រតិកម្ម​ឡើងថា៖ «ហេតុអីខ្ញុំអត់ដឹងសោះអញ្ចឹង ? តើចេញតាមណាវិញ ? ព្រោះ​អត់​មាន​អ្នកណា​មក​ឆ្លង​យោបល់ ឬ សុំមតិ​ឯកភាព​ផង។»។

សំណេរខាងលើ របស់លោករដ្ឋមន្ត្រី ត្រូវបានសារព័ត៌មានក្នុងស្រុកជាច្រើន យកមកសរសេរ​ផ្សាយ​យ៉ាង​គគ្រឹក​គគ្រេង តាំងពីម្សិលម៉ិញមក។

ដោយទំនងជាមូលហេតុនេះ ទើបលោក ហ៊ុន សែន បានសរសេរពន្យល់ ដោយប្រើពាក្យខ្លាំងៗ នៅលើ​ទំព័រហ្វេសប៊ុករបស់លោក និង​បានចោទ​សួរ​ទៅវិញ ដោយមិនចំឈ្មោះ ថាតើមានគ្រាប់​ភ្នែក​មើល​ឬទេ? បុរស​ខ្លាំងកម្ពុជា បានសរសេរថា៖ «តើមានគ្រាប់ភ្នែកមើលព្រះរាជក្រឹត្យ ដែលចែងថា "បាន​ទ្រង់យល់​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ របស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាណាចក្រកម្ពុជា" ​ឬទេ?​»។

លោក ឃឹម វុទ្ឋី ត្រូវបានតែងតាំង ឲ្យក្លាយជាអគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ​កម្ពុជា  ជំនួស​លោក កឹម គុណវឌ្ឍ តាមព្រះរាជក្រឹត្យមួយ ចុះ​ព្រះ​ហស្ថលេខា​ដោយ​ព្រះមហាក្សត្រ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១០ ខែ​មិថុនា​នេះ។

ដោយភ្ជាប់មកជាមួយ លិខិតស្នាមផ្លូវការជាច្រើននោះផង លោក ហ៊ុន សែន បានពន្យល់ ពីអំណាច​ដ៏ធំធេង និង​ការសម្រេចរបស់លោកដូច្នេះថា៖ «តើ​នាយករដ្ឋមន្ត្រី មានសិទ្ធិបដិសេធសំណើរ របស់​រដ្ឋមន្រ្តី ក្នុងការ​សុំ​តែង​តាំង​មន្ត្រីឬទេ? ហើយនាយករដ្ឋមន្ត្រីមានសិទ្ធិជ្រើសរើស មន្ត្រីជំនួសមន្ត្រី ដែល​ខ្លួន​មិន​ឯកភាពឬទេ? តើ​នាយករដ្ឋមន្ត្រី​មានការចាំបាច់ អង្គុយរង់ចាំពិគ្រោះ ជាមួយរដ្ឋមន្ត្រី​ដែល​ហៅ​ទូរស័ព្វ ៥ ដង មិនចូលឬទេ?​ និង​នាយក​រដ្ឋមន្ត្រី​ពិគ្រោះ​យោបល់ ជាមួយរដ្ឋមន្ត្រីក្រសួង​មុខ​ងារ​សាធារណៈ ដែលជាអ្នកធ្វើសំណើរ តាម​ការ​ស្នើ​សុំ​របស់ក្រសួងព័ត៌មាន សុំតែងតាំងលោក ខ្វៃ អាទិត្យា​ ប​ន្តពី​​លោក​ កឹម គុណវឌ្ឍន៍​ ដែលត្រូវចូលនិវត្តន៍​គ្រប់​គ្រាន់​​ឬទេ?»។

«សុំចងចាំ​ កុំល្ងង់ពេក»

លោក ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «បើពុំមានសំណើរ ពីនាយករដ្ឋមន្ត្រី ព្រះមហាក្សត្រ​ព្រះអង្គ​នឹង​មិន​ឡាយ​​ព្រះហស្ថលេខាទេ។​ សុំចងចាំ​ កុំល្ងង់​ពេក។ ពន្យល់ប៉ុណ្ណឹង​គ្រប់គ្រាន់ហើយឬនៅ? ឬចាំ​បាច់​ឲ្យខ្ញុំពន្យល់ ពី​ច្បាប់​ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណះរដ្ឋមន្ត្រី និងច្បាប់ផ្សេងទៀត ដែល​​ទាក់ទង​​​ដល់ការងារ​គ្រប់​គ្រង​រដ្ឋ?»។

លោក ខៀវ កាញារីទ្ធ ជារដ្ឋមន្ត្រីដ៏សំខាន់ និងចាស់រស្សាមួយរូប នៅក្នុងរដ្ឋាភិបាលលោក ហ៊ុន សែន ហើយ​លោករដ្ឋមន្ត្រី ក៏ជាសមាជិកជាន់ខ្ពស់ នៅ​ក្នុង​គណបក្ស​​ប្រជាជន​​កម្ពុជា ដែលកាន់អំណាច​នៅ​កម្ពុជា តាំង​ពី​ជិត​៤០ឆ្នាំនោះមកដែរ។ ប៉ុន្តែនៅក្រោយការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី៤​នេះ លោក ខៀវ កាញារីទ្ធ បានក្លាយជារដ្ឋមន្ត្រីតែមួយគត់ ដែលហ៊ានលើកឡើង​ជា​សាធារណៈ ពីចំណុច​អសកម្ម​មួយ​ចំនួន ដែលបណ្ដាល​ឲ្យគណបក្ស​ប្រជាជនកម្ពុជា ធ្លាក់សម្លេង​ឆ្នោត។

កាលពីថ្ងៃទី៨ ខែមិថុនា លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានយកសំដីរបស់អ្នកជំនាញមួយរូប មក​បង្ហោះ​​​​នៅលើ​បណ្ដាញ​សង្គម ទាក់ទង​នឹងការគម្រាម​ធ្វើ​សង្គ្រាម របស់លោក ហ៊ុន សែន និង​មេ​ដឹក​នាំ​យោធា ប្រសិនណា​ជា​គណបក្ស​​ប្រជាជនកម្ពុជា​​​ចាញ់ឆ្នោតថា៖ «ប្រជាជនយើង​មាន​ប្រហែល​៧០% កើត​ក្រោយ ០៧ មករា ១៩៧៩ ហើយអ្វីដែលពួកគាត់ចង់បាន គឺការយកចិត្តទុករបស់ CPP ទៅលើ​អនាគត និងយុវជន ហើយ​យុវជន​​មិន​ខ្លាច​សង្រ្គាមទេ បើ​កាន់​តែគំរាម យុវជនកាន់ផ្គើន»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...