ម៉ម សូណង់ដូរ៖ បាតុកម្ម​ត្រូវ​សង្គ្រោះ​«ជាតិ» មិន​មែន​សង្គ្រោះ​អាត្មា​ទេ

«ពូមកចូលរួម គ្រាន់តែជាអ្នកឃ្លាំមើលទេ។ (...) ពូនឹងចូលរួមមែនទែន លុះត្រាតែលោក សម រង្សី ក៏ដូចជាលោក កឹម សុខា មកជជែកគ្នាជាមួយពូឲ្យបានច្បាស់ និងដាក់ទិសដៅថាតើត្រូវធ្វើខ្លះ? (...) ពូកំពុងតែត្រៀមខ្លួនជានិច្ច ក្នុងការ​តស៊ូជាមួយប្រជាពលរដ្ឋ។ (...) បាតុកម្មនេះហាក់ដូចជាដើរទៅរក ទិសដៅមួយដែលមិនច្បាស់លាស់។ ថាតើត្រូវ​ដើរ​ទៅណា?»។ ខាងលើនេះជាការលើកឡើងរបស់លោក ម៉ម សូណង់ដូរ ប្រធានស្ថានីវិទ្យុសម្បុកឃ្មុំនៅទីលាន​ប្រជាធិបតេយ្យ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: December 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ពូមកចូលរួម គ្រាន់តែជាអ្នកឃ្លាំមើលទេ។ (...) ពូនឹងចូលរួមមែនទែន លុះត្រាតែលោក សម រង្សី ក៏ដូចជាលោក កឹម សុខា មកជជែកគ្នាជាមួយពូឲ្យបានច្បាស់ និងដាក់ទិសដៅថាតើត្រូវធ្វើខ្លះ? (...) ពូកំពុងតែត្រៀមខ្លួនជានិច្ច ក្នុងការ​តស៊ូជាមួយប្រជាពលរដ្ឋ។ (...) បាតុកម្មនេះហាក់ដូចជាដើរទៅរក ទិសដៅមួយដែលមិនច្បាស់លាស់។ ថាតើត្រូវ​ដើរ​ទៅណា?»។ ខាងលើនេះជាការលើកឡើងរបស់លោក ម៉ម សូណង់ដូរ ប្រធានស្ថានីវិទ្យុសម្បុកឃ្មុំ​នៅទីលាន​ប្រជាធិបតេយ្យ។


លោក ម៉ម សូណង់ដូ នៅទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ O. Vary)

សម្ភាស - ជាមួយនឹងកិច្ចស្វាគមន៍ របស់ប្រជាពលរដ្ឋជាច្រើន  លោក ម៉ម សូណង់ដូ បានថ្លែងពីទឹកចិត្តរបស់លោក ដែលចង់ចូលរួមជួយប្រជាពលរដ្ឋទាំងអស់ ដែលកំពុងតែចូលរួមធ្វើបាតុកម្មនេះថា លោកក៏កំពុងតែរង់ចាំ និងក៏សូម​ឲ្យលោក សម រង្ស៊ី ក៏ដូចជាលោក កឹម សុខា ចូលមក ធ្វើការបង្ហាញពីទិសដៅរបស់ខ្លួនឲ្យបានច្បាស់លាស់ នៅក្នុង​វិទ្យុសម្បុកឃ្មុំ ដើម្បីប្រកាសជាសាធារណៈជូនដល់ប្រជាពលរដ្ឋទូទៅ ឲ្យបានដឹងពីគោលបំណង ទិសដៅ ឆន្ទៈ និង​យុត្តិសាស្រ្តដ៏ពិតប្រាកដនៃការធ្វើបាតុកម្មនេះថា ត្រូវធ្វើអ្វីខ្លះដែលប្រាកដប្រជា ហើយការធ្វើនេះនឹងមាន​«ជោគជ័យ» មិនមែនធ្វើឡើងដោយ«ងងិតងងុល»នោះ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងកាលពីដើមសប្ដាហ៍នេះ ខណៈប្រធានវិទ្យុសម្បុកឃ្មុំរូបនេះ បានចូលទៅសួរ​សុខទុក្ខពីការស្នាក់នៅ និងហូបចុក របស់ប្រជាលរដ្ឋ ដែលបានចូលរួមធ្វើបាតុកម្មជាមួយ គណបក្សសង្គ្រោះជាតិ​នៅ​ទីលានប្រជាធិបតេយ្យ។

ជាមួយនឹងការប្រកាស ពីជំហរនៃការចូលរួមជួយ ដល់ប្រជាពលរដ្ឋទូទាំងប្រទេសជាមួយនឹងបាតុកម្មនេះ ប្រធាន​វិទ្យុសម្បុកឃ្មុំក្នុងវ័យកាន់តែជរារូបនេះ បានបន្ថែមថា ប្រសិនបើលោកនឹងចូលរួមមែននោះ មិនមែនមានន័យថា រូបលោកទៅ«ឆាឆៅ»ក្នុងយុត្តិសាស្រ្តនៃការដឹកនាំ របស់គណបក្សសង្គ្រោះជាតិនោះទេ។ តែលោកគ្រាន់តែស្នើសុំ ឲ្យមានការគិតគូរឲ្យបានច្បាស់លាស់ ពីរយៈពេលនៃការធ្វើបាកម្មនេះ។ លោកបានផ្តល់ជាអនុសាសន៍ថា ការមិន​មានគោលដៅ នឹងទិសដៅច្បាស់លាស់ពីរយៈពេល និងគោលបំណងពិតនៃការធ្វើបាតុកម្មនេះ ហើយរយៈពេល​មួយនេះកាន់តែអូសបន្លាយវែងទៅៗ លោកយល់ថា (វា)នាំឲ្យកាន់តែខើច និងការអស់សង្ឃឹម។ ភាពមិនច្បាស់​លាស់ ដែលអាចកើតមាននេះ ជាការធ្វើបាបដល់ប្រជាពលរដ្ឋ ហើយអាចនាំឲ្យប្រជាពលររដ្ឋចូលរួមនោះ អាចនឹង​ដាច់ខ្យល់បាន។

តទៅមុខ លោកក៏ស្នើរដល់ថ្នាក់ដឹកនាំនៃបាតុកម្មអហិង្សានេះថា កុំឲ្យដឹកនាំបាតុកម្មនេះនាំទៅដល់ការប៉ះទង្គិចគ្នា ដោយអចេតនា វាងបាតុករ (ប្រជាពលរដ្ឋ) ជាមួយនឹងសមត្ថកិច្ចដែលមានកាំភ្លើង ហើយថ្នាក់ដឹកនាំនៃបាតុកម្មនេះ បែរជារត់យករួចខ្លួននោះ។ លោកបានថ្លែងថា (វា)មិនមែន«សង្គ្រោះជាតិទេ តែជាការសង្គ្រោះអាត្មា»​ខ្លួនឯងទៅ​វិញនោះ។

ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់ជាចុងក្រោយថា ទោះបីជាបានចូលរួម ឬមិនបានចូលរួមដោយពេញទំហឹង ជា​មួយនឹងចលនាប្រជាពលរដ្ឋ ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិនេះក៏ដោយ លោកបានថ្លែងយ៉ាងដូច្នេះថា «ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំនឹងមិនទុកឲ្យប្រជាពលរដ្ឋ ត្រូវគេសម្លាប់ ដោយគ្មានការចូលរួមរបស់ខ្ញុំនោះទេ»។

ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចសុំ ការបញ្ជាក់ពីមន្រ្តីថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិបានទេ នា​រសៀល​​នេះដោយពួកលោកមិនទទួលទូរស័ព្ទ។ តែទោះជាយ៉ាងណាក៏ដោយ នាពេលកន្លងមក មេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ លោកសម រង្ស៊ី និងលោកកឹម សុខា តែងបានប្រកាសនូវជំហររបស់ខ្លួនថា នឹងស្វែងរកយុត្តិធម៌​សម្រាប់ប្រជា​ពលរដ្ឋម្ចាស់ឆ្នោត ដូចជាការជំរុញឲ្យមានការបោះឆ្នោតឡើងវិញ ការទាមទារឲ្យមានការ​បង្កើត​គណៈកម្មាធិការ​ឯករាជ្យមួយក្នុងការពិនិត្យ ការចុះឈ្មោះ និងការបោះឆ្នោតជាដើម។

តែក្នុងពេលថ្មីៗនេះថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិ ក៏បានដាក់នូវគោលបំណងថ្មីមួយចំនួនបន្ថែម លើការ​ទាមទារខាងលើគឺស្នើរឲ្យលោក ហ៊ុន សែន លាលែងពីតំណែងជានាយករដ្ឋមន្រ្តីក្នុងអាណត្តិទីប្រាំនេះ និងការ​តំឡើងប្រាក់បៀរវត្សសម្រាប់កម្មករ កម្មការិនីឲ្យបាន១៦០ ដុល្លាក្នុងមួយខែជាដើម។ ប៉ុន្តែសម្រាប់រយៈពេល​នៃ​ការធ្វើបាតុកម្មនេះវិញ មេដឹកនាំគណបក្សប្រឆាំង បាននិយាយថា នឹងអាចធ្វើរហូតទាល់តែការទាមទារ​ទាំងអស់​ខាងលើនេះ ទទួលបានផ្លែផ្កា។

តែមេដឹកនាំគណបក្សប្រឆាំង គប្បីសួរខ្លួនឯងថា ចុះបើលោក ហ៊ុន សែន រដ្ឋាភិបាលរបស់លោក ឬគណបក្ស​ប្រជាជនកម្ពុជា មិនយល់ព្រមវិញ តើនឹងមានអ្វីកើតឡើង?

--------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...