CNRP ស្នើឲ្យអនុវត្តមាត្រា៥ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស ១៩៩១ ដើម្បីប្រជុំចាត់វិធានការ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៦ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 06, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គណបក្សសង្គ្រោះជាតិ បានបង្ហាញជំហររបស់ផងខ្លួន បដិសេធរដ្ឋសភាកម្ពុជា ដែលបង្កើតឡើងពីម្សិលម៉ិញ និងរដ្ឋាភិបាលលោក ហ៊ុន សែន ដែលបង្កើតឡើងនៅថ្ងៃនេះ ដោយហៅការបង្កើតស្ថាប័នជាតិទាំងពីរនេះ នឹងនាំតែភាពឈឺចាប់ ដល់ពលរដ្ឋខ្មែប៉ុណ្ណោះ។ គណបក្សប្រឆាំងដ៏សំខាន់មួយនេះ បានទាមទារឲ្យអនុវត្តមាត្រា ៥ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលសហប្រធាន នៃកិច្ចព្រមព្រៀងនេះ ត្រូវប្រជុំពិភាក្សាឡើងវិញ ដើម្បីស្វែងរកវិធានការសមស្រប ជាបន្ទាន់។
សេចក្ដីថ្លែងការណ៍របស់គណបក្ស ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន កាលពីមុននេះបន្តិច បានលើកឡើងថា រដ្ឋសភាឯកបក្ស ដែលត្រូវបានបង្កើតឡើង យ៉ាងចម្រូងចម្រាស កាលពីម្សិលម៉ិញ មុននឹងប្រសូតចេញ នូវរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក្នុងថ្ងៃនេះ បានកើតចេញ ពីការបោះឆ្នោតជាតិ ដែលគណបក្សប្រឆាំងហៅថា ក្លែងក្លាយ និងមិនបានឆ្លុះបញ្ចាំង ពីឆន្ទៈរាស្ត្រពិតប្រាកដទេ។
គណបក្សប្រឆាំង ដែលរងការរំលាយចោល ដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា កាលពីខែវិច្ឆិកាកន្លងទៅ បានអះអាងថា អវត្តមានរបស់ប្រទេសប្រជាធិបតេយ្យ ចំនួន៩ ដែលជាម្ចាស់ជំនួយ និងជាលំហទីផ្សារនាំចេញ ដ៏សំខាន់របស់កម្ពុជា នៅក្នុងការបង្កើតរដ្ឋសភា «ឯកបក្ស» កាលពីម្សិលម៉ិញ បានបង្ហាញច្បាស់ថា ប្រទេសទាំងនោះមិនទទួលស្គាល់ ភាពស្របច្បាប់ នៃរដ្ឋសភា និងរដ្ឋាភិបាល ដែលកើតចេញ ពីការបោះឆ្នោត«ក្លែងក្លាយ» ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨មុននេះឡើយ។
សេចក្ដីថ្លែងការណ៍បានសរសេរថា៖ «រដ្ឋឯកបក្ស ដែលលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បង្កើតឡើងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នឹងនាំឲ្យកម្ពុជា ត្រូវទទួលរងទណ្ឌកម្មផ្សេងៗ ពីសហគមន៍អន្តរជាតិ ហើយការបន្តដឹកនាំ របៀបនេះតទៅទៀត នឹងនាំតែការឈឺចាប់ ដល់ប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ»។
គណបក្សសង្គ្រោះជាតិ ស្នើឲ្យអនុវត្ត មាត្រា៥ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលសហប្រធាន នៃសន្និសីទក្រុងប៉ារីសស្ដីពីកម្ពុជាមួយនេះ ត្រូវធ្វើការប្រជុំពិភាក្សាជាបន្ទាន់ ក្នុងគោលបំណង «អនុម័តនូវវិធានការសមស្របទាំងឡាយ ដើម្បីធានាដល់ការគោរពការប្ដេជ្ញាចិត្ត របស់សហគមន៍អន្តរជាតិ និងដើម្បីនាំកម្ពុជា មកកាន់គន្លងប្រជាធិបតេយ្យ សេរី ពហុបក្សវិញ»។
នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ រដ្ឋសភានីតិកាលថ្មី បានបោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្ត លើសមាសភាពរដ្ឋាភិបាលថ្មី សម្រាប់អាណត្តិទី៦ និងអនុញ្ញាតឲ្យលោក ហ៊ុន សែន បានធ្វើជានាយករដ្ឋមន្ដ្រី ៥ឆ្នាំ បន្ដទៅមុខទៀត។ សមសភាពរដ្ឋាភិបាលអាណត្តិថ្មីនេះ មិនខុសគ្នាប៉ុន្មាន ពីរដ្ឋាភិបាលអាណត្តិមុនទេ ខណៈមន្ត្រីរដ្ឋាភិបាល និងមន្ត្រីយោធាជាច្រើននាក់ ត្រូវបានលោក ហ៊ុន សែន តំឡើងឋានៈឲ្យឡើងជាទេសរដ្ឋមន្ត្រី។
មាត្រា៥ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ ចែងថា៖ «នៅក្នុងទូទាំងដំណាក់កាលអន្តរកាល អេសអ៊ិនស៊ី "SNC" ជាតំណាងកម្ពុជានៅក្រៅប្រទេស ហើយត្រូវកាន់កាប់អសនៈកម្ពុជា នៅឯ អ.ស.ប នៅអង្គការជំនាញទាំងឡាយ របស់ អ.ស.ប និងនៅក្នុងស្ថាប័នអន្តរជាតិ និងនៅក្នុងបណ្ដាសន្និសីទអន្តរជាតិផ្សេងទៀត»។
ជារឿយៗ លោក ហ៊ុន សែន រួមនឹងមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ តែងធ្វើការបកស្រាយថា កិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១នេះ បានស្លាប់បាត់ទៅហើយ ដោយនិយាយសំដៅថា ភាគីជម្លោះកម្ពុជាមួយចំនួន បានស្លាប់ និងរលាយខ្លួនបាត់ហើយ។ មន្ត្រីរដ្ឋាភិបាលខ្លះទៀត បានអះអាងថា អ្វីដែលមានចែង នៅក្នុងកិច្ចព្រមព្រៀងនេះ ត្រូវបានដកស្រង់ ដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជា រួចស្រេចហើយ។
ប៉ុន្តែក្រុមអ្នកច្បាប់ និងអ្នកវិភាគទាំងឡាយ មិនបានគិតដូចលោក ហ៊ុន សែន និងក្រុមន្ត្រីរបស់លោកនោះទេ។ កិច្ចព្រមព្រៀងអន្តរជាតិមួយ ដែលមិនបានចែង ពីអាជ្ញាយុកាល មិនចេះស្លាប់ទេ លើកលែងតែភាគីហត្ថលេខី ឬតំណាងស្របច្បាប់ របស់ភាគីទាំងអស់ ត្រូវប្រជុំគ្នាឡើងវិញ ដើម្បីបិទបញ្ចប់កិច្ចព្រមព្រៀងនោះ។ ដូច្នេះ កិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១ នៅតែមានសុពលភាព ដូចមានទឡ្ហីករណ៍បញ្ជាក់ស្រាប់ គឺការិយាល័យស្នងការជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅតែមានវត្តមាន ក្នុងប្រទេសកម្ពុជា ហើយអ្នករាយការណ៍ពិសេស ពីស្ថាប័នអន្តរជាតិមួយនេះ នៅតែត្រូវបានតែងតាំង ជាបន្តបន្ទាប់។
បញ្ហាសំខាន់ គឺនៅត្រង់ថា តើពេលណា ទើបសហប្រធានសន្និសីទ នៃកិច្ចព្រមព្រៀងនេះ ដែលមានប្រទេសបារាំង និងប្រទេសឥណ្ឌូនេស៊ី សម្រេចចិត្តធ្វើប្រតិកម្ម ឆ្លើយតបទៅនឹងការទាមទារ របស់គណបក្សប្រឆាំង?