តំណាងថៅកែ៖ និយោជកមិនអាចផ្តល់ប្រាក់ខែ ១៦០ដុល្លារដាច់ខាត
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: December 26, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះបីជាមានការធ្វើបាតុកម្មស្ទើរគ្រប់រោងចក្រទាំងអស់នៅក្នុងប្រទេសកម្ពុជា ពីសំណាក់ក្រុមបាតុករ ដើម្បីទាមទារប្រាក់ខែគោល ១៦០ ដុល្លារយ៉ាងណាក៏ដោយ ក៏តំណាងថៅកែរោងចក្រកាត់ដេរជាច្រើននៅកម្ពុជា នៅតែអះអាងថា ពួកគេមិនអាចតម្លើងប្រាក់ខែជូនកម្មករនិយោជិក ១៦០ ដុល្លារបានឡើយ ពីព្រោះហួសពីលទ្ធភាពរបស់ពួកគេ។
សន្និបាតប្រចាំឆ្នាំរបស់សមាគមរោងចក្រកាត់ដេរនិងស្បែកជើងនៅកម្ពុជា កាលពីខែមិនាឆ្នាំ២០១៣។ (រូបថត gmac-cambodia.org)
វិស័យកាត់ដេរ - កម្មករស្ទើរគ្រប់រោងចក្រទាំងអស់នៃប្រទេសកម្ពុជា បានចេញដើរដង្ហែក្បួនតាមដងផ្លូវជាច្រើន នៅថ្ងៃព្រហស្បតិ៍នេះ ពាសពេញរាជធានីភ្នំពេញតែម្តង ដើម្បីប្រឆាំងទៅនឹងសេចក្តីសម្រេច របស់ក្រុមប្រឹក្សាការងារកាលពីថ្ងៃអង្គារទី ២៤ ខែធ្នូកន្លងទៅ ដែលសម្រេចផ្តល់ប្រាក់ឈ្នួលអប្បបរិមាសម្រាប់កម្មករត្រឹមតែ ៩៥ ដុល្លាក្នុងមួយខែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយបើទោះបីជា មានការទាមទាររបស់ក្រុមកម្មករ ឲ្យថៅកែរោងចក្រតម្លើងប្រាក់ខែជូនកម្មករ ១៦០ ដុល្លារបែបនេះក្តី ក៏ភាគីនិយោជកនៅតែអះអាង ពី«អលទ្ធភាព»របស់ខ្លួនក្នុងការតម្លើងជូនកម្មករ ១៦០ ដុល្លារជាដាច់ខាត។
លោក ជាតិ ខេមរា មន្រ្តីជាន់ខ្ពស់សមាគម (ថៅកែ) រោងចក្រកាត់ដេរ និងស្បែកជើងនៅកម្ពុជា ឬហៅកាត់តាមភាសាអង់គ្លេសថា ជីម៉ាក (GMAC) បានថ្លែងថា ការទាមទាររបស់កម្មករដែលចង់បានប្រាក់ខែរហូតដល់ ១៦០ ដុល្លារក្នុងមួយខែនោះ គឺជាការទាមទារច្រើនហួសប្រមាណ ដែលខាងនិយោជកមិនអាចទទួលយកបាននោះទេ។ លោកថា សម្រាប់បរិបទប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះខាងថៅកែរោងចក្រ គ្មានលទ្ធភាពផ្តល់ជូនកម្មករដល់ទៅ ១៦០ ដុល្លារជាដាច់ខាត។
តំណាងថៅកែរោងចក្ររូបនេះបន្តថា ការធ្វើកូដកម្ម ឬបាតុកម្ម ទាមទាររបស់ក្រុមកម្មករ គឺជាសិទ្ធិរបស់ពួកគេ។ ក៏ប៉ុន្តែថៅកែមិនអាចបំពេញបំណងបានឡើយ ពីព្រោះថា នៅកម្ពុជាភាគច្រើនអ្នកវិនយោគ ក្នុងវិស័យកាត់ដេរគឺសុទ្ធសឹងតែជាជនជាតិបរទេស ដែលមានរហូតទៅដល់ ៩៥ ភាគរយឯណោះ។ ម្យ៉ាងទៀត នៅកម្ពុជាខាងថៅកែរោងចក្រ មិនសូវបានចំណេញដូចជានៅប្រទេសចិន វៀតណាម និងថៃឡើយ ពោលគឺគេទទួលបានចំណេញតិចតួចណាស់។ ម្លោះហើយ ប្រសិនបើភាគីខាងថៅកែរោងចក្រ តម្លើងជូនដល់កម្មករចំនួន ១៦០ ដុល្លារភ្លាមៗនោះ ពួកគេពិតជាមិនអាចធ្វើទៅរួចឡើយ។
យ៉ាងណាក៏ដោយជុំវិញបញ្ហានេះ ក្រុមសហជីពមួយចំនួនបានអះអាងថា បច្ចុប្បន្ននេះរដ្ឋាភិបាល និងភាគីខាងថៅកែរោងចក្រ ពិតជាមានសមត្ថភាពអាចតម្លើងប្រាក់ខែជូនកម្មករបានយ៉ាងហោចណាស់ចំនួន ១៦០ ដុល្លារក្នុងមួយខែយ៉ាងពិតប្រាកដ ប្រសិនបើពួកគេមានឆន្ទៈក្នុងការដោះស្រាយ ដោយរដ្ឋាភិបាលគ្រាន់តែលុបបំបាត់ អំពើពុកលុយ យកលុយហុចតាមក្រោមតុ នៅក្នុងវិស័យវាយនភ័ណ្ឌនេះឲ្យមានប្រសិទ្ធភាពតែប៉ុណ្ណោះ។
ក្រុមអ្នកសិក្សាស្រាវជ្រាវបានរកឃើញថា សម្រាប់បរិបទប្រទេសកម្ពុជាសព្វថ្ងៃ កម្មករនិយោជិតគួរទទួលបានប្រាក់បៀវត្សរ៍ប្រមាណពី ១៦០ ទៅ១៧០ ដុល្លារទើបពួកគេអាចទ្រទ្រង់ជីវភាពរស់នៅប្រឆាំងថ្ងៃបាន។ ប្រសិនបើពួកគេទទួលបានប្រាក់ខែអប្បបរិមា មិនដល់ ១៦០ ដុល្លារក្នុងមួយខែ ពួកគេនឹងប្រឈមមុខនឹងការខ្វះខាតគ្រប់បែបយ៉ាង នៅក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ ពីព្រោះថា តម្លៃទំនិញលក់នៅលើទីផ្សារ មានតម្លៃខ្ពស់មិនសមមាត្រនឹងប្រាក់ខែរបស់ពួកគេឡើយ៕
---------------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ