បក្សសង្រ្គោះជាតិ បន្តទទូចដាក់ស្ថាប័នបោះឆ្នោត ទៅជាស្ថាប័នធម្មនុញ
គណបក្សសង្រ្គោះជាតិ នៅតែទទូចដល់គណបក្សប្រជាជនកម្ពុជា ឲ្យដាក់ស្ថាប័នរៀបចំការបោះឆ្នោតទៅក្នុងរដ្ឋធម្មនុញ្ញ។ ការស្មើសុំនេះ នៅតែត្រូវបានគណបក្សប្រជាជនកម្ពុជាប្រកាន់ជំហរបដិសេធ។ ប៉ុន្តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យ បានលើកឡើងថា ការដាក់ស្ថាប័នរៀបចំការបោះឆ្នោតទៅក្នុងរដ្ឋធម្មនុញ្ញ មុនការស្មើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺជាការខុសនីតិវិធីច្បាប់។
រូបចម្លងពីអេក្រង់របស់គេហទំព័រគ.ជ.ប.។
នយោបាយកម្ពុជា - គណបក្សសង្រ្គោះជាតិ តាមរយៈសេចក្តីជូនដំណឹងមួយ ជូនទៅគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១៣ ខែមីនា នេះ បានលើកឡើងថា៖ «ការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត ឲ្យទៅជាស្ថាប័នរដ្ឋធម្មនុញ្ញដែលឯរាជ្យ និងមានការជ្រើសតាំងដោយរដ្ឋសភាតាមសម្លេងពីរភាគបី(២/៣) នៃសមាជិកសភាទាំងមូល គឺមានលក្ខណៈចាំបាច់ជាអាទិភាព សម្រាប់ការកែទម្រង់ការបោះឆ្នោត ដែលមិនអាចរំលងបាន»។
សេចក្តីជូនដំណឹងដដែលនោះ ក៏បានជំរុញឲ្យគណបក្សប្រជាជនកម្ពុជាពិចារណា លើសំណើររបស់គណបក្សសង្រ្គោះជាតិនេះ ដើម្បីពន្លឿនការចរចា ហើយក៏សុំពិនិត្យផងដែរលើលទ្ធភាព នៃការរៀបចំសិក្ខាសាលាថ្នាក់ជាតិ រួមគ្នាមួយឲ្យបានឆាប់ ដោយបើកទូលាយឲ្យមានការចូលរួមពីគ្រប់ភាគីជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធ លើការកែទម្រង់ស្ថាប័នបោះឆ្នោតនេះ។
ភ្លាមៗគណបក្សប្រជាជនកម្ពុជា មិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទេ ចំពោះសំណើររបស់គណបក្សសង្រ្គោះជាតិ។ តែលោក ព្រំ សុខា មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិ ក្នុងពេលចុងក្រោយបំផុតបាន អត្ថាធិប្បាយថា ការស្នើដាក់សា្ថប័នរៀបចំការបោះឆ្នោតទៅក្នុងរដ្ឋធម្មនុញ្ញ គឺមិនអាចទៅរួចទេ ព្រោះវាខុសច្បាប់ និងខុសគោលការណ៍រដ្ឋបាល។
អ្នកស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា លោក កែម ឡី បានពន្យល់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ការស្មើសុំរបស់គណបក្សសង្រ្គោះជាតិ ដាក់ស្ថាប័នរៀបចំការបោះឆ្នោតទៅក្នុងរដ្ឋធម្មនុញ្ញ មុនធ្វើវិសោធនកម្មរដ្ឋធនុញ្ញ គឺខុសរដ្ឋធម្មនុញ្ញ។ តែលោកកែម ឡី បញ្ជាក់ថា៖ «តែគណបក្សទាំងពីរ(បក្សប្រជាជន និងបក្សសង្រ្គោះជាតិ) អាចជជែកគ្នាលើផ្នែកនយោបាយបាន(...)។ ព្រមព្រៀងគ្នាក្រៅផ្លូវការទៅ ហើយដល់ពេលអនុម័ត ទោះពីភាគបី ឬហាសិបបូកមួយ គឺសភាត្រូវអនុម័តតាមកិច្ចព្រមព្រៀងនយោបាយ»។
តែសម្រាប់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ដែលមាន អង្គការសង្គមស៊ីវិលជាសមាជិកជាង១០ ក្នុងកម្មវិធីមួយ នៅថ្ងៃទី១២ ខែមីនា បានលើកទឹកចិត្ត ឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ធ្វើកំណែទម្រង់ការបោះឆ្នោត តាមរយៈការដាក់ស្ថាប័នបោះឆ្នោត ទៅជាស្ថាប័នធម្មនុញ្ញ ដើម្បីធានាភាពឯករាជ្យ របស់ស្ថាប័នបោះឆ្នោត។
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងក្នុងសិក្ខាសាលាមួយកាលពីពេលថ្មីៗនេះថា ការកែទម្រង់ការបោះឆ្នោត ក្នុងកាលៈទេសៈនេះ គឺចាំបាច់ត្រូវធានាថា នឹងធ្វើឲ្យមានភាពច្បាស់លាស់ និងរឹងមាំសម្រាប់ប្រទេសកម្ពុជា ដើម្បីការពារកុំឲ្យមានបញ្ហាការបោះឆ្នោតទៅថ្ងៃក្រោយ បើទោះជាបុគ្គលណា ឬគណបក្សនយោបាយណា ចូលរួមការបោះឆ្នោតក៏ដោយ៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ មីនា ២០១៤