ហ៊ុន សែន រំលឹកថ្ងៃខួបលើកទី៤៣ នៃការធ្លាក់ខ្លួនពិការភ្នែក
- ដោយ: សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ មេសា ២០១៨
- កែប្រែចុងក្រោយ: April 16, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសខ្លាំងកម្ពុជា ដែលអង្គុយនៅក្នុងតំណែង ជានាយករដ្ឋមន្ត្រី តាំងពី៣៣ឆ្នាំមកនោះ បានធ្លាក់ខ្លួនពិការភ្នែក តាំងពីថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ នៅក្នុងព្រឹត្តិការណ៍សង្គ្រាមបង្ហូរឈាម ដែលកាលនោះ ធ្វើឡើងរវាងកងទ័ពខ្មែរក្រហម និងកងទ័ពសាធារណរដ្ឋខ្មែរ។ មកដល់ថ្ងៃនេះ មានរយៈពេល៤៣ឆ្នាំកន្លងទៅហើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកព្រឹត្តិការណ៍នោះ ក្នុងព្រឹកថ្ងៃនេះ នៅលើបណ្ដាញសង្គមដូច្នេះថា៖ «ខ្ញុំនៅចាំបានថា ម៉ោង៦ និង១៥នាទីព្រឹកថ្ងៃ១៦មេសា១៩៧៥ មានការប្រយុទ្ឋស្លាប់រស់ នៅសមរភូមិប៉មទន្លេរបិទ ដែលពេលនេះក្បែគល់ស្ពានគីស្យូណា។ ពេលនោះហើយ ដែលខ្ញុំត្រូវរបួសជាលើកទី៥ នៃការប្រយុទ្ឋ១០៥លើក ក្នុងរយះពេល៥ឆ្នាំ នៃការប្រយុទ្ឋជាមួយពួកបរទេសឈ្លានពាន និងបរិវារ។»
លោក ហ៊ុន សែន ដែលធ្លាប់ជាមេទាហានរបស់កងទ័ពខ្មែរក្រហម បានយកខួប៤៣ឆ្នាំនេះ មករំលឹកមនុស្សជំនាន់ក្រោយ តាមរយៈសារនយោបាយមួយ ដែលលោកអះអាង ពី«ជម្រើស»។ លោកបន្តសរសេរថា៖ «យុវជនជំនាន់មុន បានក្លាយជាចំណាប់ខ្មាំង នៃសង្រ្គាម ដែលគ្មានសិទ្ឋិជ្រើសរើស ដូចយុវជនសម័យសន្តិភាពនេះឡើយ។ សូមរួមគ្នារក្សាសន្តិភាព ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍ។ សូមទប់ស្កាត់ កុំឲ្យសង្រ្គាមកើតឡើងវិញ ទោះត្រូវបង់ថ្លៃប៉ុណ្ណាក៏ដោយ។»។
ផ្ទុយទៅវិញ ពាក្យ«ជម្រើស»នេះ ក៏ត្រូវបានមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ថ្លែងឡើង កាលពីចុងសប្ដាហ៍មុន ក្នុងប្រទេសជប៉ុនដែរ។ ប្រធានចលនាសង្គ្រោះជាតិ បានថ្លែងឡើងថា ជម្រើសរបស់យុវជន នៅក្នុងសម័យនេះ គួរតែជាជម្រើស ក្នុងការជ្រើសរើសថ្នាក់ដឹកនាំ ការជ្រើសរើសអនាគត ឬការជ្រើសរើសផ្នែកសេដ្ឋកិច្ច ដើម្បីជាប្រយោជន័សម្រាប់យុវជនផ្ទាល់ និងគ្រួសារបស់ពួកគេ តែមិនមែនជាជម្រើស ដើម្បីឲ្យ«ជនផ្ដាច់ការ»ណាម្នាក់ នៅបន្តក្រាញអំណាច អស់មួយជីវិត ឬនៅបន្តផ្ទេរអំណាច ពីខ្លួនទៅឲ្យកូនចៅខ្លួននោះទេ៕